បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងតារាចម្រៀង ជេន ហ្ស៊ី ម្ចាស់ពាន Rapper Fighter រដូវកាលទី២ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីពួកគេចាប់បានចំណុចមួយចំនួនហាក់បង្ហាញថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងពិសេស។ ជុំវិញពាក្យចចាមអារ៉ាមនេះហ្វេនៗរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហាក់បង្ហាញការគាំទ្រជាវិជ្ជមានមិនដូចអំឡុងពេលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងតារាប្រុស ឃុន។

នៅលើបណ្តាញសង្គមទិកតុកនាពេលថ្មីៗនេះអ្នកគាំទ្របានបង្ហោះវីដេអូព្រោងព្រាតដែលបង្ហាញពី ពេជ្រ វត្តីសារ៉ាវឌ្ឍី និងតារារ៉េប ជេនហ្ស៊ី មានទំនាក់ទំនងលើសពីធម្មតា។ អ្នកគាំទ្រចាប់បានថាដៃដែលតោងមួករបស់ ជេនហ្ស៊ី ក្នុងពេលលេងត្រេនបទ «NOT CUTE ANYMORE» របស់ក្រុម ILLIT គឺដូចជាដៃរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ ការអះអាងនេះដោយសារតែ នាឡិកា និង ចិញ្ចៀននោះគឺដូចជាប៉ះបិតទៅនឹងរូបភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលនាងបានបង្ហោះនៅលើបណ្តាញសង្គម។
ចំណុចមួយទៀតដែលអ្នកគាំទ្រគិតថាពួកគេមានទំនាក់ទំនងពិសេសគឺក្រចកដៃរបស់ ជេនហ្ស៊ី គឺមានការរចនាដែលមានអក្សរ P I C H ដែលផ្គុំចូលគ្នាជាឈ្មោះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ លើសពីនេះ ថ្មីៗនេះ ជេនហ្ស៊ី បានបង្ហោះរូបភាពនៅលើទឹកដីអង្គរវត្ត ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហាញថានាងកំពុងតែស្ថិតនៅខេត្តសៀមរាបដូចគ្នា។
បន្ទាប់ពីចាប់បានភស្តុតាងមួយចំនួនដែលត្រូវគ្នានេះធ្វើឱ្យអ្នកគាំទ្រជាច្រើនសង្ស័យថា ជេនហ្ស៊ី និង ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចមានទំនាក់ទំនងពិសេសលើសពីធម្មតា។ ជុំវិញការសង្ស័យនៃទំនាក់ទំនងរបស់អ្នកទាំងពីរអ្នកគាំទ្ររបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញប្រតិកម្មឆ្លើយតបវិជ្ជមានច្រើនខុសឆ្ងាយពីតារាសម្តែងឃុន។
ជុំវិញការសង្ស័យនេះនៃសម្ព័ន្ធភាពស៊ីជម្រៅលើសពីធម្មតានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ជេនហ្ស៊ី មិនទាន់បានធ្វើការឆ្លើយតបជាផ្លូវការណាមួយឡើយគិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះខណៈអ្នកគាំទ្រកំពុងតាមដានយ៉ាងជិតដិតនៃទំនាក់ទំនងរបស់ពួកគេ៕










