លោក Anutin Charnvirakul នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋាភិបាលបាននិយាយពីអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra ទទួលបានការលើកលែងទោ.សទាំងស្រុងពីព្រះមហាក្សត្រមុនពេលកំណត់ថា អតីតនាយករដ្ឋមន្ត្រីរូបនេះគ្មានឥទ្ធិពលអ្វី ឬអាចត្រួតត្រាលើរដ្ឋាភិបាលបច្ចុប្បន្នទេ ពីព្រោះនយោបាយថៃបានផ្លាស់ប្តូរអស់ទៅហើយ អ្នកដែលមានអំណាចសម្រេចចិត្ត គឺមានតែពលរដ្ឋប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលស្តាប់ពលរដ្ឋ។
លោក Anutin មេដឹកនាំគណបក្សភូមិចៃថៃ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកស្រី Paetongtarn Shinawatra (កូនស្រីរបស់លោក Thaksin) ត្រូវបានតុលាការធម្មនុញ្ញដកហូតតំណែង ហើយពេលនេះ គណបក្សភឿថៃរបស់លោក Thaksin ដែលធ្លាប់តែដឹកនាំរដ្ឋាភិបាល និងជាឧបករណ៍នយោបាយរបស់គ្រួសារ Shinawatra បានធ្លាក់ខ្លួនមកធ្វើជាដៃគូជាមួយរដ្ឋាភិបាលរបស់គណបក្សភូមិចៃថៃ ក្រោមការដឹកនាំរបស់លោក Anutin វិញ។
ការធ្លាក់ខ្លួនរបស់គណបក្សភឿថៃ គឺក្នុងពេលបោះឆ្នោតកន្លងមក គណបក្សនេះធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង ខណៈគណបក្សភូមិចៃថៃ បែរជាឈ្នះឆ្នោតទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ ព្រោះតែមានគោលនយោបាយគាំទ្រក្រុមជាតិនិយមជ្រុលពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា-ថៃ។
អ្នកវិភាគនយោបាយកត់សម្គាល់ថា ឥទ្ធិពលរបស់លោក Thaksin បានចុះខ្សោយយ៉ាងខ្លាំង បើទោះជាទទួលបានការលើកលែងទោសពីព្រះមហាក្សត្រឱ្យមានសេរីភាពក៏ដោយ ប៉ុន្តែលោកមិនអាចបង្គាប់បញ្ជា ឬមានអំណាចលើរដ្ឋាភិបាលចម្រុះរបស់លោក Anutin ឡើយ។ លោក Anutin បានគ្រប់គ្រងអំណាចផ្ទៃក្នុងរដ្ឋាភិបាលយ៉ាងរឹងមាំ ដោយមិនត្រឹមតែកាន់តំណែងជានាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែក្តោបក្តាប់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថែមទៀត ដើម្បីឱ្យខ្លួនមានអំណាចពេញលេញលើការដឹកនាំរដ្ឋបាលខេត្ត-ក្រុងនៅទូទាំងប្រទេស។
ការមានសេរីភាពនាពេលនេះរបស់លោក Thaksin គឺអាចធ្វើបានត្រឹមតែការចែករំលែកមតិយោបល់ ឬផ្តល់ដំបូន្មានក្នុងនាមជាអ្នកនយោបាយចាស់ទុំប៉ុណ្ណោះ មិនមែនជាអ្នកចេញបញ្ជាឱ្យរដ្ឋាភិបាលបច្ចុប្បន្នអនុវត្តតាមនោះឡើយ។
សរុបមក លោក Anutin ជឿជាក់ថា លោក Thaksin គ្មានឥទ្ធិពលលើរដ្ឋាភិបាលរបស់ខ្លួន ដោយសារលោក Anutin កំពុងតែក្តោបក្តាប់អំណាចភាគច្រើន ខណៈគណបក្សនយោបាយភឿថៃ បានចុះខ្សោយអំណាចយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន៕










