ការកើនឡើងយ៉ាងគំហុកនៃត្រីទីឡាបយ៉ាខ្មៅ ឬត្រីទីឡាបយ៉ាចង្ការខ្មៅ (Blackchin Tilapia) នៅតាមបណ្តោយឆ្នេរសមុទ្រទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកនេសាទ និងមន្ត្រីជលផល អំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ។ ការបារម្ភនេះ បន្ទាប់ពីអ្នកផលិតមាតិកាស្ទួចត្រីម្នាក់បង្ហោះវីដេអូក្នុងបណ្តាញសង្គមបង្ហាញពីការបង់សំណាញ់ជាប់ត្រីទីឡាបយ៉ាខ្មៅយ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នេរសមុទ្រប៉ាតាយ៉ាកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខណៈមន្ត្រីជលផលឱ្យពលរដ្ឋជួយកំទេ.ចចោល ប្រសិនបើចាប់បានហើយមិនបរិភោគ ហាមដាច់ខាតលែងចូលក្នុងប្រភពទឹកធម្មជាតិវិញ ។

កាលពីថ្ងៃទី១៤ ខែឧសភា អ្នកផលិតមាតិកាស្ទួចត្រី ដែលមានអ្នកតាមដានជាង២ម៉ឺននាក់ បានបង្ហោះវីដេអូក្នុងហ្វេសប៊ុកចាប់បានត្រីទីឡាបយ៉ាខ្មៅទាំងហ្វូងៗនៅឆ្នេរសមុទ្រប៉ាតាយ៉ា បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ មុនឈានដល់ការបង្ហោះវីដេអូ អ្នកផលិតមាតិកាបានមកអង្គុយស្ទួចត្រីតាមទម្លាប់ ហើយអ្នកនេសាទក្នុងតំបន់ប្រាប់ថា នៅទីនេះសម្បូរត្រីទីឡាបយ៉ាខ្មៅណាស់ ទើបខ្លួនយកសំណាញ់មកបង់សាកមើល ឃើញថា ត្រីនេះជាប់ពេញសំណាញ់ និងសង្ស័យវាអាចមករស់នៅក្នុងប្រៃដោយរបៀបណា ។
អ្នកផលិតមាតិកាក៏ជូនដំណឹងទៅមន្ត្រីជលផលខេត្តឈុនបុរី និងមន្ត្រីពាក់ព័ន្ធឱ្យប្រញាប់ចុះមកត្រួតពិនិត្យជាបន្ទាន់ ដើម្បីកុំឱ្យត្រីនេះបំផ្លិចបំផ្លាញសត្វផ្សេងទៀតក្នុងទឹក ដូចជា ៖ បំផ្លាញកូនត្រី កូនមឹក ប្រសិនបើបណ្តោយឱ្យវាកើនឡើងកាន់តែច្រើននឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងប៉ះពាល់មុខរបរនេសាទនាថ្ងៃអនាគត ។.jpg)
វត្តមានត្រីនេះនៅឆ្នេរសមុទ្រប៉ាតាយ៉ាទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនេសាទ និងភ្ញៀវទេសចរ ពីព្រោះត្រីប្រភេទនេះ ជាធម្មតារស់នៅក្នុងទឹកសាប វាធ្វើឱ្យប៉ះពាល់អេកូឡូស៊ីដោយបំផ្លាញពូជត្រីក្នុងស្រុក ស៊ីកូនត្រីតូចៗ កូនមឹក និងពងត្រី ជាអាហារ ។ បើពួកវាបង្កាត់ពូជដោយគ្មានការគ្រប់គ្រងនឹងបាត់បង់ជីវៈចម្រុះសមុទ្រ និងប៉ះពាលមុខរបរនេសាទ ត្រីប្រភេទនេះបានកើនឡើងនៅតាមបណ្តាខេត្តថៃជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅតែកម្ចាត់មិនអស់ ។
.jpg)
បន្ទាប់ពីមានការចែកចាយវីដេអូក្នុងបណ្តាញសង្គមពីការបង់សំណាញ់បានត្រីនេះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នេរសមុទ្រប៉ាតាយ៉ា មន្ត្រីជលផលខេត្តឈុនបុរី និងមន្ត្រីពាក់ព័ន្ធ ក៏ចុះត្រួតពិនិត្យភ្លាមៗកាលពីថ្ងៃទី១៤ ខែឧសភា និងបញ្ជាក់ថា ត្រីប្រភេទនេះអាចរស់នៅបានទាំងទឹកសាប ទឹកប្រៃ និងទឹកប្រឡាយ ហើយវាចូលចិត្តរស់នៅក្នុងទឹកប្រឡាយបំផុត ។ បច្ចុប្បន្ន ស្រុកជាច្រើនក្នុងខេត្តឈុនបុរី ក៏ប្រទះឃើញត្រីនេះដែរ ដូចជា ៖ ស្រុកមឿង ស្រ៊ីរ៉ាឆា បាងឡាមុង និងសាត់តាហ៊ីប ។.jpg)
មន្ត្រីជលផលនឹងកំណត់វិធានការកម្ចាត់ពួកវា ដោយសារប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី បំផ្លាញអាហារធម្មជាតិ និងស៊ីកូនត្រីតូចៗ ព្រមទាំងសំណូមពរឱ្យអ្នកនេសាទជួយគ្នាបង់សំណាញ់ចាប់ត្រីនេះឱ្យបានច្រើនបំផុតដើម្បីទប់ស្កាត់ការរីករាលដាល ។ ប្រសិនបើមិនបរិភោគ ត្រូវតែកំទេ.ចចោលភ្លាម ហាមដាច់ខាតលែងចូលក្នុងប្រភពទឹកធម្មជាតិវិញ ដើម្បីកុំឱ្យវារីករាលដាលកាន់តែច្រើន ៕










