Home ព័ត៌មានជាតិ កម្ពុជាមានឱកាសផ្សព្វផ្សាយវប្បធម៌ទៅកាន់ពិភពលោកកាន់តែច្រើន ក្រោយទទួលបានតួនាទីពិសេសនៅអង្គការ UNESCO

កម្ពុជាមានឱកាសផ្សព្វផ្សាយវប្បធម៌ទៅកាន់ពិភពលោកកាន់តែច្រើន ក្រោយទទួលបានតួនាទីពិសេសនៅអង្គការ UNESCO

255
0

បើកទំព័រថ្មីនៃនយោបាយការទូតវប្បធម៌! ប្រទេសកម្ពុជាត្រូវបានរដ្ឋភាគីជាង ១០០ នៃអង្គការសកលលោក សម្រេចបោះឆ្នោតគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ឱ្យឡើងកាន់តំណែងជា «សមាជិកគណៈកម្មការអន្តររដ្ឋាភិបាល» សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការ UNESCO សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០។ ការឈ្នះឆ្នោតនេះ មិនត្រឹមតែជាការទទួលស្គាល់ជាសកលលើអរិយធម៌ដ៏រុងរឿងរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជោគជ័យដ៏ត្រចះត្រចង់មួយទៀត នៃបេសកកម្មការទូតវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeasTxusgDlv4ESbFMsEX2NOYZrv83yT0_OgiTlFfzJddD5WJQPshFXzOB6jRnK1KceJO9AXaN0gJ3BjVd_YhWutrD3U1xeNvJtR58Tdn3ohfmS_utsW45Prz69xvba_ZJ4lOuMLJJki1wdSa3Um3pIIBXDkIv4FtPuNufnOu2SMgiIkeWqZoGLbvQYLQ/s1280/photo_2026-06-19_10-08-28.jpg
    យោងតាមការផ្ដល់សម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតនៅក្នុងសម័យប្រជុំលើកទី១១ នៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នាទីក្រុងប៉ារីសនេះ បានបង្ហាញយ៉ាងច្បាស់ថា សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់បំផុតចំពោះកម្ពុជា។ ពិភពលោកទាំងមូលទទួលស្គាល់ថា កម្ពុជាជាប្រទេសដែលមានវប្បធម៌ និងអរិយធម៌ដ៏ចំណាស់ពិតប្រាកដ ព្រមទាំងមានបទពិសោធន៍ និងឯកទេសខ្ពស់ ក្នុងការងារអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌នានា។ ការណ៍នេះសហគមន៍អន្តរជាតិផ្តល់ទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់កម្ពុជា ក្នុងការចូលរួមចំណែកដឹកនាំកិច្ចការវប្បធម៌ពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPLwPSXYUrO7Ya5cr0OL2XMbOZoPvN1q8PgBkTTNKSX3EFpGox9thQH1m-Iv8o9OYwev5X_4bxma2dCHXILUNonZEGLyI86xWF03VYirb-tl2aFdcFFDZKe364wJZ2vpUCEGwI33Tig4tGCYZTGQMOWHnQ_x08kWbPa6WCxLfLxBXBvFXAwpuz8nGX0d4/s1280/photo_2026-06-19_10-08-29.jpg

    បើតាមអ្នកនាំពាក្យរូបនេះ ក្រោយពីការទទួលបានអាសនៈនៅក្នុងគណៈកម្មការដ៏មានឥទ្ធិពលមួយនេះ កម្ពុជានឹងទទួលបានឱកាសកាន់តែទូលំទូលាយ និងច្រើនលើសលប់ ដើម្បីផ្សព្វផ្សាយ និងនាំយក «វប្បធម៌ អរិយធម៌» ដ៏សម្បូរបែបរបស់ខ្លួនទៅបង្ហាញទស្សនិកជនទូទាំងសកលលោក។ តួនាទីថ្មីនេះនឹងអនុញ្ញាតឱ្យកម្ពុជាអាចបង្ហាញសក្តានុពលនៃបេតិកភណ្ឌទាំងរូបី និងអរូបី ព្រមទាំងអាចចែករំលែកមេរៀនជោគជ័យ និងយុទ្ធសាស្ត្រថែរក្សាការពារអត្តសញ្ញាណជាតិ ទៅកាន់បណ្តាប្រទេសជាសមាជិកដទៃទៀត ដែលបង្កើនការទាក់ទាញផ្នែកទេសចរណ៍ និងវិនិយោគមកកាន់កម្ពុជាថែមមួយកម្រិតទៀត។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifMx__24oBu62KIDFWlgbMuEiiTp4VJpSUN9jbWKTTfMT3xTLWt68OPLJbks_pADv6VKf7Mo8TdgctfsRugZXSKFCH3lL22OaUYCdfQjdToKRinOxWj0Jp5jXPhz8MJUuXJhNfyj2YB7jVacEdDsEniux1w6iIj1ZSY2LP4TDduLUsuD9m8X9QodwMHSU/s1280/photo_2026-06-19_10-08-30.jpg
    លើសពីកិច្ចការអភិរក្ស លោក ស៊ុ ម៉ាប់ បានសង្កត់ធ្ងន់ថា ជ័យជម្នះនេះគឺជាសក្ខីកម្ម និងជាភាពជោគជ័យថ្មីបន្ថែមទៀត នៃគោលនយោបាយការទូត និងទំនាក់ទំនងអន្តរជាតិដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងយុគសម័យបច្ចុប្បន្ន។ ដើម្បីពង្រីកឥទ្ធិពលនេះឱ្យកាន់តែខ្លាំងក្លា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានផែនការគ្រោងនឹងស្នើសុំរាជរដ្ឋាភិបាល ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការអន្តររដ្ឋាភិបាល UNESCO នេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផ្ទាល់ នៅក្នុងអំឡុងអាណត្តិ ២០២៦-២០៣០ នេះផងដែរ៕