Home ព័ត៌មានអន្តរជាតិ បែកធ្លាយសារសំឡេងរបស់ Anutin ត្រូវតែបើកព្រំដែនកម្ពុជា-ថៃឱ្យបាននាដើមខែមិថុនានេះ

បែកធ្លាយសារសំឡេងរបស់ Anutin ត្រូវតែបើកព្រំដែនកម្ពុជា-ថៃឱ្យបាននាដើមខែមិថុនានេះ

78
0

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងបណ្តាញសង្គមប្រទេសថៃ ទាំង Facebook និង TikTok បានបែកធ្លាយសារសំឡេងរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ហើយត្រូវបានពលរដ្ឋចែកចាយទូទាំងប្រទេស ដែលក្នុងសារសំឡេងនេះ លោក Anutin និយាយថា ត្រូវតែបើកព្រំដែនកម្ពុជា-ថៃឱ្យបាននាដើមខែមិថុនាខាងមុខ ប្រសិនបើមិនបើកទេ សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះដុនដាបមិនខាន ប៉ុន្តែរង់ចាំឱ្យសភាពការណ៍ស្ងប់ស្ងាត់សិន ពីព្រោះពេលនេះ ពលរដ្ឋថៃកំពុងតែចាប់អារម្មណ៍ ដោយលោកបញ្ជាក់ថា ធ្វើតាមបទបញ្ជាថ្នាក់លើ ។ សារសំឡេងនេះត្រូវបានពលរដ្ឋថៃចែកចាយពេញប្រទេស និងបង្ហាញការខកចិត្តជាមួយនាយករដ្ឋមន្ត្រីរបស់ខ្លួន ។

ក្នុងសារសំឡេងបែកធ្លាយ នាយករដ្ឋមន្រ្តីថៃ លោក Anutin និយាយច្បាស់ៗពីថ្នាក់លើបានចេញបទបញ្ជាមកកាន់លោក ធ្វើយ៉ាងណា បើកព្រំដែនកម្ពុជា-ថៃឡើងវិញឱ្យបាននាដើមខែមិថុនាខាងមុខ ដោយលោកបញ្ជាក់ថា ៖ «តើឱ្យឆ្លើយតបថាម៉េច បើថ្នាក់លើចេញបទបញ្ជាមកបែបនេះ លោកត្រូវតែអនុវត្តតាម ។ ការបើកច្រកព្រំដែន គឺត្រូវរង់ចាំឱ្យសភាពការណ៍ស្ងប់ស្ងាត់សិន ពីព្រោះពលរដ្ឋកំពុងតែតាមដានរឿងនេះ ប្រសិនបើបញ្ជាឱ្យបើក លោកនឹងបើក ប៉ុន្តែនឹងមិនបើកគ្រប់ច្រកទេ គឺអនុវត្តតាមកិច្ចព្រមព្រៀង ឬបទបញ្ញត្តិដែលបានកំណត់ទុក លោករំពឹងថា ច្រកព្រំដែនកម្ពុជា-ថៃត្រូវតែបើកឱ្យបាននាដើមខែមិថុនា បើមិនដូច្នោះទេ សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះដុនដាបមិនខាន មានតែរង់ចាំឱ្យសភាពការណ៍ស្ងប់ស្ងាត់» ។

សារសំឡេងរបស់លោក Anutin ត្រូវបានពលរដ្ឋចែកចាយនៅទូទាំងប្រទេសកាលពីថ្ងៃទី១២ ខែឧសភា និងមិនពេញចិត្តដែលនាយករដ្ឋមន្ត្រីថៃរង់ចាំឱកាសល្អមកដល់ នឹងឈានទៅបើកព្រំដែនស្តារទំនាក់ទំនងល្អជាមួយកម្ពុជាឡើងវិញ ពីព្រោះខុសពីការសន្យាក្នុងពេលរកសំឡេងