ខណៈដែលថៃនិយាយក្រឡិកក្រឡុច ម្ដងលុបចោលយន្តការទ្វេភាគី ម្ដងព្រមតាមលក្ខខណ្ឌច្បាប់អន្តរជាតិ ហើយពេលនេះចង់ងាកមករកការចរចាទ្វេភាគីវិញលើបញ្ហាដែនសមុទ្រ មនុស្សភាគច្រើនយល់ឃើញថាកត្តានេះបណ្ដាលកពីថៃទាល់ច្រកខ្លាចចា.ញ់ប្រៀបកម្ពុជា ប៉ុន្តែសម្រាប់លោកបណ្ឌិត យ៉ង់ ពៅ អ្នកជំនាញខាងភូមិសាស្រ្តនយោបាយបែរជាយល់ឃើញថា ទង្វើនេះគឺជាចេតនារបស់ថៃក្នុងការពន្យាពេលដើម្បីប្រើកម្លាំងកាន់កាប់តែប៉ុណ្ណោះ។
យោងតាមសំណេរខ្លីមួយដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី១២ ខែឧសភា លោកបណ្ឌិត យ៉ង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «ព្រំដែនសមុទ្រOCA ខ្ញុំមិនគិតថាថៃទាល់ច្រកនោះទេ វាធ្វើជាឡេះឡះឡេឡឺដើម្បីពន្យាពេល ហើយប្រើកម្លាំងកាន់កាប់, ខ្មែរកុំជោរបន្ទរភ្លេចខ្លួន…!»។
ការលើកឡើងរបស់លោកដូចខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានក្នុងបណ្ដាញសង្គមមួយចំនួនបានផ្សព្វផ្សាយយ៉ាងមានអំណួតថា ប្រទេសថៃកំពុងតែទាល់ច្រក រកនឹងផ្លូវយកឈ្នះកម្ពុជាមិនឃើញទើបបានជាក្រែក្រឡាស់សម្ដីម្ដងបែបនេះម្ដងបែបនោះ។ តាមអត្ថន័យត្រង់ឃ្លាដែលថា «ថៃមិនទាល់ច្រកនោះទេ គឺធ្វើជាឡេះឡះឡេឡឺពន្យាពេល ហើយប្រើកម្លាំងកាន់កាប់» គឺជាការឆ្លុះបញ្ចាំងពី ក្តីបារម្ភដ៏ស្របច្បាប់ និងតថភាពប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋ និងអ្នកវិភាគកម្ពុជាតែងតែលើកឡើងជាហូរហែ។
ទស្សនៈស្រដៀងគ្នានេះ ក៏ត្រូវបានអ្នកជំនាញភូមិសាស្ត្រនយោបាយ និងអ្នកវិភាគផ្សេងៗទៀតធ្លាប់បានលើកឡើងផងដែរ ជាពិសេសទាក់ទងនឹងយុទ្ធសាស្ត្រពន្យារពេលរបស់ថៃ។ គោលគំនិតនេះត្រូវបានគេមើលឃើញថា ភាគីថៃ (ជាពិសេសក្រុមអភិរក្សនិយម និងអ្នកនយោបាយជាតិនិយមជ្រុលដូចជាលោក អានុទិន) តែងតែយកបញ្ហាជាតិនិយម និងរឿងកោះគុត មកដុតកំដៅ និងបង្កើតជាលេស។ ពួកគេបង្កើតភាពមិនច្បាស់លាស់ ដូចជាការគំរាមលុបចោល MoU 2001 ឬទាមទារធ្វើប្រជាមតិ ដើម្បីពន្យារពេលការចរចាឱ្យអូសបន្លាយទៅមុខ។.jpg)
នៅពេលធ្វើបែបនោះបានសម្រេចជំហានបន្ទាប់ពួកគេ គឺការផ្លាស់ប្តូរជំហរតាមរដ្ឋាភិបាល។ តាមន័យនេះ គឺនៅពេលរដ្ឋាភិបាលថៃត្រូវបានផ្លាស់ប្តូរ ជំហរចរចាក៏ប្រែប្រួលតាមរដ្ឋាភិបាលថ្មី។ យុទ្ធសាស្ត្រដែលនិយាយថាចង់ចរចាផង តែបែរជាបង្កភាពរញ៉េរញ៉ៃតាមព្រំដែនផងនេះ ត្រូវបានមើលឃើញថាជាការធ្វើ «ឡេឡឺ» ដើម្បីកុំឱ្យកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាចសម្រេចទៅបានដោយរលូន។
.jpg)
សរុបមក គំនិតរបស់លោកបណ្ឌិត យ៉ង់ ពៅ គឺស្របទៅនឹងអ្វីដែលក្រុមអ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយកម្ពុជាបានព្រមានថា៖ កម្ពុជាមិនត្រូវធ្លាក់ក្នុងអន្ទាក់ «ពន្យារពេល» របស់ថៃនោះឡើយ។ អាស្រ័យហេតុនេះកម្ពុជាត្រូវតែពង្រឹងជំហរច្បាប់អន្តរជាតិឱ្យបានរឹងមាំ និងជំរុញឱ្យមានការផ្ទៀងផ្ទាត់ដោយតម្លាភាព ដើម្បីការពារការឆ្លៀតឱកាសណាមួយពីភាគីជិតខាង៕










