ពិភពលោកចាប់អារម្មណ៍ខ្លាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះរូបភាព១សន្លឹកបង្ហាញពីប្រទេសវេណេស៊ុយអេឡា គឺជារដ្ឋទី៥១របស់អាមេរិក បន្ទាប់ពីលោកផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា កំពុងពិចារណាពីផែនការដាក់បញ្ចូលវ៉េណេស៊ុយអេឡា ដែលជាប្រទេសសម្បូរប្រេងឥន្ធនៈស្មើនឹង៤០លានលានដុល្លារ ឱ្យក្លាយជារដ្ឋថ្មីរបស់អាមេរិក ខណៈប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាបដិសេធយ៉ាងដាច់អហង្ការចំពោះគំនិតនេះ និងថា វេណេស៊ុយអេឡាជាប្រទេសឯករាជ្យ ។ បើតាមអ្នកវិភាគ ការបង្ហោះរូបភាពនេះ ស្របពេលលោកប្រធានាធិបតី Trump ទៅបំពេញទស្សនកិច្ចនៅចិន គឺដើម្បីបង្ហាញឱ្យមេដឹកនាំចិនដឹងថា អាមេរិកមានឥទ្ធិពលលើវេណេស៊ុយអេឡា ។
សារព័ត៌មាននានារបស់អាមេរិកបានចុះផ្សាយដូចៗគ្នាថា មូលហេតុដែលលោកប្រធានាធិបតី Trump ចាប់អារម្មណ៍ចង់ដាក់បញ្ចូលវេណេស៊ុយអេឡាជារដ្ឋទី៥១ ដោយសារលោកមើលឃើញប្រទេសនេះសម្បូរធនធានប្រេងឆៅច្រើនបំផុតលើពិភពលោក ដែលអាចឱ្យអាមេរិកដោះស្រាយបញ្ហាបំណុលរបស់ខ្លួន និងអាចផ្គត់ផ្គង់ប្រេងសម្រាប់ការប្រើប្រាស់របស់ពលរដ្ឋអាមេរិក ។

ជុំវិញបញ្ហានេះ អ្នកវិភាគភូមិសាស្ត្រនយោបាយយល់ថា ការបង្ហោះរូបភាពវេណេស៊ុយអេឡាជារដ្ឋទី៥១ របស់អាមេរិក ស្របពេលលោកប្រធានាធិបតី Trump ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន គឺជាការបង្ហាញពីកម្លាំងយោធាដើម្បីឱ្យរដ្ឋាភិបាលចិនដឹងថា វេណេស៊ុយអេឡាសម្បូរប្រេងឆៅស្ថិតនៅតំបន់អាមេរិកឡាទីននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអាមេរិក ព្រមទាំងទប់ស្កាត់ឥទ្ធិពលចិន ។
.jpg)
កាលពីថ្ងៃទី១២ ខែឧសភា លោកប្រធានាធិបតី Trump បានបង្ហោះរូបភាពក្នុងបណ្តាញសង្គម Truth Social របស់ខ្លួន ដោយការយកទង់ជាតិអាមេរិកទៅដាក់លើរូបភាពប្រទេសវេណេស៊ុយអេឡា ហើយសរសេរប្រទេសនេះជារដ្ឋទី៥១ របស់អាមេរិក» ។ លោកថា កំពុងគិតគូរពីអនាគតរបស់វេណេស៊ុយអេឡានាថ្ងៃអនាគត និងកោតសរសើរពីប្រតិបត្តិការរបស់កងទ័ពអាមេរិកចាប់ខ្លួនអតីតមេដឹកនាំវេណេស៊ុយអេឡា និងភរិយា កាលពីថ្ងៃទី៣ ខែមករា កន្លងមក គឺជាជោគជ័យដ៏ធំធេង និងអស្ចារ្យ ហើយការដាក់បញ្ចូលវេណេស៊ុយអេឡាជារដ្ឋថ្មី អាមេរិកនឹងទទួលបានផលប្រយោជន៍ថាមពលយ៉ាងច្រើនមហាសាល ។
.jpg)
រូបភាពនេះធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង និងចែកចាយក្នុងបណ្តាញសង្គមស្របពេលលោកធ្វើដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិន ចំនួន៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦) តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi Jinping ។ មហាជនរិះគន់រូបភាពនេះ ពីព្រោះគោលជំហរនយោបាយរបស់មេដឹកនាំអាមេរិកអាចធ្វើឱ្យរង្គោះរង្គើក្នុងតំបន់អាមេរិកឡាទីន ។

ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានបដិសេធយ៉ាងដាច់អហង្ការចំពោះគំនិតនេះ ដោយអះអាងថា វេណេស៊ុយអេឡាគឺជាប្រទេសឯករាជ្យ និងមិនយល់ព្រមក្លាយជារដ្ឋទី៥១ របស់អាមេរិកឡើយ ។.jpg)
សូមរំឭកថា គោលជំហររបស់លោកប្រធានាធិបតី Trump កើតឡើងក្រោយពេលអាមេរិកចាប់ខ្លួនអតីតមេដឹកនាំវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។ ទោះបីជាលោកស្រី Delcy Rodríguez បើកចំហឱ្យមានការវិនិយោគបរទេសលើវិស័យប្រេងក៏ដោយ ក៏លោកស្រីនៅតែរក្សាជំហរមិនព្រមបាត់បង់អធិបតេយ្យជាតិ ៕










