ទំនាក់ទំនងថៃ និង UN កំពុងជួបភាពតានតឹង! ក្រសួងការបរទេសថៃបានផ្ញើលិខិតផ្លូវការមួយច្បាប់ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីសម្តែងការខកចិត្ត និងអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍សិទ្ធិមនុស្សរបស់លោក Tom Andrews ដែលបានចោទប្រកាន់យោធាថៃថា បានបង្កសកម្មភាពឈ្លានពានរហូតធ្វើឱ្យពលរដ្ឋខ្មែរចំនួន ៦៥០,០០០ នាក់ រងគ្រោះបាត់បង់ជម្រក។ ភាគីថៃបានប្រកាសបដិសេធ និងទាត់ចោលខ្លឹមសារទាំងនោះទាំងស្រុង ដោយចោទចំៗថាជារបាយការណ៍ដែលត្រូវបានរៀបចំឡើងដោយខ្វះយុត្តិធម៌ មានភាពលម្អៀង និងគ្មានមូលដ្ឋានផ្ទៀងផ្ទាត់ច្បាស់លាស់ឡើយ។

យោងតាមការលាតត្រដាងខ្លឹមសារលិខិតបំភ្លឺផ្លូវការ ចុះផ្សាយដោយសារព័ត៌មាន THE STANDARD កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃបានសម្តែងការមិនពេញចិត្តយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្មវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់ លោក Tom Andrews ។ ភាគីថៃបានគូសបញ្ជាក់ថា របាយការណ៍របស់ UN កំពុងតែបង្ហាញពីភាពលម្អៀងយ៉ាងធ្ងន់ធ្ងរ ព្រោះក្រុមការងារអន្តរជាតិមិនបានផ្តល់ឱកាស ឬពេលវេលាគ្រប់គ្រាន់ឱ្យអាជ្ញាធរថៃបានចូលខ្លួនមកបកស្រាយ និងបង្ហាញពីអង្គហេតុពិតប្រាកដតាមបន្ទាត់ព្រំដែន មុនពេលធ្វើសន្និសីទកាសែតផ្សព្វផ្សាយជាសាធារណៈនោះឡើយ។ សកម្មភាពរបស់អ្នករាយការណ៍ពិសេសរូបនេះ ត្រូវបានថៃចាត់ទុកថា បានដើរហួសពីអាណត្តិដែលកំណត់ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស UN (UNHRC) និងរំលោភលើក្រមសីលធម៌ការងារយ៉ាងធ្ងន់ធ្ងរ។.jpg)
ទោះជាយ៉ាងណា ជុំវិញទំនាស់ការទូតដ៏ស្រួចស្រាវនេះ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកែវកែវ បានគូសបញ្ជាក់ពីជំហរថា ប្រទេសថៃនៅតែបន្តត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុខ ដើម្បីស្តារ និងពង្រឹងទំនាក់ទំនងល្អទ្វេភាគីជាមួយព្រះរាជាណាចក្រកម្ពុជាឡើងវិញ។ ប៉ុន្តែ ភាគីថៃក៏បានផ្ញើសារដាស់តឿនចំៗទៅកាន់រដ្ឋាភិបាលកម្ពុជាផងដែរថា ត្រូវតែបង្ហាញនូវភាពស្មោះត្រង់ខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ហាវិវាទព្រំដែន ដោយត្រូវផ្ដោតសំខាន់លើការចរចាទ្វេភាគីដោយសន្តិវិធីរវាងប្រទេសទាំងពីរ ដើម្បីកាត់បន្ថយភាពតានតឹង និងការរកាំរកូស ដោយមិនគួរទាញយកអង្គការអន្តរជាតិមកធ្វើជាឧបករណ៍ការទូតបង្វែរដានខុសពីការពិតជាក់ស្តែងនៅលើដីនោះឡើយ។.jpg)
ជារួមមក លិខិតការទូតរបស់ក្រសួងការបរទេសថៃផ្ញើទៅកាន់ UN នាពេលនេះ គឺជាសក្ខីភាពលាតត្រដាងនូវឫសគល់នៃវិបត្តិការទូតដ៏ស្មុគស្មាញជុំវិញតួលេខជនភៀសខ្លួនខ្មែរ ៦៥ម៉ឺននាក់។ ព្រឹត្តិការណ៍នេះបានសបញ្ជាក់ថា បញ្ហាព្រំដែន និងសិទ្ធិមនុស្សតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតែជាចំណុចរសើបដ៏ធំមួយ ដែលទាមទារឱ្យមានការដោះស្រាយដោយតម្លាភាព និងការផ្ទៀងផ្ទាត់ទិន្នន័យជាក់លាក់ពីគ្រប់ភាគីពាក់ព័ន្ធ៕









