ជុំវិញភាពចម្រូងចម្រាសទៅលើវីដេអូរបស់អ្នកបង្កើតដែលបណ្តាលឱ្យមហាជនរិះគន់អ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទៅកាន់អ្នកដទៃទៀតជាពិសេសប្អូនៗជំនាន់ក្រោយដែលចង់ឈរជើងនៅលើវិស័យនេះបានយូរនិងគ្មានបញ្ហា។ ការស្វែងយល់ពីអ្វីដែលខ្លួនធ្វើប្រកបដោយសីលធម៌និងចំណេះដឹងគឺនឹងធ្វើឱ្យដំណើរលើអាជីពនេះបានយូរប៉ុន្តែការល្បីដោយសារតែការជេរវាងាយនឹងរលត់ទៅវិញ។

មុនឡើងយន្តហោះ Rick Kh បានចេញវីដេអូមួយនៅយប់ថ្ងៃទី២៤ មិថុនា ដោយផ្តាំទៅប្អូនៗធ្វើវីដេអូហើយចង់ល្បីយូរអង្វែង។ អ្នកបង្កើតមាតិការូបនេះបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថាក្នុងអំឡុងពេលដែលខ្លួនលោកធ្វើវីដេអូគឺឆ្លងកាត់រឿងជាច្រើនទាំងគេមើលងាយ ទះកំផ្លៀង ជេរប្រមាថ ទាញទម្លាក់ជាន់ឈ្លី ប៉ុន្តែគោលដៅតែមួយគត់របស់លោកនៅក្នុងខួរក្បាលគឺគេចង់ឱ្យលោកតបតតែលោកមិនតបតឡើយ។ Rick Kh ថាគោលដៅតែមួយគឺការធ្វើវីដេអូដំណើរកម្សាន្តទាំងក្រៅប្រទេសក្នុងប្រទេស ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាបានដើរជាមួយលោក និងគោលដៅថាត្រូវធ្វើអ្វីខ្លះដើម្បីទស្សនិកជន។

អ្នកបង្កើតមាតិការូបនេះលើកឡើងទៀតថា គេមើលងាយក្នុងអំឡុងពេលលេចធ្លោគឺកុំតវ៉ា កុំឈ្លោះជាមួយគេ ទោះបីជាជីវិតវេទនាយ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកធ្វើវីដេអូកុំយកបញ្ហានោះមកឡូកឡុំ ត្រូវបំពេញកាតព្វកិច្ចល្អៗ។ Rick Kh ថា ធ្វើជាអ្នកមាតិកាច្បាស់លាស់គឺត្រូវគោរពភាពវិជ្ជមានទៅកាន់អ្នកមើល ដោយហាមដាច់ខាតការជេរប្រទេចដាក់បណ្តាសា ប៉ុន្តែប្តូរមកជារក្សាភាពស្ងៀមស្ងាត់ កុំឱ្យការជេរទាំងនោះមកបំផ្លាញជីវិតរបស់យើង។
Rick Kh បានបង្ហាញថាលោកទ្រាំលាក់ទុក្ខខ្លាំងណាស់មិនមែនលោកធ្វើវីដេអូគ្មានបញ្ហានោះទេប៉ុន្តែរក្សាគោលដៅខ្លួនឯងដោយជឿជាក់ទៅកាន់ផលបុណ្យផលកម្ម។ ដើម្បីរក្សាកេរ្តិ៍ឱ្យខ្លួនឯងបានយូរត្រូវដឹងថាខ្លួនឯងកំពុងធ្វើអ្វី ចង់ធ្វើមាតិកាប្រភេទណាដោយកុំងាកទៅកាន់គោលដៅផ្សេង កុំចង់តាមភ្លើងចំប៉ើង។ 
Rick Kh បានហាមប្រាមកុំឱ្យអ្នកធ្វើវីដេអូជំនាន់ក្រោយចង់ល្បីដោយសារតែការជេរគេ ចង់ល្បីដោយសារតែការស្រែកឡូឡា ដោយសារតែមិនអាចស្ថេរភាពបាននោះទេ ហើយការដែលលោកចេញមកនិយាយនេះគឺចង់ឱ្យអ្នកជំនាន់ក្រោយធ្វើអ្វីបានយូរអង្វែងមិនមែនតែមួយឆាវ ជាពិសេសគឺត្រូវមានសីលធម៌និងចំណេះដឹង៕










