គិន សិលាទេព្ពី ដែលជាប្អូនថ្លៃតារាចម្រៀង ទេព បូព្រឹក្ស និងជាអ្នករាំមួយរូបដ៏មានប្រជាប្រិយភាពបានបង្ហាញការហួសចិត្តទៅលើភាពគ្មានទំនួលខុសត្រូវរបស់ក្រុមការងារតារាចម្រៀង SK ។ មិនត្រឹមតែប៉ុណ្ណោះ ទេព្ពី ក៏បានចែករំលែកវីដេអូរាំរបស់ SK ជាមួយនឹងសម្តីចុកៗ។
ក្បាច់រាំបទ «Did U Look at Me» របស់ តារាចម្រៀង SK កំពុងធ្វើឱ្យមានមតិវែកញែកនៅលើបណ្តាញសង្គមបន្ទាប់ពីអ្នករាំ គិន សិលាទេព្ពី ប្អូនថ្លៃតារាចម្រៀង ទេព បូព្រឹក្ស ចេញមកលាតត្រដាងនិងចោទប្រកាន់ថា តារាចម្រៀងរូបនេះនិងក្រុមការងារមិនឱ្យតម្លៃពេលវេលា ធ្វើការរបស់នាង។ ដំបូងឡើយ ទេព្ពី បានចែករំលែកវីដេអូរបស់តារាចម្រៀង SK ដោយនិយាយថា «មិនអោយតម្លៃពេលវេលាពួកខ្ញុំ …. ធ្វើការដូច អ..»។

ក្រោយមកទៀត ទេព្ពី បានបង្ហោះរូបភាព Screenshot ដោយសរសេរថា «បញ្ជាក់មិនមែន Boom លើកទីមួយ បោះចោលចរិតធ្វើការមិនឱ្យតម្លៃគេនឹងទៅ ហើយសូមជូនពរឱ្យជីវិតស្រស់បំព្រង»។ នៅក្នុងសារនេះគឺបានបង្ហាញកាលបរិច្ឆេតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយពីភាគីម្ខាងទៀតបានទាក់ទងមក ទេព្ពី ក្នុងការពន្យារពេលសម្រាប់ការថតដោយសារតែបញ្ហាប្រទេសជាតិ។ សារមួយទៀតគឺបានបង្ហាញនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយភាគីម្ខាងទៀតបានជូនដំណឹងថាក្បាច់រាំដែល ទេព្ពី បានបង្កើតឡើងសម្រាប់បទ «Did You Look At Me» របស់ SK នឹងត្រូវបានប្រើសម្រាប់ក្រុមអ្នករាំមួយផ្សេងទៀតនៅក្នុងការថត MV។

ក្រោយពីទម្លាយរឿងនេះមានមនុស្សជាច្រើនបង្ហាញការហួសចិត្តនិងចង់ដឹងថាការកែប្រែនេះ SK បានដឹងឬអត់បញ្ហាកើតឡើងមកពីសិល្បករនិងអ្នកចាត់ការឬមកពីការកែប្រែរបស់ក្រុមហ៊ុន។

បន្ទាប់ពីបង្ហោះសារដ៏ក្តៅគគុកខាងលើនេះប្អូនថ្លៃរបស់តារាចម្រៀង ទេព បូព្រឹក្ស បានចេញវីដេអូតែម្តងដោយបានដាក់ចំណងជើងថា «សល់មនុស្សប៉ុន្មាននាក់ទៀតធ្វើការរបៀបចឹង?»។ ទេព្ពី បានបញ្ជាក់ថាការលើកយករឿងនេះមកនិយាយទាំងកន្លងផុតតាំងពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៦ ដោយសារតែមិនមែនកើតឡើងតែលើក្រុមស្រីៗរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែដៃគូប្រុសម្នាក់ទៀតក៏ធ្វើទង្វើបែបនេះដាក់ក្រុមរាំប្រុសៗដូចគ្នា។

ទេព្ពី ថាកាលពីមុនដែលនាងលើកលែងដោយសារតែគិតថាប្រហែលជាមានបញ្ហាទើបនាងមើលហើយមិនឆ្លើយតបដោយសារតែហួសចិត្តពេក ប៉ុន្តែរឿងនេះធ្លាក់ដល់ក្រុមរាំប្រុសៗដែលបង្ហាញពីចរិតនៃការធ្វើការរបស់ពួកគាត់ដូច្នេះទើបនាងមិនចង់ទុកទៀតនោះទេ។ ទេព្ពី បានលើកឡើងថាមុននឹងទៅបង្ហាត់ការរាំដល់សិល្បករគឺក្រុមរាំគ្នា៧,៨នាក់ គឺមានការហ្វឹកហាត់ខ្លាំងណាស់ ហើយនៅមានការកែប្រែជាច្រើនទៀតនៅក្នុងអំឡុងពេលធ្វើការ៕










