Home ព័ត៌មានជាតិ ត្រីដែកសំណាង៖ ដុំដែកតូចមួយដែលជួយសង្គ្រោះប្រជាជនកម្ពុជារាប់សែននាក់ពីជំងឺស្លេកស្លាំង

ត្រីដែកសំណាង៖ ដុំដែកតូចមួយដែលជួយសង្គ្រោះប្រជាជនកម្ពុជារាប់សែននាក់ពីជំងឺស្លេកស្លាំង

120
0

 Lucky Iron Fish ឬ ត្រីដែកសំណាង គឺជាការបង្កើតថ្មីមួយដែលបានផ្លាស់ប្តូរជីវិត និងសុខភាពរបស់ប្រជាជនកម្ពុជាយ៉ាងច្រើន ជាពិសេសនៅតាមតំបន់ជនបទ ដែលធ្លាប់តែជួបប្រទះនូវបញ្ហាកង្វះសារធាតុដែក ឬជំងឺស្លេកស្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilcIkxcOFzJqRl4Ngh-WESPN3gN7E-NjKx0jNEYZsiPNP30RREh_ZSzFgkTbj-pb-N2vZu1qYkkI1kbxWczbtW3ReroD05DxKq8QILhTm47nmjTfER3Z8EECt7J0lM2yZxHBLUgm261aTeonHmnAeUMOF_aRbcwEdZOtCJ1Gmgok9O7YbpyuvEw-0sOno/s1200/photo_2026-08-22_13-38-45.jpg
ដើមឡើយ គំនិតនៃការបង្កើតត្រីដែកនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអ្នកស្រាវជ្រាវសញ្ជាតិកាណាដា លោក Gavin Armstrong និងលោក Christopher Charles ក្នុងអំឡុងពេលដែលពួកគាត់រៀបចំគម្រោងសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា។
 
 នៅក្នុងប្រទេសកម្ពុជា ការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋភាគច្រើនមិនមានជាតិដែកគ្រប់គ្រាន់នោះទេ ដែលធ្វើឱ្យស្ត្រី និងកុមារជាច្រើនប្រឈមនឹងបញ្ហាសុខភាព រាងកាយទន់ខ្សោយ និងអស់កម្លាំងជានិច្ច។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវបានគិតគូរពីវិធីសាស្ត្រមួយដែលមានតម្លៃថោក និងងាយស្រួលធ្វើ។ ដំបូងឡើយ គេបានសាកល្បងផលិតជាដុំដែកធម្មតា ប៉ុន្តែប្រជាពលរដ្ឋមិនហ៊ានយកវាទៅដាក់ក្នុងឆ្នាំងស៊ុប ឬឆ្នាំងបាយឡើយ ដោយសារតែមើលទៅមិនមានអនាម័យ និងមិនធ្លាប់ស្គាល់។
ក្រោយមក អ្នកស្រាវជ្រាវបានសិក្សាអំពីវប្បធម៌ខ្មែរ ហើយបានដឹងថា “ត្រី” គឺជាសញ្ញាណនៃសំណាងល្អ សេចក្តីសុខ និងភាពសម្បូរសប្បាយ។ ហេតុនេះហើយ ទើបគេបានកែច្នៃដុំដែកនោះឱ្យមានរូបរាងជាត្រី ដែលក្រោយមកត្រូវគេឱ្យឈ្មោះថា “ត្រីដែកសំណាង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDxZLzQ5Zjji9u1W0oiTZEIxy3vxcdbwkZM3cEiJz0Q5DDSdAl-kpUn62lN1UOgaf_cpaKEFj1oT0bV40VbZkrWHt79qbaCXQ6HWlC15N4yTSw9WOQZ337N3P-Tode3YjuPqJF4ISy2bDkpOGztH4GzZHMLkYn9JlNylMbBxLSYg7xqiOH52rT-amOI8A/s500/photo_2026-08-22_13-38-45%20(3).jpg
 
 មិនដូចជាដែកសំណល់ ឬដែកទូទៅតាមការដ្ឋានសំណង់នោះឡើយ វាត្រូវបានផលិតឡើងពី Food-grade Iron (ដែកកម្រិតសុវត្ថិភាពសម្រាប់ចំណីអាហារ) ដែលជាប្រភេទជាតិដែក Element Iron ដូចគ្នាទៅនឹងជាតិដែកដែលមាននៅក្នុងថ្នាំបំប៉នឈាមដែរ។ ការផ្លាស់ប្តូររូបរាងនេះបានធ្វើឱ្យប្រជាពលរដ្ឋនៅតាមភូមិស្ថានកម្ពុជាបើកចិត្តទទួលយក និងចាប់ផ្តើមប្រើប្រាស់វាយ៉ាងទូលំទូលាយ។
វិធីប្រើប្រាស់ត្រីដែកសំណាងនេះគឺងាយស្រួលបំផុត ដោយគ្រាន់តែដាក់ត្រីដែកចូលទៅក្នុងឆ្នាំងទឹក ឬឆ្នាំងស៊ុបដែលកំពុងពុះ រួចបន្ថែមទឹកក្រូចឆ្មារ ឬផ្លែឈើដែលមានជាតិអាស៊ីតបន្តិចបន្តួច ដើម្បីជួយឱ្យរាងកាយស្រូបយកជាតិដែកបានល្អ។ ការដាំឱ្យពុះរយៈពេលត្រឹមតែ ១០ នាទី អាចបញ្ចេញសារធាតុដែកដែលរាងកាយត្រូវការរហូតដល់ទៅ ៥០ភាគរយ សម្រាប់មនុស្សពេញវ័យក្នុងមួយថ្ងៃ។ អ្វីដែលកាន់តែពិសេសនោះគឺ ត្រីដែកមួយ មានតម្លៃថោក ហើយអាចប្រើប្រាស់ឡើងវិញបានរហូតដល់ទៅ ៥ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZgOxLVNN-oPb3lQQcwkcydwfe3UPiwZipJ5Dz5dxdeINqNHt5nMcAWG2_rNygkF96cB99v9j3fJjI5xP5Y7CjguhC_h8P7rhpcJHLvKMzZZux9jJLAHdTxMfW6XQy-dnLwYjVBcr8k51veSKbcwys1CQN6WoTp5Jook53QyLOHZz6bDCbsUoOcE2nMpo/s1200/photo_2026-08-22_13-38-45%20(2).jpg

 ការប្រើប្រាស់ត្រីដែកសំណាងនៅក្នុងប្រទេសកម្ពុជា បានជួយកាត់បន្ថយអត្រានៃជំងឺស្លេកស្លាំងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានក្លាយជាគំរូនៃច្នៃប្រឌិតបែបវេជ្ជសាស្ត្រដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ក្នុងស្រុក។ បច្ចុប្បន្ន គំរូនៃត្រីដែកសំណាងនេះ មិនត្រឹមតែត្រូវគេប្រើប្រាស់ក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែត្រូវបាននាំយកទៅប្រើប្រាស់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះសារធាតុដែកផងដែរ។ តើបងប្អូនធ្លាប់ឃើញ​ឬប្រើប្រាស់ត្រីដែកនេះសម្រាប់គ្រួសារដែរឬទេ? តើវាពិតជាផ្ដល់ថាមពលដល់រាងកាយយើងពិតប្រាកដឬ?