Home ព័ត៌មានជាតិ វិធានការក្ដៅ! អាជ្ញាធរអប្សរាដាក់កំហិតហាមឃាត់ ឈុតកែច្នៃខុសទម្រង់ដើមចូលបរិវេណអង្គរ

វិធានការក្ដៅ! អាជ្ញាធរអប្សរាដាក់កំហិតហាមឃាត់ ឈុតកែច្នៃខុសទម្រង់ដើមចូលបរិវេណអង្គរ

93
0

លែងអនុគ្រោះហើយ! ភ្ញៀវទេសចរដែលស្លៀកឈុតបុរាណខុសក្បួនខ្នាត ឬឈុតសាច់ក្រណាត់ថៃ នឹងត្រូវបដិសេធមិនឱ្យចូលក្នុងរមណីយដ្ឋានអង្គរដាច់ខាត។ អាជ្ញាធរជាតិអប្សរាបានដាក់ចេញបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុត ដើម្បីស្តារតម្លៃវប្បធម៌ដូនតាឡើងវិញ បន្ទាប់ពីរកឃើញការជួលឈុតក្លែងក្លាយខុសទម្រង់ដើមរហូតដល់ទៅ ៧០ ភាគរយ ដែលបង្កការរិះគ.ន់ជាបន្តបន្ទាប់ពីមហាជន នាលំដាប់ពាក់កណ្តាលខែកក្កដានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitkW7uAmPY400iBNUQCNIpHOaahORuHpeOWjbkvjRFyAJfdxcpuRmlTqzBEYWcP2J6TIllUwT5scYtZe5l2AFOUebXxIbjmgCk4TdEFrGP8hXd5xWRW-NQixi6P-CKp4g6NrJssN6RmpuST-UaOsLLbGwk2IN278CjCUwAIQRhGE7dhfsZMQm9QuAqW6k/s1280/photo_2026-07-14_13-43-34.jpg
យោងតាមការចុះផ្សាយព័ត៌មាន និងការផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ បានឱ្យដឹងថា ក្រុមការងារចម្រុះរួមមានមន្ត្រីអាជ្ញាធរជាតិអប្សរា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី និងប៉ូលិសការពារបេតិកភណ្ឌ បានចុះធ្វើយុទ្ធនាការអប់រំណែនាំ និងរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមអាជីវករជួលសម្លៀកបំពាក់បែបខ្មែរបុរាណនៅមុខបរិវេណប្រាសាទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3lkQLTyazdaFNHbtirLBIf0mGXAQcdfaavl5kc1iOFlbN8dzGDvKBTJyo_yc-KuuAlq9-Hd1MazNxBgjECX7qAhT30onfsBGVkAxnNDWDdryKD3iLCA3MNPlxkz8c2efD8eH3j3slltdH7nWvdJp7FLwBGUVGlyEs_sldY9Q5r-VNA2O_Gi2kOLdX2q8/s1280/photo_2026-07-14_13-43-33.jpg
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ រាល់សម្លៀកបំពាក់បុរាណដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរទៀតឡើយ។ ជាងនេះទៅទៀត អាជ្ញាធរបានដាក់កំហិតឱ្យអាជីវករទាំងអស់ កាត់បន្ថយរហូតឈានដល់ការបញ្ឈប់ការប្រើប្រាស់សាច់ក្រណាត់ និងគ្រឿងអលង្ការថោកៗដែលនាំចូលពីប្រទេសថៃទាំងស្រុង ដោយត្រូវបញ្ចប់ឱ្យបានជាស្ថាពរត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFUvV2Pl-kuDM5nqoINsPYz-8q1YCgAkQDmK6YtZOf0pmxU1WEHh5EDuGZ2C16mjoBpdzpU3geJvETGmlOAD6Oz-JgIz0BhWfcBUb1u4Z4Bf2HUTS5573o1_y-8fbbu-qWWCbLVsozsRAaWf9m0RiZxJkvXJADz-tZHusB00D7Lqsvxuj9UXWvNlJqzs8/s1280/photo_2026-07-14_13-43-34%20(2).jpg

ការដាក់វិធានការក្តៅ និងយុទ្ធនាការតម្រង់ទិសភ្លាមៗនេះ ធ្វើឡើងបន្ទាប់ពីការស្រាវជ្រាវយ៉ាងហ្មត់ចត់ជាច្រើនឆ្នាំពីអ្នកជំនាញសិល្បៈបុរាណខ្មែរ។ លោក ចាន់ សោភ័ន មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ខេត្តសៀមរាប បានលាតត្រដាងថា បច្ចុប្បន្នមានអាជីវករមួយចំនួនធំ បានដាក់ជួលឈុតបុរាណដែលខុសទម្រង់ដើមរហូតដល់ ៧០ ភាគរយ ដោយសារការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលពីថៃ ដែលសកម្មភាពនេះប្រាសចាកពីអត្តសញ្ញាណជាតិទាំងស្រុង ហាក់ដូចជាការបម្រើឱ្យវប្បធម៌បរទេសនៅលើទឹកដីខ្មែរ។ អ្នកជំនាញរូបនេះបានពន្យល់ថា ការស្លៀកពាក់ខ្មែរបុរាណមានទម្រង់ និងក្បួនខ្នាតច្បាស់លាស់ទៅតាមឋានវណ្ណៈ រាប់ចាប់ពីមហាក្សត្រប្រើប្រាស់ហូលសូត្រខ្មែរ ឋានៈសេដ្ឋីប្រើប្រាស់កំណាត់ល្បើក និងរាស្ត្រសាមញ្ញប្រើប្រាស់ក្រណាត់កប្បាស ដូច្នេះការយកគ្រឿងលម្អបរទេសមកច្នៃលាយឡំ គឺមិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpYXQ9Atw9q-duWaHX5qPtVM8M0v21fv6l5YCMjVaM7qH1yMkWNvoTaJ9Zn9rMIgesUW4XBuaBeisqriARgG8up0Osoe9wlPfZyQTFzkAA5b1xm5D4_6cyefTdWngz-Rqk3jrqySrJgW6VZDCZIXK0nZ0CKI2vTpHhSNO0ZwNwIZbhUgyYfEmhU3CEko0/s1280/photo_2026-07-14_13-43-34%20(3).jpg
ជាការឆ្លើយតបទៅនឹងការកែទម្រង់នេះ លោក ចាន់ សោភ័ន បានសម្តែងការលើកទឹកចិត្តយ៉ាងខ្លាំងដល់បងប្អូនអាជីវករទាំងអស់ ឱ្យរួមគ្នាកែប្រែឥរិយាបថបន្តិចម្តងៗ ដោយងាកមកប្រើប្រាស់ប្រភេទក្រណាត់ហូល សូត្រខ្មែរ ល្បើកពេជ្រ ល្បើករងជើង និងគ្រឿងអលង្ការដែលជារចនាបថរបស់ខ្មែរពិតៗវិញ។ វិធានការចុងក្រោយនេះ ត្រូវបានគេមើលឃើញថាជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការលើកតម្លៃដល់អ្នកតម្បាញ និងជាងទងខ្មែរនៅក្នុងស្រុក ព្រមទាំងការពារដាច់ខាតនូវរាល់ការភាន់ច្រឡំពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ។ ការរួមសហការគ្នាយ៉ាងម៉ឺងម៉ាត់រវាងអាជ្ញាធរ និងអាជីវករ នឹងក្លាយជាខែលការពារដ៏រឹងមាំ ដើម្បីធានាថា អត្តសញ្ញាណជាតិ និងវប្បធម៌ដ៏ថ្កុំថ្កើងរបស់ខ្មែរ នឹងនៅតែគង់វង្សស្ថិតស្ថេរ មិនរលាយបាត់បង់ទៅតាមឥទ្ធិពលនៃម៉ូតសម្លៀកបំពាក់បរទេសនោះឡើយ៕