Home ព័ត៌មានជាតិ ថៃខ្លាចបាត់បង់ទីផ្សារកម្ពុជាទៅឱ្យប្រទេសដទៃដោយសារបញ្ហាព្រំដែនអូសបន្លាយ

ថៃខ្លាចបាត់បង់ទីផ្សារកម្ពុជាទៅឱ្យប្រទេសដទៃដោយសារបញ្ហាព្រំដែនអូសបន្លាយ

82
0

ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីប្រទេសផ្សេងៗ ដូចជា ៖ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ដណ្តើមទីផ្សារកម្ពុជាដោយសារបញ្ហាព្រំដែនអូសបន្លាយ ខណៈទំនិញថៃធ្លាប់តែផ្គត់ផ្គង់ទីផ្សារកម្ពុជាច្រើនកន្លងមក ។ លើសពីនេះ ចលនាពហិការទំនិញថៃនៅកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មថៃដែលកំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ ដោយប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃសំណូមពរឱ្យរដ្ឋាភិបាលរបស់ខ្លួនប្រញាប់ចរចាជាមួយកម្ពុជា ដើម្បីកុំឱ្យបាត់បង់ទីផ្សារដ៏សំខាន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9wvDNrPAA3zgcBY6JyJAH5rYqp18C_GU5WzUvWYbvrk5siQoly8_YuT3KdkT2qDcnWmfLfesNJgPBAVzaGx1ysST_PNNmD-k5KA0eEqgUNS5GCRM3bXai7LeQc3qgyKHKe2BOiwJ4LpHuM4k_eM3niWWS0GcewWJv6dfuWsuPHa837uinxKDX8xqQJa4/s960/photo_2026-05-14_08-19-35%20(2).jpg
លោក Voratat Tantimongkolsuk ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃឱ្យដឹងថា បញ្ហាព្រំដែនបានអូសបន្លាយពេលជិត១ឆ្នាំ ដែលធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ក្នុងនោះអាជីវកម្មថៃនៅតាមព្រំដែន បានបិទទ្វារប្រមាណ៣០% ។ វាជាការបើកឱកាសឱ្យដៃគូប្រកួតប្រជែងផ្សេងៗ ដូចជា ៖ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ដណ្តើមទីផ្សារកម្ពុជា ។ យោងតាមទិន្នន័យ ទំនិញរបស់ប្រទេសទាំងនេះបានចូលកម្ពុជាកាន់តែច្រើនជំនួសទំនិញថៃ បើរដ្ឋាភិបាលថៃមិនចរចាជាមួយកម្ពុជាជាបន្ទាន់ទេនោះ នឹងបាត់បង់ទីផ្សារសំខាន់មិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVt8XispS9aRMRjXdlTfBfMmIQPyum_BTbWmi9nqr_qpjohnliyY-C9OYlvc6wA-BddUsoOgfy33mBnMm0YNkYbkW4kyufe5QzacX8DlRlmqx7YET3xSygrrs8fr62yQRXnJlFKqcepa_dtaz8ZSQjvtzcE6wL3QYPdD6EmXhB1RaY5XPl38f3MuHT4r4/s1280/photo_2026-05-14_08-19-35.jpg

ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មបន្តថា បញ្ហាព្រំដែនរវាងប្រទេសទាំងពីរអូសបន្លាយបណ្តាលឱ្យថៃបាត់បង់ប្រាក់ចំណូលដោយសារការនាំចេញទំនិញទៅកម្ពុជាតាមព្រំដែនគោក ស្មើជាង១សែនលានបាត (សម្រាប់រយៈពេលជិត១ឆ្នាំ) ។ ក្រៅពីនេះ ថៃក៏រងផលប៉ះពាល់ផ្សេងទៀត មិនថាសេដ្ឋកិច្ចធ្លាក់ចុះ, សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, សង្គ្រាមនៅមជ្ឈិមបូព៌ា, ការដំឡើងពន្ធទំនិញ និងការឆបោកតាមអនឡាញនៅថៃ ដែលនាំឱ្យថៃបាត់បង់ទំនុកចិត្តពីក្រៅប្រទេសក្នុងការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkcpqcr5suXr7ej2kmJxcGqpY3nwsjY2QyF0Atiod-bTvTQ3z5X1D5Y7-r-7vnwZ-mVCiNf85R1Bn_VtD-k4a7QKx-cyIALEz5iFSLoqyTutoUpNCKK5sNRcCuzqPNDEmIwPw6r2BtLorNSnt82lOoHxz60fxlYKq05f5ELlwbEXDtfS1KufdLeQxgQeQ/s1000/photo_2026-05-14_08-19-36%20(2).jpg

