អង់ការ៉ា៖ ជំនួបក្រៅផ្លូវការដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅលើទឹកដីប្រទេសតួកគី ក្នុងឱកាសកិច្ចប្រជុំកំពូល NATO កំពុងធ្វើឱ្យមហាអំណាចទូទាំងពិភពលោកតាមដានយ៉ាងអន្ទះសារ។ នេះមិនមែនគ្រាន់តែជាកិច្ចពិភាក្សាធម្មតានោះទេ ប៉ុន្តែជាការចរចាជាយុទ្ធសាស្ត្រចុងក្រោយ ដើម្បីស្វែងរកវិធីបញ្ចប់សង្គ្រា.មបង្ហូរឈា.មដ៏រ៉ាំរ៉ៃរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខពិភពលោកទាំងមូល។

លោកប្រធានាធិបតី Trump នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នាល្ងាចថ្ងៃទី៦ ខែកក្កដានេះ ហើយនឹងធ្វើដំណើរទៅដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី នាថ្ងៃទី៧ ខែកក្កដា ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ប្រចាំឆ្នាំ២០២៦ (NATO Summit 2026)។
យោងតាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី៧ ខែកក្កដា លោក Trump នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ជាមុនសិន មុននឹងបន្តទៅជួបពិភាក្សាផ្ទាល់ជាមួយលោក Volodymyr Zelenskyy នៅថ្ងៃទី៨ ខែកក្កដា នៅក្រៅកិច្ចប្រជុំកំពូលនេះ។
ប្រភពពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានបង្ហើបឱ្យដឹងថា លោក Trump មានបំណងចង់ពន្លឿនការស្វែងរកដំណោះស្រាយ និងបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។
.jpg)
ការរុញច្រានរបៀបវារៈនេះធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាបញ្ចប់សង្គ្រាមត្រូវបានគាំងបិទផ្លូវទាំងស្រុងអស់រយៈពេល ២ ទៅ ៣ខែកន្លងមក ដោយសារសហរដ្ឋអាមេរិកបានបង្វែរការយកចិត្តទុកដាក់ទៅលើវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ក្រៅពីបញ្ហាអ៊ុយក្រែន លោក Trump ក៏នឹងឆ្លៀតឱកាសក្នុងកិច្ចប្រជុំកំពូលនេះ ដើម្បីជំរុញឱ្យបណ្តាប្រទេសជាសម្ព័ន្ធមិត្ត NATO បង្កើនកញ្ចប់ថវិកាចំណាយលើវិស័យការពារជាតិរបស់ពួកគេផងដែរ។

គួររំឭកដែរថា កាលពីថ្ងៃទី៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក ទាំងលោក Zelenskyy និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សុទ្ធតែបានទូរស័ព្ទទៅជជែកជាមួយលោក Trump ក្នុងពេលវេលាផ្សេងគ្នា។ ក្រោយការពិភាក្សានោះ លោក Zelenskyy បានបង្ហាញការរំពឹងទុកខ្ពស់នៅលើបណ្តាញសង្គម X ថា សង្គ្រាមនេះនឹងអាចឈានទៅរកការបញ្ចប់យ៉ាងពិតប្រាកដ ដោយផ្អែកលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក។

ដោយឡែក នៅក្នុងការសន្ទនាតាមទូរស័ព្ទប្រមាណ ៩០នាទី រវាងលោក Trump ជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររឹងមាំរបស់ខ្លួននៅលើសមរភូមិ ខណៈលោក Trump នៅតែបន្តអះអាងពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាអ្នកសម្របសម្រួល បង្កើតឱ្យមានការឈប់បាញ់គ្នារវាងអ៊ុយក្រែន និងរុស្ស៊ី នាពេលឆាប់ៗខាងមុខនេះ៕









