Home ព័ត៌មានជាតិ កម្ពុជាបញ្ជាក់ជំហរមិនជំទាស់ថៃរឿងសាងសង់របងព្រំដែន ប៉ុន្តែទាមទារឲ្យការឯកភាពពី JBC ជាមុនសិន

កម្ពុជាបញ្ជាក់ជំហរមិនជំទាស់ថៃរឿងសាងសង់របងព្រំដែន ប៉ុន្តែទាមទារឲ្យការឯកភាពពី JBC ជាមុនសិន

104
0

បើទោះជាកំណាត់ព្រំដែនចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ ក្នុងខេត្តបាត់ដំបង ត្រូវបានឯកភាពគ្នារួចរាល់ដោយគ្មានវិវាទក៏ដោយ ប៉ុន្តែសកម្មភាពបន្តធ្វើរបងដោយស្ងាត់ៗរបស់យោធាថៃនៅតែជាទង្វើខុសឆ្គង។ ក្នុងនោះមន្ត្រីជំនាញជាន់ខ្ពស់ផ្នែកកិច្ចការព្រំដែនរបស់កម្ពុជា បានចេញបញ្ជាក់ចំៗថា កម្ពុជាមិនជំទាស់រឿងធ្វើរបងព្រំដែននោះទេ ប្រសិនជាវាត្រឹមត្រូវតាមបច្ចេកទេស ហើយស្ថិតនៅក្នុងទឹកដីរបស់ថៃនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxXAltVAGur5VZHG3gzbRHrnUir3yh5ClD3uI_WBZf8L1K7hgBbyFmGbtG-DNA7as2zYrE5LzAuzqY5fw8nbsxR6jx7x0bRddxD2-0Hhl2qcBpfXeUqLkiB8WFJgLRMyDWmlIH1Orh367sUNCZ4vwSVFzM6Omv-9KuHt0l7BV69JOzxLiXBzJ75f6neWU/s686/photo_2026-07-06_15-21-06.jpg
យោងតាមការបកស្រាយផ្លូវការរបស់ លោក ស្រ៊ឺ បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ការធ្វើរបងជាឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលលេខ ៥២ និង៥4 ព្រំប្រទល់រវាងខេត្តបាត់ដំបង (កម្ពុជា) និងខេត្តចាន់បូរី (ថៃ)» បានលាតត្រដាងថា កំណាត់ព្រំដែនត្រង់ចំណុចជាប់ស្រុកកំរៀង ខេត្តបាត់ដំបងនេះ ត្រូវបានភាគីកម្ពុជា និងថៃ សម្រេចឯកភាពគ្នាយ៉ាងច្បាស់លាស់តាំងពីឆ្នាំ២០០៨ មកម៉្លេះ ទាំងលើទីតាំងបង្គោលព្រំដែន គំនូសខ្សែព្រំដែន និងឯកសារទ្វេភាគី ផ្អែកលើច្បាប់ចម្លងផែនទីខ្នាត ១/២០០,០០០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNIdMjSFZTX2FhJOzH66DS4amsT5cqDXb-ILc0xKd7ly8aaRUIn5E7IbxBIuvoJMTuNke_SRrqRrbCL29eAa-SVJnzlx07-eryFW3fIESLLY0RTaVHR5fpqMBvkLfxdMlg__2jlTQrD2Hi3GhrpBDL1sSdpi1TAY-n9cvcce3VgIMdnh_Ea7ittItMMuo/s596/photo_2026-07-06_15-21-17.jpg
ឈានមកដល់ឆ្នាំ២០២៥ ក្រុមការងារវាស់វែងចម្រុះនៃប្រទេសទាំងពីរ ក៏បានចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នបន្ថែមដែលមានគម្លាតប្រហែល ៥០ ម៉ែត្រពីគ្នា ព្រមទាំងបង្កើតផែនទីរូបថតដើម្បីត្រៀមការខណ្ឌសីមា។ បន្ថែមលើនេះ បន្ទាប់ពីការងារវាស់វែង ភាគីទាំងកម្ពុជានិងថៃក៏បានឯកភាពសាងសង់ផ្លូវល្បាតព្រំដែនរៀងៗខ្លួន ដោយផ្លូវល្បាតទាំងសងខាងមានគម្លាតប្រហែល ៣ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន ដែលសកម្មភាពទាំងនេះបង្ហាញថាកំណាត់បង្គោលពី ៥២ ដល់ ៥៩ មានភាពច្បាស់លាស់លើដីជាក់ស្ដែង