យោងតាមទិន្នន័យរបស់ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ គឺអាជីវកម្មថៃនៅព្រំដែនបានបិទទ្វារប្រមាណ៣០% រួមមាន ៖ ការដឹកជញ្ជូន, ភោជនីយដ្ឋាន និងសណ្ឋាគារ ដោយសារមិនអាចទទួលបន្ទុកការចំណាយបន្តទៀត ។ លើសពីនេះ ប្រតិបត្តិការអាជីវកម្មថៃនៅកម្ពុជា បានរងផលប៉ះពាល់ដែលតម្រូវឱ្យម្ចាស់អាជីវកម្មបង្ខំចិត្តកាត់បន្ថយទំហំអាជីវកម្ម, លក់អាជីវកម្ម និងផ្អាកបណ្តោះអាសន្ន ជាពិសេស ការលក់រាយ, រោងចក្រកាត់ដេរ, សណ្ឋាគារ, ភោជនីយដ្ឋាន និងសេវាកម្មនៅតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbcQSzz9WHQIH-XLdKkv4dYZYnOzBqXkui8ED7QRTHAbcjaT3cW0JpdjRD-z5rm16Nf-sOdSP5blYqx008M-anG5_cRl6-Pe7_J-KeLz7CTFK94WpV-meegaHNzmSTvE2tHZjPjlGDh06coGzG3GPtGz-1fvsHyYqK48lXCBD22kS3ocB7jNna0b5MdwM/s800/photo_2026-05-14_08-19-36%20(3).jpg

បើតាមប្រភពដដែល ការអូសបន្លាយបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាការផ្តល់ឱកាសឱ្យប្រទេសផ្សេងៗដែលជាគូប្រជែងរបស់ថៃ ។ ជាក់ស្តែង រយៈពេល២ខែដំបូងនៃឆ្នាំ២០២៦ (ចាប់ពីខែមករា ដល់កុម្ភៈ) តម្លៃពាណិជ្ជកម្មរបស់វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរីជាមួយកម្ពុជា បានកើនឡើងបន្តបន្ទាប់ ហើយចលនាពហិការទំនិញថៃនៅកម្ពុជា ជំរុញឱ្យការលក់ទំនិញថៃធ្លាក់ចុះខ្លាំង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8U5knxqwh9RYTOeacNhW6LHwk9-4ZsjvCxeGcZymeogTr3IDB7HyjIWBVgR9zefw8ICoU-bjYiSEyYVVu1LNcXS7WNp1Ca9N90lpHroBqAFyIpQLTFF0TF2-qKZ0SZYq3O3JAYgQtBIYvZP1NX9bfXyAglB-1xsde98kRuqhWloxLAyIcDDbVcLykc1w/s1280/photo_2026-05-14_08-19-36.jpg

លោក Voratat បានសំណូមពរទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ប្រញាប់ស្វែងរកការចរចា និងកាត់បន្ថយជម្លោះព្រំដែនជាមួយកម្ពុជាជាបន្ទាន់ ពីព្រោះមិនមែនមានតែរដ្ឋាភិបាលថៃទេដែលរងផលប៉ះពាល់ គឺវាប៉ះពាល់ដល់អាជីវកម្មថៃ ពលរដ្ឋ និងសេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHuUjFGqDqOYHlOhPM7WPVhHiKFcj5X9VoW5GWodpXv6aNi5Pn4u7IqD8EQAzsaRqiCt2HPdH0cFsMRRymn3DI9U5fPyg0FiNIysxKWDDPi_MNvaJ0QMMM6tuF6YOofP4gpxEyhnhjRyB1GsZvyePbMHcWka3ICvtR900qiRzQmuBC8o8bVHsOs_tHiU0/s1280/photo_2026-05-14_08-19-38.jpg
គួរបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ច្រកព្រំដែនផ្លូវគោកទាំងអស់រវាងកម្ពុជា និងថៃ នៅតែបន្តបិទដដែល បន្ទាប់ពីថៃបិទជាឯកតោភាគីកាលពីឆ្នាំ២០២៥ ដោយអាជ្ញាធរថៃបានបញ្ជាក់ជាច្រើនលើកនៅឆ្នាំ២០២៦ ថា មិនទាន់មានគម្រោងបើកច្រកព្រំដែនឡើងវិញភ្លាមៗទេ ដោយសារបញ្ហាសន្តិសុខជាតិ ។ ការបិទច្រកព្រំដែនបានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ សេដ្ឋកិច្ចថៃ បាត់បង់ចំណូល និងប៉ះពាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ៕