បវរកញ្ញា អ៊ិន លក្ខិណា បានតំណាងឱ្យប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ Miss World ខួបលើកទី៧៥ ដែលរៀបចំឡើងនៅឯប្រទេសវៀតណាមដោយកម្មវិធីនេះមានបេក្ខនារីរហូតដល់ទៅជាង១០០នាក់។ ទោះយ៉ាងណាគេសង្កេតឃើញថាការគាំទ្របវរកញ្ញា អ៊ិន លក្ខិណា ពុំសូវមានសន្ទុះខ្លាំងនោះទេដូច្នេះអ្នកតាមដានវិស័យបវរកញ្ញាកុំភ្លេចចូលរួមលើកទឹកចិត្តអ្នកតំណាងកម្ពុជាទាំងអស់គ្នា។

អ៊ិន លក្ខិណា Miss World Cambodia 2026 បានធ្វើដំណើរចាកចេញពីកម្ពុជានៅល្ងាចថ្ងៃទី៩ ខែសីហា។ គិតមកទល់ពេលនេះអ្នកតំណាងកម្ពុជារូបនេះបានបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតតាមរយៈកម្មវិធីមួយចំនួនផងដែរ។ នៅល្ងាចថ្ងៃទី១៣ ខែសីហា គឺពេលវេលាដែលបង្ហាញពីបវរកញ្ញាទាំងអស់ដើរលើកម្រាលព្រំ ចូលរួមកម្មវិធីសីទសារព័ត៌មានរួមទាំងការបំពាក់ឈៀងតំណាងឱ្យប្រទេសនីមួយៗ។

យ៉ាងណាមិញការប្រកួតលើកនេះរបស់ លក្ខិណា ហាក់មានការគាំទ្រថមថយពុំសូវមានសន្ទុះគាំទ្រខ្លាំងដូចកាលពីឆ្នាំ២០២៤ ឡើយមិនដឹងថាដោយសារតែទើបចាប់ផ្តើមការប្រកួតឬយ៉ាងណានោះទេ។ ការទទួលបានតំណែងនេះ លក្ខិណា ក៏ទទួលបាននូវមតិប្រតិកម្មចម្រុះដូចគ្នាជាពិសេសគឺនាងតែងតែទទួលបានពាក្យសម្តីផ្លែផ្កាទាក់ទងនឹងការប្រើប្រាស់ភាសាបរទេស។ ដ្បិតតែមានការវែកញែកក្តីប៉ុន្តែក៏អ្នកតាមដានមួយចំនួនសង្ឃឹមថា អ៊ិន លក្ខិណា នឹងធ្វើឱ្យកម្ពុជាបើកទ្វារចូល TOP សម្រាប់ការប្រកួតដូចកាលពីឆ្នាំ២០២៤ ដែល លក្ខិណា ប្រកួតក្នុងកម្មវិធី Miss Cosmo ដែលឈានដល់កំពូល១០នាក់ចុងក្រោយ។
ការប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Miss World នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ។ 
ការប្រកួតបវរកញ្ញាពិភពលោក (Miss World) ត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៥១ ដែលជាការប្រកួតបវរកញ្ញាមួយក្នុងចំណោមការប្រកួតបវរកញ្ញាធំៗ និងចំណាស់ជាងគេបំផុតពីរនៅលើពិភពលោក រួមជាមួយបវរកញ្ញាចក្រវាល (Miss Universe)។ ការប្រកួតនេះប្រារព្ធឡើងដើម្បីអបអរសាទរសាមគ្គីភាពជាសកលដោយស្វែងរកស្ត្រីដែលមានសម្រស់ ការអប់រំ និងគម្រោងសហគមន៍ដ៏មានអត្ថន័យ៕










