បន្ទាប់ពី ប៉ីប៉ី ឌី ជួបគ្រោះថ្នាក់ចរាចរណ៍អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងពីអ្នកលក់អនឡាញ អាជី ដែលកន្លងមកអ្នកទាំងពីរធ្លាប់ប៉ះពារសម្តីជាមួយគ្នាយ៉ាងក្តៅគគុកកាលពីកន្លងមកនេះ។ ទោះយ៉ាងណា អាជី បានប្រកាសយ៉ាងច្បាស់លាស់ថារឿងដទៃនាងសុំមិនលូកដៃប៉ុន្តែបែរជាមនុស្សម្នាក់ដែលទុកបំណុលឱ្យនាងដោះចាំនាងចូលខ្លួនពាក់ព័ន្ធ។

នៅល្ងាចថ្ងៃទី៩ មិថុនា អាជី បានចេញវីដេអូមួយដែលមានរយៈពេលជាង២នាទី ដោយបញ្ជាក់ច្បាស់ៗថារឿងអ្នកផ្សេងនាងសុំមិនពាក់ព័ន្ធ ប៉ុន្តែបើរឿងបុគ្គលម្នាក់ដែលលក់បោកមហាជននាងនឹងចូលខ្លួនពាក់ព័ន្ធដោយ អាជី អះអាងថាជាកូនបំណុលរបស់ខ្លួនដែលទុកបំណុលឱ្យខ្លួនដោះចំនួនរាប់ម៉ឺនដុល្លារ។ អាជី លើកឡើងទៀតថា ទោះបីជាកន្លងមកធ្លាប់ប៉ះពារសម្តីជាមួយគ្នាក្តី ប៉ុន្តែនាងមិនគុំគួន ចូលខ្លួនពាក់ព័ន្ធសើចយំរឿងអ្នកណានោះទេ។
អ្នកលក់អនឡាញរូបនេះបន្ថែមទៀតថារឿងនាងនិងគេ ដែលចង់សម្តៅដល់ ប៉ីប៉ី ឌី គឺបានបញ្ចប់រួចរាល់ហើយ ហើយគេក៏មិនបានធ្វើអ្វីឱ្យនាងឈឺចាប់ស្អិតទ្រូងឆ្អែតចិត្តដូចមនុស្សម្នាក់នោះទេ។ អាជី លើកឡើងទៀតថាបើថ្ងៃក្រោយជួបគ្នាគេញញឹមដាក់នាង នាងនឹងញញឹមដាក់វិញធម្មតា។ ជាមួយគ្នានេះ អាជី ក៏ស្នើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនកុំទាញនាងចូលទៅពាក់ព័ន្ធ ពីព្រោះការប៉ះទង្គិចកន្លងមកអាចដោយសារតែបុគ្គលម្នាក់នោះប៉ុណ្ណោះដែលជាសត្រូវសួពូជរបស់នាង។
.png)
ការបញ្ជាក់របស់ អាជី ដែលមិននិយាយសើចចំអកចូលខ្លួនទៅពាក់ព័ន្ធរឿងគ្រោះថ្នាក់ចរាចរណ៍របស់ ប៉ីប៉ី ឌី បានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរនិងគាំទ្រនិងថានាងជាមនុស្សសម្តីអាក្រក់ប៉ុន្តែក៏មានចិត្តមិនសើចយំទោះកន្លងមកធ្លាប់មានជម្លោះជាមួយគ្នាក៏ដោយ។ 
គួរឱ្យដឹងថា បន្ទាប់ពីប៉ះពារសម្តីជាមួយនឹង អាជី ផ្អើលអស់បណ្តាញសង្គមគេស្រាប់តែឃើញ ប៉ីប៉ី ឌី បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍២ដងជាហេតុមនុស្សមួយចំនួនបាននិយាយផ្លែផ្កាដាក់ ប៉ីប៉ី ឌី ខណៈក៏ទាញ អាជី ចូលមកក្នុងរឿងនេះ។ ទោះយ៉ាងណា ការបញ្ជាក់របស់ អាជី នាពេលនេះគឺនាងមិនមានចិត្តខឹងគុំគួននឹង ប៉ីប៉ី ឌី តទៅទៀតនោះទេថែមទាំងស្នើកុំឱ្យអ្នកផ្សេងអូសនាងចូលទៅក្នុងហេតុការណ៍គ្រោះថ្នាក់របស់ ប៉ីប៉ី ឌី ទៀតផង៕










