រឿងថ្មីហើយប្លែនមិនឲ្យចាញ់គេ! នៅពេលដែលសីតុណ្ហភាពពិភពលោកបន្តកើនឡើងដល់កម្រិតខ្ពស់បំផុត ហើយថែមទាំងបណ្ដាលឲ្យមានមនុស្សស្លាប់រាប់សិបនាក់ដោយសាររលកកម្ដៅផងនោះ ប្រទេសជប៉ុនបានដាក់បង្ហាញនូវដំណោះស្រាយច្នៃប្រឌិតថ្មីមួយទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺសន្លប់ដោយសារកម្ដៅ ឬHeatstroke នោះគឺ ទូទឹកកកសម្រាប់មនុស្ស។ ឧបករណ៍នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនផលិតទូទឹកកក Sanden Retail Systems (SDRS) និងចែកចាយដោយក្រុមហ៊ុន Trusco Nakayama ដោយមានឈ្មោះផ្លូវការថា Do Hiemon Box។ វាត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយឱ្យកម្មករធ្វើការងារក្រៅផ្ទះអាចកាត់បន្ថយកម្ដៅក្នុងរាងកាយបានយ៉ាងរហ័ស ក្នុងអំឡុងពេលប្រឈមនឹងរលកកម្ដៅខ្លាំង។.jpg)
ទូនេះមានកម្ពស់ប្រមាណ ២,១ ម៉ែត្រ ដែលមានរូបរាងស្រដៀងទៅនឹងទូលក់ភេសជ្ជៈស្វ័យប្រវត្តិ ឬទូទឹកកកកញ្ចក់តាមហាងទំនិញដែរ ប៉ុន្តែជំនួសឱ្យការក្លាសេភេសជ្ជៈ ខាងក្នុងទូនេះមានកៅអីមួយសម្រាប់ឱ្យមនុស្សចូលទៅអង្គុយបានម្នាក់។ ខណៈពេលដែលខ្យល់ជុំវិញខាងក្នុងទូត្រូវរក្សានៅសីតុណ្ហភាព ១៥ អង្សាសេ រន្ធខ្យល់ពិសេសនឹងបាញ់ខ្យល់ត្រជាក់រហូតដល់ ៥ អង្សាសេ ផ្ទាល់ទៅលើក្បាល ក និងខ្នងរបស់អ្នកប្រើប្រាស់ ដែលជាចំណុចសំខាន់ៗក្នុងការសាយភាយកម្ដៅចេញពីរាងកាយបានលឿនបំផុត។
ការចូលទៅអង្គុយត្រឹមតែ ៥ ទៅ ១០ នាទី គឺគ្រប់គ្រាន់ក្នុងការកាត់បន្ថយសីតុណ្ហភាពក្នុងរាងកាយបានយ៉ាងច្រើន និងការពារការកើតជំងឺសន្លប់ដោយសារកម្ដៅផងដែរ។ ដើម្បីការពារកុំឱ្យអ្នកប្រើប្រាស់ត្រជាក់ខ្លាំងពេក ឬចុះកម្ដៅខ្លាំង (Hypothermia) ទូនេះនឹងបិទដំណើរការដោយស្វ័យប្រវត្តិបន្ទាប់ពីប្រើប្រាស់បាន ២០ នាទី។ បន្ថែមពីនេះ ឧបករណ៍នេះប្រើប្រាស់អគ្គិសនីធម្មតា ដោយស៊ីភ្លើងប្រមាណពាក់កណ្ដាលនៃម៉ាស៊ីនត្រជាក់ចល័តទូទៅ ហើយវាមានកង់នៅខាងក្រោម ដែលងាយស្រួលរុញផ្លាស់ទីទៅតាមការដ្ឋានផ្សេងៗ។.jpg)
ទូត្រជាក់ Do Hiemon Box ត្រូវបានផលិតឡើងជាពិសេសសម្រាប់ទីតាំងដែលមិនអាចបំពាក់ម៉ាស៊ីនត្រជាក់ធម្មតាបាន ដូចជាការដ្ឋានសំណង់ និងឃ្លាំងទំនិញក្រៅផ្ទះ ដើម្បីជួយឱ្យកម្មករមានកន្លែងចុះត្រជាក់បានលឿនក្នុងអំឡុងពេលធ្វើការធ្ងន់ក្រោមកម្ដៅថ្ងៃ។ វាក៏ត្រូវបានយកទៅប្រើប្រាស់ក្នុងរោងចក្រផលិតកម្ម ដើម្បីផ្តល់ការសម្រាកត្រជាក់នៅជិតម៉ាស៊ីនដែលមានកម្ដៅខ្លាំង ព្រមទាំងនៅតាមព្រឹត្តិការណ៍ក្រៅផ្ទះ និងកន្លែងកីឡា ធ្វើជាកន្លែងសង្គ្រោះបន្ទាន់សម្រាប់កាត់បន្ថយកម្ដៅដល់កីឡាករ អ្នកចូលរួម និងបុគ្គលិកផងដែរ។.jpg)
ទោះបីជាការចូលទៅអង្គុយក្នុងទូទឹកកកអាចមើលទៅប្លែកបន្តិចនៅពេលឃើញដំបូងក្ដី ប៉ុន្តែរចនាសម្ព័ន្ធដ៏បង្រួមនេះបានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការការពារសុវត្ថិភាពអ្នកធ្វើការងារក្រោមអាកាសធាតុក្តៅខ្លាំង ដែលកំពុងតែក្លាយជាបញ្ហាប្រឈមសម្រាប់មនុស្សទូទាំងសកលលោក៕










