ចាប់ដៃគ្នាពង្រឹងរបងការពារជាតិ និងសន្តិសុខកាន់តែរឹងមាំ ដើម្បីស្ថិរភាពយុទ្ធសាស្ត្រតំបន់! កម្ពុជា និងចក្រភពអង់គ្លេស បានឈានដល់ការព្រមព្រៀងគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការរឹតចំណងយុទ្ធសាស្ត្រពង្រឹងវិស័យការពារជាតិ និងសន្តិសុខទ្វេភាគីឱ្យកាន់តែស៊ីជម្រៅជាងពេលណាៗទាំងអស់។ ការបោះជំហានរួមគ្នាយ៉ាងមុតស្រួចនេះមិនត្រឹមតែជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណវិជ្ជមានមួយបង្ហាញទៅកាន់ពិភពលោកពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសេរីភាពដែនទឹកនៅក្នុងក្របខ័ណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលផងដែរ។

កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម។ 
នៅក្នុងជំនួបកម្រិតកំពូលនោះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចគន្លឹះយុទ្ធសាស្ត្រសំខាន់ៗជាច្រើន រួមមាន៖ ការបង្កើនសមត្ថភាពកងទ័ព ដោយជម្រុញទំនាក់ទំនងផ្ទាល់រវាងកងយោធពលខេមរភូមិន្ទ (RCAF) និងកងទ័ពភូមិន្ទអង់គ្លេស តាមរយៈការបង្កើតកម្មវិធីបណ្ដុះបណ្ដាលរួមគ្នា និងការផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសយោធាទំនើបៗ។ ការបង្កើនសកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងការប្ដេជ្ញាចិត្តរួមគ្នាក្នុងការផ្លាស់ប្តូរព័ត៌មានចារកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា (Cybercrimes) និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងគំរាមកំហែងដល់សន្តិសុខសង្គម។.jpg)
សូមបញ្ជាក់ថា ការឈានដល់ការព្រមព្រៀងលើវិស័យការពារជាតិ និងសន្តិសុខនាពេលនេះ គឺជាសក្ខីកម្មបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចក្រភពអង់គ្លេស មិនត្រឹមតែផ្ដោតលើវិស័យសេដ្ឋកិច្ច និងការអប់រំប៉ុណ្ណោះទេ ប៉ុន្តែបានរីកលូតលាស់ទៅជាដៃគូយុទ្ធសាស្ត្រការពារជាតិដ៏គួរឱ្យទុកចិត្ត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃសន្តិសុខសកលលោក៕










