កាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ មានការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយ បានកើតឡើងនៅពីមុខប៉ុស្តិ៍ប៉ូលិស Tanyong ស្ថិតក្នុងស្រុក Mueang ខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។
យោងតាមរបាយការណ៍បឋមពីអាជ្ញាធរថៃ ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ ប៉ុន្តែបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារប៉ុស្តិ៍ប៉ូលិស។
អាជ្ញាធរបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងថៃ បានដាក់ការសន្និដ្ឋានថា នេះជាស្នាដៃរបស់ក្រុមចលនាបះបោរទាមទារផ្តាច់ខ្លួននៅភាគខាងត្បូងថៃ ដែលតែងតែប៉ុនប៉ងវាយប្រហារលើមន្ត្រីរដ្ឋ និងប៉ុស្តិ៍សន្តិសុខ ដើម្បីបង្កភាពវឹកវរក្នុងតំបន់។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រហែល ៧:២០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយក្រុមផ្តាច់ខ្លួនភាគខាងត្បូងបានប្រើប្រាស់រថយន្ត Toyota Soluna ដែលលាក់បង្កប់គ្រឿងផ្ទុះកែច្នៃ នៅខាងក្នុង។
សូមរំលឹកថា ជម្លោះប្រដាប់អាវុធ នៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងនៅក្នុងខេត្តចំនួន៤ ដូចជា Narathiwat, Pattani, Yala និង Songkhla ដោយសារតែវិបត្តិនយោបាយ និងសាសនា៕










