រយៈពេលចុងក្រោយនេះវិស័យកុនក្នុងស្រុកហាក់មានការជជែកវែកញែកទៅលើគុណភាពនិងភាពមិនស្មោះត្រង់ដែលបណ្តាលឱ្យផលិតករបង្ហាញការព្រួយបារម្ភ ខណៈផលិតកម្មសាស្ត្រាហ្វៀមព្រមានចាត់វិធានការតាមច្បាប់។ ជាងនេះទៅទៀត អ្នកវិភាគឯករាជ្យ ស្រាប់តែទម្លាយរឿងហួសចិត្តទៅលើផលិតករកុនមួយចំនួនមានគំនិតចង់កំចាត់លោកចោល។

នៅយប់ថ្ងៃទី៣១ ខែឧសភា អ្នកវិភាគឯករាជ្យ បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «តើអ្នកចង់ស្តាប់រឿងកំប្លែងទេ? ផលិតករធ្វើកុនអន់១ក្រុម បបួលគ្នា ជុំគ្នាតែអត់ពិភាក្សាគ្នារិះរកវិធីកែច្នៃគុណភាពខំកសាងឱ្យល្អទេ បែជានាំគ្នាទៅជួប មន្ត្រីនៅក្រសួងម្នាក់រាយការណ៍ពីខ្ញុំ ..»។ (កុំឱ្យគេថាកុនអន់ :កសាងគុណភាពកុនអន់ ..តែ កំចាត់អ្នកនិយាយកុនអន់កុននោះនឹងលែងមានពាក្យថាអន់។ តែអកុសល ពួកគាត់អត់ដឹងទេថា មន្ត្រីដ៏គួរឱ្យគោរពម្នាក់នោះគឺជា Top fan ផេក»។
ការទម្លាយរបស់ អ្នកវិភាគឯករាជ្យ បានធ្វើឱ្យអ្នកមួយចំនួនបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងខណៈមានអ្នកបញ្ចេញមតិយោបល់គួរឱ្យកត់សម្គាល់។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «សូម្បីតែStatusបងហ្ស៊ីនក៏មាន Plot twist ដែរ គ្រាន់បើជាងរឿងមួយចំនួនត្រង់ភ្លឹង សាបឈឹង», «របស់ខ្លួនឯងអត់ឆ្ងាញ់បែរជាថាគេអត់ចេះហូប»។ គណនីមួយមានឈ្មោះថា Yeay Khla បានបញ្ចេញមតិថា «ការពិតនៅខាងក្រសួងគេមានតែលើកទឹកចិត្តឱ្យមានការវិភាគ ដើម្បីជួយជំរុញវិស័យភាពយន្តឱ្យកាន់តែមានគុណភាព»។ ការបញ្ចេញមតិនេះ អ្នកវិភាគឯករាជ្យ បានឆ្លើយតបថា «មន្ត្រីនៅក្រសួងវប្បធម៌ជាពិសេសខាងនាយកដ្ឋានរៀនចប់សុទ្ធពីរុស្ស៉ីហាសយាយ! សូម្បីប្អូនខ្ញុំមួយ ចាន់រិទ្ធ ក៏រុស្ស៉ី។ គេរឿងអីក្រឡេកមិនឆេះថាកុនណាអន់ គេទៅស្តាប់ពាក្យដោះសាររបស់កាកផលិតករ! ដូចកាលរឿង ម៉ែនាថ ឡើងមន្ត្រី censor គេមើលដឹងហើយថាផលិតករយក concept រឿង អាដែងកូនព្រាយក្រឡាភ្លើងសៀម ។ លោកពូសិនចាន់សាយ៉ា លោកជាទីប្រឹក្សាក្រសួងវប្បធម៌ ខ្ញុំត្រូវបានគាត់បញ្ជូនទៅរៀននៅ ម៉ាឡេស៊ី ជួបលោកលើកណា លោកថា « ផលិតករខ្ជីខ្ជាធ្វើរួចពីដៃ . កាលពូនៅពូស្តីឱ្យយកទៅកែមកវិញគ្មានកែទេ .. ដល់បញ្ចាំងគេជេរ ជេរយើងក្រុមត្រួតពិនិត្យ .. ក្មួយឯងដាក់ទៅក្មួយ! »។
គួរឱ្យដឹងថា អ្នកវិភាគឯករាជ្យ មានឈ្មោះពិតថា វណ្ណ ស៊ីដារ៉ូ គឺជាអតីតនិស្សិតខាងផ្នែកច្បាប់ និងធ្លាប់បម្រើការងារនៅក្នុងវិស័យកុន។ ទោះយ៉ាងណា ការបង្ហោះរបស់លោកជារឿយៗបានប៉ះទង្គិចជាមួយនឹងផលិតករកុន រួមទាំងតារាល្បីៗមួយចំនួនផងដែរ៕










