កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងចេញដីកាបញ្ចប់មុខតំណែង លោក ហង្ស ពិសី និងលោក វ៉ាន់ ថេន ដែលជានាយកទីចាត់ការធំៗ ២រូប ផ្ទេរមកជាមន្ត្រីធម្មតាវិញ ជុំវិញភាពមិនប្រក្រតីនៃរឿងអាស្រូ.វដំឡើងបង្គោលភ្លើងសូឡាមូលនិធិឃុំសង្កាត់ តម្លៃ ៨លានរៀលក្នុងមួយដើម។
_________________
ជុំវិញភាពមិនប្រក្រតីរឿងតម្លៃផ្លូវ និងបង្គោលភ្លើងសូឡា ដែលធ្វើឱ្យមានរលកនៃការរិះគន់យ៉ាងចាស់ដៃពីសាធារណជន ខណៈនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងបានអនុវត្តចំណាត់ការក្តៅ ដោយចេញដីកាផ្លូវការបញ្ចប់មុខតំណែងនាយកទីចាត់ការធំៗចំនួន ២ រូបភ្លាមៗ ផ្ទេរឱ្យមកធ្វើជាមន្ត្រីធម្មតាវិញ ដើម្បីពង្រឹងតម្លាភាពថវិកាជាតិ។
យោងតាមដីកាសម្រេចផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលចុះហត្ថលេខាដោយលោកអភិបាលខេត្ត ស៊ុន សុវណ្ណារិទ្ធិ មន្ត្រីថ្នាក់ដឹកនាំទីចាត់ការសាលាខេត្តចំនួន ២ រូប ត្រូវបានដកហូតមុខតំណែង និងផ្ទេរឱ្យមកបំពេញការងារជាមន្ត្រីការិយាល័យធម្មតាវិញ។ ក្នុងនោះរួមមាន លោក ហង្ស ពិសី ត្រូវបានបញ្ចប់តំណែងពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងលោក វ៉ាន់ ថេន ត្រូវបានបញ្ចប់តំណែងពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត។ យន្តការវិន័យរដ្ឋបាលដ៏តឹងរ៉ឹងនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរកឃើញភាពមិនប្រក្រតីធ្ងន់ធ្ងរ នៃការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ពាក់ព័ន្ធនឹងការទិញដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ (សូឡា) ដែលមានតម្លៃថ្លៃហួសពីការពិត។.jpg)
ដើមចមដែលនាំឱ្យមានការផ្ទុះអាស្រូវពុករលួយនេះ បានចាប់ផ្តើមឡើងបន្ទាប់ពីមានការលាតត្រដាងពីគម្រោងដេញថ្លៃដំឡើងបង្គោលភ្លើងសូឡានៅឃុំទឹកហូត ស្រុករលាប្អៀរ ដែលក្នុងមួយដើមៗចំណាយថវិកាជាតិរហូតដល់ ៨ លានរៀល (ប្រហែល ២,០០០ ដុល្លារ)។ ករណីនេះបានរងការរិះគន់យ៉ាងចាស់ដៃពីមហាជន រហូតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យរដ្ឋបាលខេត្តចុះស៊ើបអង្កេតបន្ទាន់។ តាមរយៈការចុះពិនិត្យរបស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានរកឃើញថាល្បិចកលគប់គិតគ្នាកាត់ថ្លៃបង្គោលភ្លើងសូឡាខ្ពស់ខុសប្រក្រតីនេះ មិនមែនមានតែនៅឃុំទឹកហូតមួយនោះទេ ប៉ុន្តែបានរាលដាលដល់ឃុំចំនួន ៥ ផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង។ ដីកាបញ្ចប់តំណែងនេះ ក៏ត្រូវបានផ្ញើជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងក្រសួងមុខងារសាធារណៈ ដើម្បីដឹងឮ និងបន្តនីតិវិធីផងដែរ។

ចំណាត់ការដកតំណែងមន្ត្រីជាន់ខ្ពស់ទាំង ២ រូបរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅពេលនេះ គឺជាការបង្ហាញពីការអនុវត្តច្បាប់ និងវិន័យដ៏ម៉ឺងម៉ាត់ ស្របតាមអភិក្រម «ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» របស់រាជរដ្ឋាភិបាល។ ករណីបង្គោលសូឡា ៨ លានរៀលនេះ បានក្លាយជាសារព្រមានដ៏មានឥទ្ធិពលមួយទៅកាន់មន្ត្រីមូលដ្ឋានដទៃទៀត ឱ្យបញ្ឈប់ទង្វើកេងប្រវ័ញ្ចថវិកាជាតិ និងត្រូវងាកមកបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ និងតម្លាភាពជាចម្បង៕










