កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ពលរដ្ឋស្វីសបានសម្រេចចិត្តបោះឆ្នោតទាត់ចោលទាំងស្រុងលើសំណើដ៏ចម្រូងចម្រាស់របស់គណបក្សនយោបាយមួយដែលស្នើឱ្យរដ្ឋាភិបាលកំណត់ចំនួនពលរដ្ឋមិនលើសពី១០លាននាក់ និងស្នើបដិសេធជនភៀសខ្លួន។ ពលរដ្ឋលើកឡើងថា ប្រទេសជាច្រើនបានលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួនយកកូនបន្ថែមទៀត ហេតុអ្វីប្រទេសស្វីសបែរជាអនុវត្តផ្ទុយគ្នា បច្ចុប្បន្ន ពលរដ្ឋស្វីសស្មើប្រហែល ៩លាន ១សែននាក់ ប៉ុណ្ណោះ។
.jpg)
យោងតាមលទ្ធផលបោះឆ្នោត ពលរដ្ឋស្វីសរហូតដល់៥៤,៨% បានបោះឆ្នោតប្រឆាំងទៅនឹងសំណើអនុវត្តគោលនយោបាយនេះ ហើយមានពលរដ្ឋត្រឹមតែ៤៥,២% ប៉ុណ្ណោះដែលបោះឆ្នោតគាំទ្រ។ ពលរដ្ឋស្វីសភាគច្រើនបដិសេធសំណើរបស់គណបក្សប្រជាជនស្វីស (SVP) ដែលជាគណបក្សស្តាំនិយម ស្នើទៅកាន់រដ្ឋាភិបាលឱ្យអនុវត្តគោលនយោបាយកំណត់ចំនួនពលរដ្ឋត្រឹមតែ១០លាននាក់ រហូតដល់ឆ្នាំ២០៥០ ដោយមតិនានាបង្ហាញក្តីបារម្ភពីកង្វះខាតកម្លាំងពលកម្មជំនាញយ៉ាងខ្លាំងនាថ្ងៃអនាគត ជាពិសេស ក្នុងវិស័យសុខាភិបាល ទេសចរណ៍ និងបច្ចេកវិទ្យា។ 
មូលហេតុចម្បងដែលពលរដ្ឋភាគច្រើនបដិសេធនឹងការកំណត់ចំនួនពលរដ្ឋ និងបដិសេធការមិនទទួលយកជនភៀសខ្លួន ដោយសារពួកគេបារម្ភខ្លាំងពីផលប៉ះពាល់សេដ្ឋកិច្ច និងទំនាក់ទំនងជាមួយអន្តរជាតិ។ ម្យ៉ាងទៀត ស្វីសមានពលរដ្ឋវ័យចំណាស់កាន់តែច្រើន ទើបពួកគេត្រូវការកម្លាំងពលកម្មវ័យក្មេងចូលមកធ្វើការ។
ក្រៅពីការបដិសេធពីសំណាក់ពលរដ្ឋ គណបក្សនយោបាយផ្សេងៗ ព្រមទាំងតំណាងក្រុមហ៊ុនឯកជន និងសហភាពការងារ ក៏បានបដិសេធដែរ ដោយលើកឡើងពីហេតុផលដូចគ្នានឹងពលរដ្ឋ។ លើសពីនេះ ការស្នើឱ្យរដ្ឋាភិបាលមិនទទួលយកជនភៀសខ្លួន នឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរកម្លាំងពលកម្មដោយសេរីជាមួយសហភាពអឺរ៉ុប (EU) ហើយជំរុញឱ្យប្រទេសស្វីសឯកោផ្នែកសេដ្ឋកិច្ច។

ចំណែកគណបក្ស SVP លើកឡើងថា បច្ចុប្បន្ន នៅតាមដងផ្លូវនានាកកស្ទះចរាចរណ៍យ៉ាងខ្លាំង បទល្មើសឧក្រិដ្ឋកម្មកើនឡើង តម្លៃផ្ទះកើនឡើង ហើយមនុស្សច្រើនពេកនឹងប៉ះពាល់ដល់បរិស្ថាន បាត់បង់តំបន់បៃតង ស្របពេលមានជនភៀសខ្លួនចូលមករស់នៅប្រទេសស្វីសយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ក្រៅពីនេះ ក៏មានបញ្ហាការរស់នៅ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងមន្ទីរពេទ្យនានា ត្រូវទទួលបន្ទុកកាន់តែធ្ងន់ថែមទៀត និងចំណាយថវិកាច្រើនជាងមុន។
ទោះយ៉ាងណា រដ្ឋាភិបាលស្វីសមិនបានចាត់វិធានការតឹងរ៉ឺងដើម្បីទប់ស្កាត់ចំនួនពលរដ្ឋមិនឱ្យលើសពី១០លាននាក់ និងមិនទទួលយកជនភៀសខ្លួន តាមសំណើរបស់គណបក្ស SVP ឡើយ ពីព្រោះក្នុងប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេសមួយនេះ រដ្ឋាភិបាលគ្មានសិទ្ធិសម្រេចអនុវត្តសំណើទេ ពោលគឺត្រូវឆ្លងកាត់ការបោះឆ្នោតសម្រេចពីពលរដ្ឋជាមុន។ លទ្ធផលបោះឆ្នោតនៅទូទាំងប្រទេសបង្ហាញថា ពលរដ្ឋភាគច្រើនបដិសេធ ទើបសំណើត្រូវបានច្រានចោលជាផ្លូវការ៕










