ប្រទេសថៃហាក់កំពុងបោះជំហានយ៉ាងលឿនក្នុងការស្វែងរក និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រយោធាថ្មីៗជាមួយប្រទេសជាច្រើននៅក្នុងតំបន់ បន្ទាប់ពីកងទ័ពភូមិន្ទថៃ និងកងកម្លាំងប្រដាប់អាវុធសិង្ហបុរី បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង (MOU) រយៈពេល ៥ ឆ្នាំបន្ថែមទៀត ដើម្បីធានាការបង្កើនសមត្ថភាព និងពង្រីកអំណាចយោធារួមគ្នាក្នុងយុគសម័យឌីជីថល។
.jpg)
យោងតាមក្រសួងការពារជាតិសិង្ហបុរី កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ម្សិលមិញ ប្រទេសសិង្ហបុរី និងថៃ បានបន្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី (SAF) ក្នុងសមយុទ្ធ Cobra Gold (XCG) នៅប្រទេសថៃ នៅខាងក្រៅកិច្ចសន្ទនា Shangri-La លើកទី ២៣ ដោយពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។
.jpg)
កិច្ចព្រមព្រៀងនេះនឹងធានាជាផ្លូវការនូវការបញ្ជូនកងទ័ពសិង្ហបុរីឱ្យចូលរួមក្នុងសមយុទ្ធ Cobra Gold នៅក្នុងប្រទេសថៃជាទៀងទាត់រហូតដល់ឆ្នាំ ២០៣១ ដែលវាជាសមយុទ្ធយោធាពហុជាតិដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សហការរៀបចំដោយថៃ និងសហរដ្ឋអាមេរិក។ នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០២៦ នេះ ប្រទេសទាំងពីរបានបន្ថែមបទប្បញ្ញត្តិថ្មីៗដែលផ្តោតលើសុវត្ថិភាព ការបណ្តុះបណ្តាលរួមគ្នា និងការគាំទ្រផ្នែកភស្តុភារយោធារវាងកងទ័ពអាកាសនៃប្រទេសទាំងពីរ។ 
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺការរុញច្រានកិច្ចសហប្រតិបត្តិការការពារជាតិទៅលើវិស័យបច្ចេកវិទ្យាជម្រៅខ្ពស់ គឺសន្តិសុខសាយប័រ (Cybersecurity) ដើម្បីការពារការវាយប្រហារលើប្រព័ន្ធព័ត៌មានជាតិ និងការការពារហេដ្ឋារចនាសម្ព័ន្ធក្រោមបាតសមុទ្រ ដែលជាបេះដូងនៃប្រព័ន្ធទំនាក់ទំនងអ៊ីនធឺណិត។

គួរជម្រាបថា ការផ្លាស់ប្តូរយុទ្ធសាស្ត្រការទូតយោធារបស់ថៃនៅពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ថៃមិនត្រឹមតែពឹងផ្អែកលើមហាអំណាចធំៗនោះទេ ប៉ុន្តែក៏កំពុងបង្កើតប្លុកសម្ព័ន្ធមិត្តយោធាដ៏រឹងមាំមួយជាមួយប្រទេសជិតខាងដែលមានសក្តានុពលសេដ្ឋកិច្ច និងបច្ចេកវិទ្យាខ្ពស់ដូចជាសិង្ហបុរី និងវៀតណាមផងដែរ ដើម្បីរក្សាតុល្យភាពអំណាច និងពង្រឹងសន្តិសុខជាតិឱ្យបានកាន់តែយូរអង្វែង៕