និងមិនមានបញ្ហាវិវាទរវាងភាគីទាំងពីរឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzhQlWAdYmQnd_4e_v3jZ3uHKBZNVJpaX0P_UEIo3itYZ6y5NyiZojn2rNMKdQ3OD2dUJaDb5qYqiat2Q_h_T9k7dDvS2DEF-co9OAfBMuczRNDc4mB6FbRLVGqK2Rdr1yyz0vdsMb3E3jZ0DIfI8MphhHu_j2m42k_VcFbvQqiKBm7_DGI3Sy2RATQ0E/s1111/photo_2026-07-06_15-21-17%20(2).jpg
គួររំលឹកថា ភាគីថៃបានចាប់ផ្ដើមបើកការដ្ឋានសាងសង់របងព្រំដែននេះ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដោយឯកតោភាគី។ តាមទិន្នន័យបច្ចេកទេស គម្រោងទាំងមូលមានប្រវែងសរុប ៨,៣ គីឡូប្រមាណ ដោយក្នុងនោះ ដំណាក់កាលទីមួយ គឺធ្វើឡើងនៅចន្លោះបង្គោលលេខ ៥២ ដល់ ៥៤ មានប្រវែង ១,៣ គីឡូម៉ែត្រ និងសម្រេចបានលទ្ធផល ៤៥% ហើយ ខណៈដែលដំណាក់កាលទី២ នឹងត្រូវពង្រីកបន្តពីបង្គោលទី៥៤ ដល់ ៥៩ ដែលមានប្រវែងប្រមាណជាង ៧ គីឡូម៉ែត្របន្ថែមទៀត។ ទោះជាយ៉ាងណា លោក ស្រ៊ឺ បូរ៉ា បានគូសបញ្ជាក់ថា ក្ដីបារម្ភចម្បងរបស់កម្ពុជា គឺការសម្រុកសាងសង់របងដោយឯកតោភាគីរបស់ថៃ មុនពេលដែលគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បញ្ចប់ការងារបច្ចេកទេសជាស្ថាពរ។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាមិនមានការជំទាស់ចំពោះការសាងសង់របងព្រំដែនឡើយ បើសិនជាការសាងសង់នោះធ្វើឡើងស្របតាមលក្ខណៈបច្ចេកទេស ស្ថិតនៅក្នុងទឹកដីថៃពិតប្រាកដ និងមានការឯកភាពទ្វេភាគីពីគណៈកម្មការ JBC ជាមុន ប៉ុន្តែទង្វើបំពានសាងសង់របងមុនកិច្ចព្រមព្រៀងចុងក្រោយនេះ អាចបង្កជាបញ្ហាស្មុគស្មាញដល់នីតិវិធីខណ្ឌសីមានៅថ្ងៃក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgod0hAt9Jh6r9n5y7EkibxdzA8j8KqBnAt0jy9QWQMi9-naZr2qq__uyt5TOPtT-R3sFpmVEkV2oitSolx30BUeWGySkn1F7bLHzXsmDlcLkU27QmP4OMRau57KVza2taNGpdAeM_BETXWpzbnVDiaS3u3fZWyFpuQfVbBUqby8EAufP0D_DJTySVD80c/s696/photo_2026-07-06_15-21-17%20(3).jpg
ការលាតត្រដាងបច្ចេកទេស និងទិន្នន័យជាក់លាក់នៃប្រវែងរបង ៨,3 គីឡូម៉ែត្ររបស់ថៃនាពេលនេះ បានបង្ហាញឱ្យឃើញពីជំហរច្បាប់ដ៏រឹងមាំ និងការតាមដានយ៉ាងហ្មត់ចត់របស់កម្ពុជាលើខ្សែបន្ទាត់ព្រំដែន។ វាដល់ពេលហើយដែលគណៈកម្មការព្រំដែនចម្រុះ (JBC) នៃប្រទេសទាំងពីរ ត្រូវតែបើកកិច្ចប្រជុំការទូតបន្ទាន់ ដើម្បីដាក់សម្ពាធឱ្យភាគីថៃផ្អាករាល់សកម្មភាពសាងសង់របងជាឯកតោភាគីទាំងនោះចោលជាបណ្តោះអាសន្ន ដើម្បីរក្សាទុកនូវសភាពដើម និងធានាបាននូវការកសាងទំនុកចិត្តទ្វេភាគី ឆ្ពោះទៅរកការកំណត់សីមាព្រំដែនរួមគ្នាមួយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមានសន្តិភាពយូរអង្វែងនៅតាមតំបន់ព្រំដែន៕