ឈុតតំណាងជាតិ «រាជនីមហាអគ្គីទេវៈ» ដែល រី ស្រីនេត ជ្រើសរើសយកទៅប្រកួតនៅលើឆាក Miss Asia Pacific International 2026 ទទួលបាននូវជ័យជម្នះលំដាប់រងទី២ Best In National Costume។ អ្នកគាំទ្រជាច្រើនបានបង្ហាញការអបអរទៅកាន់បវរកញ្ញាតំណាងប្រទេសកម្ពុជាហើយដែលការខិតខំប្រឹងប្រែងរបស់ រី ស្រីនេត ចាប់ផ្តើមទទួលបានសមិទ្ធិផលដ៏ល្អមួយនៅក្នុងការប្រកួត។
.png)
នៅរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ វគ្គប្រកួតឈុតតំណាងជាតិនៃកម្មវិធី Miss Asia Pacific International 2026 លើកទី៦០ បានរកឃើញម្ចាស់ជ័យលាភីហើយដោយបានទៅលើឈុតតំណាងជាតិបវរកញ្ញាស្រីលង្កា លំដាប់រងទី១ បានទៅលើ ហ្វីលីពីន ដែលជាម្ចាស់ផ្ទះ និងលំដាប់រងទី២ បានទៅលើបវរកញ្ញាកម្ពុជា។ នៅក្នុងវគ្គនេះ រី ស្រីនេត បាននាំយកឈុត «រាជនីមហាអគ្គីទេវៈ» សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ។ តាមការអត្ថាធិប្បាយឈុតនេះជាឈ្មោះ ទេវៈមួយអង្គរដែលគ្រប់គ្រងដែនអគ្គី ដែលបង្កប់ដោយអំណាច និងភាពស័ក្ដិសិទ្ធិដ៏អស្ចារ្យ រក្សារពន្លឺនៃមនុស្សជីវៈភាពមនុស្សលោកមានន័យថា ធំធេង ខ្ពង់ខ្ពស់ លើសលប់ អគ្គី ជានិមិត្តរូបនៃភ្លើង ថាមពល កម្លាំង និងការកើតថ្មី ទេវៈអគ្គី សម្គាល់ដល់ទេវតា សុចរិត និងសិរីរុងរឿងលើសមនុស្សធម្មតា ដែលយើងតែងតែឃើញ ការប្រើប្រាស់ទៅលើពិធីធំៗសំខាន់ៗ ដូចជា ការថ្វាយព្រះអគ្គី អគ្គីភ្លើងគប់ជ័យ និង អគ្គីបំភ្លឺពីភាពជោគជ័យ។
ឈុត «រាជនីមហាអគ្គីទេវៈ» បង្កើតឡើងក្នុងទម្រង់សហសម័យទេវតាដ៏អស្ចារ្យដែលកើតពីភ្លើង និងកាន់កាប់អំណាចធំធេង ឈុតនេះបញ្ជាក់ពីថាមពលខ្លាំង ការផ្ទុះនៃពន្លឺ កម្លាំងចិត្តមិនចុះចាញ់ និងការកើតឡើងវិញដូចភ្លើង ដែលមិនអស់ពន្លឺ វាជានិមិត្តរូបនៃភាពរុងរឿង អំណាច និងភាពអស្ចារ្យ»។ ឈុតតំណាងជាតិរបស់ រី ស្រីនេត Miss Asia Pacific Cambodia 2026 រៀបចំដោយ Bong Both។

ទោះបីជាឈុតតំណាងជាតិរបស់ រី ស្រីនេត មិនបានជាប់លេខ១ ក្តីប៉ុន្តែលទ្ធផលនៃការជាប់លំដាប់រងទី២ Best In National Costume ក៏បានបង្ហាញថាឈុតរបស់កម្ពុជាក៏ស្ថិតនៅក្នុងចំណោមឈុតតំណាងជាតិដែលល្អផ្តាច់គេផងដែរ។
គួរបញ្ជាក់ផងដែរថាកម្មវិធី Miss Asia Pacific International គឺជាកម្មវិធីមួយដែលមានការរៀបចំតាំងពីយូរណាស់មកហើយដោយគោលដៅរបស់កម្មវិធីរួមមានការផ្តល់វេទិកាឱ្យស្ត្រីអភិវឌ្ឍជំនាញ ទំនុកចិត្ត ភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងសហគមន៍អន្តរជាតិ។ វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦៕










