លទ្ធផលដែលបានមកពីស្មារតីពហិការរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ បានធ្វើឲ្យធ្វើឱ្យក្រុមហ៊ុនប្រេងលំដាប់កំពូលរបស់ថៃ PTT ត្រូវថប់ដង្ហើម និងបង្ខំចិត្តប្រកាសដកថយទាំងជូរចត់ ដើម្បីស្វែងរកទីផ្សារថ្មីជំនួសប្រទេសកម្ពុជាវិញ ក្រោយដឹងខ្លួនថា «មិនអាចទប់ទល់» នឹងកម្លាំងធ្វើពហិការរបស់ប្រជាពលរដ្ឋកម្ពុជាបានតទៅទៀតបាន។

យោងតាមការចុះផ្សាយរបស់ Bangkok Post ក្រុមហ៊ុន PTT Oil and Retail Business (OR) បានចេញមុខទទួលស្គាល់ជាផ្លូវការនូវវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ នៅក្នុងរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៦។ Bangkok Post បានរំលេចថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានដួលរលំ និងធ្លាក់ចុះរហូតដល់ ៤៤% ធៀបនឹងឆ្នាំមុន។
.jpg)
មហន្តរាយសេដ្ឋកិច្ចរបស់ក្រុមហ៊ុនថៃមួយនេះ កើតឡើងបន្ទាប់ពីការលក់ប្រេងនៅក្រៅប្រទេសបានធ្លាក់ចុះ ១២,៥% ដែលភាគច្រើនបណ្តាលមកពីការធ្លាក់ចុះការលក់ពី ៥០% ទៅ ៦០% នៅក្នុងប្រទេសកម្ពុជា។ ជម្លោះព្រំដែន និងភាពតានតឹងផ្នែកនយោបាយដែលបានអូសបន្លាយពេលអស់រយៈពេល ១ឆ្នាំពេញ បានធ្វើឱ្យប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មកម្ពុជាធ្វើពហិការលែងប្រើប្រាស់ទំនិញថៃ។ ជាលទ្ធផល ស្ថានីយ៍ប្រេង PTT នៅកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុគពីប្រហែល ២០០ កន្លែង មកនៅត្រឹមតែ ៩១ កន្លែង ប៉ុណ្ណោះគិតត្រឹមចុងខែមិនា ឆ្នាំ២០២៦ ខណៈស្ថានីយ៍ចាស់ៗបានសម្រេចចិត្តប្តូរទៅប្រើប្រាស់ម៉ាកយីហោក្នុងស្រុក និងអន្តរជាតិផ្សេងទៀតជំនួសវិញ។

លោកស្រី Wilaiwan Kanjanakanti អនុប្រធានប្រតិបត្តិជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន OR ដែលបានបញ្ជាក់ថា ដោយសារតែទីផ្សារកម្ពុជា (ដែលធ្លាប់ជាទីផ្សារក្រៅប្រទេសធំបំផុត) ជួបហានិភ័យខ្ពស់ ក្រុមហ៊ុនកំពុងបង្វែរទិសដៅយុទ្ធសាស្ត្រទៅស្វែងរកឱកាសទីផ្សារថ្មីៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកជំនួសវិញ។ យុទ្ធសាស្រ្តនេះត្រូវបានគេមើលឃើញថា គឺជាការរត់ចោលកម្ពុជា សម្លឹងរកទីផ្សារផ្សេងព្រោះក្រុមហ៊ុនមិនអាចទ្រាំទ្រនឹងការខាតបង់បន្តទៀតបាន។
បច្ចុប្បន្ន PTT កំពុងងាកទៅពង្រឹងស្ថិរភាពអាជីវកម្ម និងពង្រីកខ្លួននៅក្នុងប្រទេសឡាវ និងហ្វីលីភីន ជំនួសឱ្យកម្ពុជា ព្រមទាំងរង់ចាំឱកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រសិនបើសភាពាណិជ្ជកម្មអំណោយផល។ ក្រៅពីការរត់រកទីផ្សារបរទេសថ្មី ក្រុមហ៊ុនក៏បានសម្រេចចិត្តដកទុនមួយផ្នែកមកវិនិយោគក្នុងស្រុកថៃវិញ ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី (EV Charging Stations) ដើម្បីប៉ះប៉ូវការខាតបង់ដ៏ធំធេងនេះ៕










