ចប់ហើយមិនដឹងអ្នកណាខ្លះបានហូបចូលពោះ មិនដឹងថាបានចែកចាយដល់ទីផ្សារណាខ្លះទេ! អាជ្ញាធរខេត្តកណ្ដាលបានបញ្ជាឱ្យឈប់ប្រើប្រាស់ និងចែកចាយប្រហិតម៉ាក TSP ភ្លាមៗ ក្រោយបង្ក្រាបបានទំនិញអត់ស្តង់ដារជិត ៩តោន ដែលរួមមាន ប្រហិត ហតដក និងសាច់បង្កក ជាទំនិញគ្មានប្រភពច្បាស់លាស់ ទុកដាក់ខុសបច្ចេកទេស និងបិទកាលកំណត់ប្រើប្រាស់ថ្មីលើផលិតផលចាស់ដែលហួសដឺឡេ ក្នុងចេតនាបំភាន់និងបន្លំអ្នកប្រើប្រាស់។

យោងតាមរបាយការណ៍នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានចេញសេចក្តីប្រកាសអាសន្ន និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ព្រមទាំងម៉ូយបោះដុំទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ បរិភោគ ឬចែកចាយបន្តនូវរាល់ផលិតផលសាច់កែច្នៃគ្រប់ប្រភេទពីយីហោ ឬម៉ាក TSP ជាបន្ទាន់។
.jpg)
ការប្រកាសអាសន្ននេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ រួមមានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. និងអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការចុះបង្ក្រាបឃ្លាំងស្តុកទំនិញចំនួន ២កន្លែង របស់ក្រុមហ៊ុន TSP (មានម្ចាស់ឈ្មោះ ទ្រី សុភាព) ស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងដកហូតទំនិញរួមមាន សាច់បង្កក, ប្រហិតក្តាម, នំប៉ាវ, ហតដក, និងប្រហិតសាច់ក្តាម សរុបជិត ៩តោន ដែលស្តុកទុកនៅក្នុងក្រុមហ៊ុននោះ ដោយមន្ត្រីជំនាញបានបញ្ជាក់ច្បាស់ៗថា «គ្មានអនុលោមភាពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងគ្មានប្រភពដើមច្បាស់លាស់ឡើយ»។.jpg)
រឿងដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ ឃ្លាំងស្តុក និងចែកចាយនេះ បានដំណើរការមួយរយៈពេលមកហើយ ដែលគេមិនដឹងថាមានផលិតផលខូចគុណភាព និងផ្ទុកសារធាតុមិនចំនួនប៉ុន្មានម៉ឺនកញ្ចប់នោះទេ ត្រូវបានចែកចាយទៅដល់ដៃអ្នកលក់ដូរតាមសាលារៀន តាមផ្សារ និងតូបអាហារប៊ូហ្វេនានា ហើយមានក្មេងៗ ឬប្រជាពលរដ្ឋប៉ុន្មាននាក់ទៅហើយដែលបានបរិភោគវាចូលទៅក្នុងពោះ។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុដល់សុខភាពសាធារណៈ ឯកឧត្តម គួច ចំរើន បានណែនាំឱ្យអ្នកដែលបានទិញទំនិញពីយីហោ TSP ទាំងអស់ (ជាពិសេសប្រហិតចម្រុះទាំង ១៣មុខ) ត្រូវប្រគល់ទំនិញទាំងនោះជូនសមត្ថកិច្ចដើម្បីយកទៅដុតកម្ទេចចោល។ ចំណែកឯទីតាំងឃ្លាំងទាំងពីរត្រូវបានបិទជាបណ្តោះអាសន្ន ហើយម្ចាស់ទីតាំងកំពុងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕










