Home ព័ត៌មានអន្តរជាតិ នយោបាយថៃឡើងកំដៅខ្លាំង! ព្រឹទ្ធសភាទុកឱសានវាទ៣ថ្ងៃ ឱ្យមេបក្សប្រឆាំងសុំទោសរឿងរិះ.គ.ន់របបដឹកនាំ

នយោបាយថៃឡើងកំដៅខ្លាំង! ព្រឹទ្ធសភាទុកឱសានវាទ៣ថ្ងៃ ឱ្យមេបក្សប្រឆាំងសុំទោសរឿងរិះ.គ.ន់របបដឹកនាំ

102
0

បាងកក៖ ស្ថានការណ៍នយោបាយនៅប្រទេសថៃកំពុងតែឡើងកម្តៅយ៉ាងខ្លាំង បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងបានរិះគន់ និងអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំរបស់គណបក្សកាន់អំណាច។ ភាពតានតឹងនេះបានឈានដល់ចំណុចទាល់ច្រក ខណៈដែលមេបក្សប្រឆាំងប្រកាសបដិសេធមិនព្រមសុំទោសសមាជិកព្រឹទ្ធសភាទាំង ៨៩ រូប តាមការទាមទារឡើយ។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ សមាជិកព្រឹទ្ធសភាថៃចំនួន ៨៩ រូប ដឹកនាំដោយលោក Phisit Apivatanapong បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសលោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រឆាំង និងបានទុកឱសានវាទរយៈពេល ៣ ថ្ងៃ ដើម្បីឱ្យរូបលោកចេញមុខសុំទោសជាសាធារណៈ។

ប្រភពនៃការខ្វែងគំនិតនេះ កើតឡើងបន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរិះគន់ចំៗថា ព្រឹទ្ធសភាបច្ចុប្បន្នកំពុងបំពេញការងារនៅក្រោមបញ្ជារបស់គណបក្សភូមិចៃថៃ (Bhumjaithai) របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំបច្ចុប្បន្ន ដោយលោកចាត់ទុកថាជារបបបន្តវេនពីការធ្វើរដ្ឋប្រហារ។

សមាជិកព្រឹទ្ធសភាបានទាត់ចោលការចោទប្រកាន់នេះភ្លាមៗ និងបានចាត់ទុកថាជា «ការញុះញង់ពលរដ្ឋ និងបំផ្លាញទំនុកចិត្តលើស្ថាប័នព្រឹទ្ធសភា»។ ពួកគេបានអះអាងថារាល់ការសម្រេចចិត្តគឺធ្វើឡើងដោយឯករាជ្យ មិនស្ថិតក្រោមឥទ្ធិពល ឬបញ្ជារបស់លោកនាយករដ្ឋមន្ត្រី Anutin ឬគណបក្សភូមិចៃថៃឡើយ។ ព្រឹទ្ធសភាក៏បានព្រមានផងដែរថា ទង្វើរបស់មេបក្សប្រឆាំងនឹងក្លាយជាឧបសគ្គរាំងស្ទះដល់ដំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រោះការអនុម័តដាច់ខាតត្រូវមានសំឡេងគាំទ្រពីព្រឹទ្ធសភា។ ប្រសិនបើគ្មានការសុំទោសជាបន្ទាន់ទេ ពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ពីបទ «ប្រមាថរដ្ឋធម្មនុញ្ញ»។

ទោះជាយ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ លោក Natthaphong មេដឹកនាំគណបក្សប្រឆាំង នៅតែរក្សាជំហររឹងមាំ និងមិនព្រមសុំទោសតាមការទាមទារនោះឡើយ។ លោកបានចេញមុខបំភ្លឺថា ការលើកឡើងរបស់លោកគឺជារូបភាពរួម មិនមែនសំដៅលើបុគ្គល ឬសមាជិកព្រឹទ្ធសភាណាម្នាក់ឡើយ។ លោកបានសង្កត់ធ្ងន់ថា លោកនឹងនៅតែបន្តរក្សាគោលជំហរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដ្បិតអីព្រឹទ្ធសភាគំរាមប្តឹងផ្តល់តាមផ្លូវច្បាប់ក៏ដោយ។

លោក Natthaphong បានបន្ថែមថា ព្រឹទ្ធសភាបច្ចុប្បន្នគឺកើតចេញពីរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលជាផលផ្លែផ្កានៃការធ្វើរដ្ឋប្រហាររបស់លោក Prayut Chan-o-cha ហើយរដ្ឋាភិបាលបច្ចុប្បន្នបានពង្រឹងអំណាចតាមរយៈការតែងតាំងមនុស្សរបស់ខ្លួនចូលទៅក្នុងព្រឹទ្ធសភា និងស្ថាប័នឯករាជ្យជាច្រើន។

គួររំលឹកផងដែរថា គណបក្សប្រឆាំងតែងតែព្យាយាមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដើម្បីលុបបំបាត់ឥទ្ធិពលដែលសេសសល់ពីរដ្ឋប្រហារ។ ប៉ុន្តែការរិះគន់ចំៗនិងធ្ងន់ៗនាពេលនេះ បានធ្វើឱ្យសមាជិកព្រឹទ្ធសភាភាគច្រើន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សកាន់អំណាច កើតការមិនពេញចិត្តយ៉ាងខ្លាំង។ ជម្លោះនេះត្រូវបានគេមើលឃើញថា នឹងក្លាយជាជញ្ជាំងដ៏ក្រាស់ និងជាឧបសគ្គដ៏ធំមួយសម្រាប់គណបក្សប្រឆាំង ក្នុងការស្វែងរកសំឡេងគាំទ្រដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាពេលខាងមុខ៕