តម្លៃប្រេងឥន្ធនៈពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ហេតុអ្វីតម្លៃនៅតាមស្ថានីយមិនព្រមធ្លាក់ចុះ! កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតី Donald Trump បានប្រើប្រាស់បណ្តាញសង្គម Truth Social បញ្ជាដាច់ណាត់ឱ្យមន្ត្រីច្បាប់កំពូលរបស់សហរដ្ឋអាមេរិកត្រួតពិនិត្យបញ្ជីស្នាមរបស់ក្រុមហ៊ុនប្រេងឥន្ធនៈធំៗ ដែលលាក់បាំងប្រាក់ចំណេញ និងមិនព្រមបញ្ចុះតម្លៃសាំងជូនប្រជាពលរដ្ឋ បើទោះជាកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះយ៉ាងគំហុកក៏ដោយ។
លោកប្រធានាធិបតី Trump បានចេញបញ្ជាឱ្យក្រសួងយុត្តិធម៌ (DOJ) បើកការស៊ើបអង្កេតជាបន្ទាន់លើក្រុមហ៊ុនប្រេងធំៗនៅសហរដ្ឋអាមេរិកពីការកេងចំណេញលើប្រជាពលរដ្ឋ ដោយសារក្រុមហ៊ុនទាំងនោះមិនព្រមបញ្ចុះតម្លៃប្រេងនៅតាមស្ថានីយឱ្យស្របតាមតម្លៃលើទីផ្សារពិភពលោកដែលកំពុងធ្លាក់ចុះយ៉ាងគំហុក។ លោកបង្ហោះសារលើបណ្តាញសង្គម Truth Social ថា ៖ «ក្រុមហ៊ុនប្រេង ដូចជា Chevron, ExxonMobil, Shell និង BP មិនព្រមទម្លាក់តម្លៃសាំងឱ្យសមស្របនឹងតម្លៃប្រេងឆៅដែលពួកគេបានទិញក្នុងតម្លៃថោកនោះទេ អតិថិជនត្រូវបានកេងចំណេញតម្លៃ។ ខ្ញុំបានបញ្ជាឱ្យក្រសួងយុត្តិធម៌ចាប់ផ្តើមពិនិត្យមើលបញ្ហានេះជាបន្ទាន់» ។
.jpg)
បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ការធ្វើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាច្រកសម្រាប់ដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក បានធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងគំហុកប្រហែល ៣៦% មកនៅត្រឹមពី ៧០ ទៅ ៧៤ដុល្លារក្នុងមួយបារ៉ែល។ ប៉ុន្តែទោះជាតម្លៃប្រេងឆៅពិភពលោកធ្លាក់ចុះក៏ដោយ ប៉ុន្តែតម្លៃសាំងលក់រាយនៅសហរដ្ឋអាមេរិកទើបតែធ្លាក់ចុះពី ១៣% ទៅ ១៤% ប៉ុណ្ណោះ ដែលធ្វើឱ្យលោកប្រធានាធិបតី Trump មិនពេញចិត្ត និងបញ្ជាឱ្យត្រួតពិនិត្យក្រុមហ៊ុនប្រេងឡើងវិញ។
ជាការឆ្លើយតប អ្នកនាំពាក្យសមាគមប្រេងកាតសហរដ្ឋអាមេរិក (API) ដែលតំណាងឱ្យក្រុមហ៊ុនប្រេង និងឧស្ម័នធំៗ បានចេញមុខបកស្រាយថា តម្លៃប្រេងលក់រាយនៅតាមស្ថានីយមិនអាចធ្លាក់ចុះភ្លាមៗឱ្យស្របគ្នាជាមួយតម្លៃប្រេងឆៅអន្តរជាតិទេ ដោយសារត្រូវឆ្លងកាត់ការកែច្នៃនៅរោងចក្រ ការដឹកជញ្ជូន និងស្តុកទុក។.jpg)
តាមការកត់សម្គាល់របស់អ្នកជំនាញសេដ្ឋកិច្ច គឺស្ថានីយប្រេងជាច្រើនបានទិញប្រេងស្តុកទុកក្នុងតម្លៃខ្ពស់កាលពីមុន ដូច្នេះ ការទម្លាក់តម្លៃភ្លាមៗអាចនាំឱ្យខាតបង់ ម្យ៉ាងវិញទៀត សមត្ថភាពចម្រាញ់ប្រេងក្នុងរោងចក្រនៅមានកម្រិត។ រីឯចំណាត់ការរបស់លោក Trump គឺជាយុទ្ធសាស្ត្រនយោបាយដើម្បីកាត់បន្ថយសម្ពាធពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាអតិផរណា និងតម្លៃថាមពលកើនឡើងខ្ពស់ មុនពេលការបោះឆ្នោតចូលមកដល់នៅខែវិច្ឆិកា។

សូមបញ្ជាក់ថា លោក Trump ចង់ឱ្យបញ្ចុះតម្លៃប្រេងសាំងនៅតាមស្ថានីយ មកត្រឹមតែ២.២៥ដុល្លារក្នុងមួយកាន ខណៈបច្ចុប្បន្ន តម្លៃសាំងនៅតាមស្ថានីយបានធ្លាក់ចុះមកស្មើ ៣.៩០ដុល្លារក្នុងមួយកាន គឺតម្លៃខ្ពស់នៅឡើយ បើធៀបនឹងពេលមុនផ្ទុះសង្គ្រាមមជ្ឈិមបូព៌ា៕










