Home ព័ត៌មានអន្តរជាតិ ថៃលុបចោល MOU ខ្លួនឯង តែទៅទាមទារ «ភាពស្មោះត្រង់» ពីកម្ពុជានៅចំពោះមុខមហាអំណាច

ថៃលុបចោល MOU ខ្លួនឯង តែទៅទាមទារ «ភាពស្មោះត្រង់» ពីកម្ពុជានៅចំពោះមុខមហាអំណាច

88
0

សន្ដានមនុស្សភូតភរ ទៅទីណាក៏មិនចោលទម្លាប់និយាយយកល្អខ្លួនឯងលាបពណ៌អ្នកដទៃ។ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ប្រាប់ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅប្រទេសបារាំងថា ប្រទេសថៃតែងឲ្យតម្លៃលើសន្តិភាពនិងគោរពច្បាប់អន្តរជាតិជានិច្ច ប៉ុន្តែប្រទេសថៃចាំបាច់ត្រូវ «វាយតម្លៃលើភាពស្មោះត្រង់របស់កម្ពុជា» ដើម្បីឈានដល់ការចរចាលើបញ្ហាផ្សេងៗ។
 
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវការមួយដើម្បីទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul នៅឯវិមានលីហ្សេ (Palais de l’Élysée) ក្នុងទីក្រុងប៉ារីស ដោយមេដឹកនាំទាំងពីរបានជជែកពិភាក្សាយ៉ាងស៊ីជម្រៅអំពីកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសន្តិសុខ ស្ថានការណ៍ក្នុងតំបន់អាស៊ាន និងបញ្ហាព្រំដែនរបស់ប្រទេស​ថៃជាមួយប្រទេសជិតខាងរួមទាំងកម្ពុជា។
 
នៅក្នុងឱកាសនោះ លោក អានុទីណ បានបញ្ជាក់ប្រាប់ប្រធានាធិបតីបារាំងយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ប្រទេសថៃ​មានការឱ្យតម្លៃយ៉ាងខ្ពស់លើសន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ស្របពេលជាមួយគ្នានោះ ចំពោះការសម្រេចចិត្តលុបចោល (MoU) ឆ្នាំ២០០១ ជាឯកតោភាគី នាយករដ្ឋមន្រ្តីថៃរូបនេះបានពន្យល់ទៅកាន់លោក Macron ថាគឺដោយសារតែវាពុំបានផ្តល់នូវវឌ្ឍនភាពណាមួយដល់ប្រទេសថៃទាល់តែសោះ ក្នុងរយៈពេលជិត ២៥ឆ្នាំកន្លងមកនេះ។
 
លោកបន្ថែមទៀតថា៖ «ដូច្នេះ ប្រទេសថៃនឹងជ្រើសរើសការប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ររួមគ្នាជាមួយនឹងកម្ពុជានៅលើវេទិកាអន្តរជាតិ»។ ដោយឡែកពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោកវិញ លោក អានុទីន បានសង្កត់ធ្ងន់ថា «ប្រទេសថៃនឹងប្រកាន់ខ្ជាប់ ក៏ដូចជាអនុវត្តតាមសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារួមគ្នា កាលពីចុងឆ្នាំ២០២៥ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ភាគីកម្ពុជាក៏ត្រូវតែបង្ហាញភាពស្មោះត្រង់របស់ខ្លួនវិញផងដែរ»។
 
តាមការកត់សម្គាល់ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃអំពីការរង់ចាំ «វាយតម្លៃលើភាពស្មោះត្រង់របស់កម្ពុជា» នៅចំពោះមុខប្រធានាធិបតីបារាំងដូចខាងលើនេះ មិនមែនជាការនិយាយដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រ​នយោបាយ និងជាល្បែងការទូតដ៏ឆ្លាតវៃ ប៉ុន្តែបង្កប់ដោយភាពអាត្មានិយមរបស់ថៃ ដែលព្យាយាម «ដើរតួជាជនរងគ្រោះ និងជាអ្នកត្រឹមត្រូវ» នៅចំពោះមុខមហាអំណាចលោកខាងលិច ដើម្បីទាញយកប្រៀបលើកម្ពុជាទាំងផ្នែកនយោបាយ និងយុទ្ធសាស្ត្រព្រំដែន។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយតំបន់បានកត់សម្គាល់ថា ការដែលថៃប្រកាសចង់វាយតម្លៃលើ «ភាពស្មោះត្រង់» របស់កម្ពុជា ស្របពេលដែលខ្លួនឯងជាអ្នកលុបចោលកិច្ចព្រមព្រៀងចាស់ MOU 44 គឺជាការបង្ហាញនូវអត្តចរិតការទូតបែបដាក់សម្ពាធ និងចង់ទាញយកចំណេញខាងនយោបាយតែម្នាក់ឯង។ ដូចគ្នានេះដែរ ការយកបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅជជែកវែកញែកនៅលើទឹកដីបារាំងនៅពេលនេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រការទូតមួយ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងថៃ លោក Natthaphong Ruengpanyawut បានដាស់តឿនឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់ឥទ្ធិពលរបស់លោក Emmanuel Macron ឱ្យជួយអន្តរាគមន៍លើរឿង​នេះផងដែរ៕