អស់រយៈពេលជាច្រើនខែមកហើយតារារ៉េប វណ្ណដា ពុំមានបទថ្មីសម្រាប់អ្នកគាំទ្រនោះទេ។ នេះនាំឱ្យមានមតិយោបល់ជាច្រើនពីអ្នកគាំទ្រថាតើ វណ្ណដា មានអ្វីពិសេសឬទើបបានជាយូរស្ងាត់ឈឹងបែបនេះ មកពីរឿងឯកជន បញ្ហាប្រែប្រួលសំឡេង ឬក៏មានអ្វីផ្សេង។
ចាប់តាំងពីការចេញផ្សាយបទ «ជួបជុំ» នាថ្ងៃទី៤ ខែមេសា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរមកវាមានរយៈពេលជាង៣ខែហើយដែល ម៉ាន់ វណ្ណដា មិនទាន់មានសញ្ញាវិលត្រឡប់មកវិញនោះទេ ខណៈអ្នកគាំទ្រជាច្រើនកំពុងរង់ចាំយ៉ាងខ្លាំង។ ក្នុងពេលខកខានចេញបទចម្រៀងថ្មីជូនអ្នកគាំទ្រ វណ្ណដា បានបង្ហាញខ្លួនម្តងម្កាលនៅក្នុងផាប់ ចំណែកឯសកម្មភាពនៅលើបណ្តាញសង្គមក៏មិនសូវមានច្រើនឡើយ។

ទន្ទឹមនឹងមិនទាន់ទម្លាក់បទថ្មីជូនហ្វេនៗ តារាចម្រៀងរូបនេះគឺមានភាពចម្រូងចម្រាសទាក់ទងនឹងជីវិតឯកជនដោយមានពាក្យចចាមអារ៉ាមណាត់ជួបនឹងស្រីស្អាតម្នាក់ និងសកម្មភាពរបស់លោកនាំគ្រួសារដើរកម្សាន្តគេចចេញពីពាក្យចចាមអារ៉ាម ហើយចាប់តាំងពីពេលនោះមកលោកក៏បន្តរក្សាភាពស្ងៀមស្ងាត់បន្តទៀត។
មានអ្នកគាំទ្រមួយចំនួនរអ៊ូរទាំចំពោះការស្ងប់ស្ងាត់របស់ វណ្ណដា ពីព្រោះពួកគេចង់ឱ្យតារ៉េបរូបនេះវិលត្រឡប់មកវិញជាមួយនឹងបទថ្មី។ ផេកហ្វេនខ្លះក៏បានងាកចេញពី វណ្ណដា ដោយបានផ្លាស់ប្តូរឈ្មោះពីហ្វេនវណ្ណដា ទៅឈ្មោះផ្សេងទៀតដែលបង្ហោះសកម្មភាពនានារបស់តារាចម្រៀងនៅក្នុងវិស័យហ៊ីបហប។
ការសំងំអស់រយៈពេលជាច្រើនខែនេះគេមិនដឹងថា វណ្ណដា កំពុងតែមានអ្វីពិសេសដែលផ្តល់ភាពភ្ញាក់ផ្អើលជូនអ្នកគាំទ្រនោះទេស្របពេលរូបភាពរបស់តារាចម្រៀងរូបនេះនៅលើគណនីអ៊ីនស្រ្តាក្រាមក៏លុបអស់គ្មានសល់។
.png)
ចំណែកមតិខ្លះទៀតមានការសង្ស័យថាការស្ងប់ស្ងាត់របស់ វណ្ណដា អាចជាប់ទាក់ទងនឹងបញ្ហាសំឡេងរបស់លោក។ ក្នុងពេលការសម្តែងនៅឯផាប់នាពេលកន្លងមកមានមតិនៅលើបណ្តាញសង្គមជាច្រើនកត់សម្គាល់ថាសំឡេង វណ្ណដា ប្រែប្រួលខុសពីមុនធ្វើឱ្យពួកគេសង្ស័យពីបញ្ហាសុខភាពរបស់តារារ៉េបរូបនេះ។ .png)
យ៉ាងណាមិញ ដ្បិតថាកំឡុងពេលដែលស្ងប់ស្ងាត់មិនមានបទថ្មីជូនអ្នកគាំទ្រក្តីប៉ុន្តែគេសង្កេតឃើញថាឆាណែលយូធូបរបស់ វណ្ណដា នៅតែបន្តកើនឡើងជាលំដាប់ដែលមកទល់ពេលនេះមានអ្នកជាវចំនួន ១.១៨លាននាក់ហើយ៕










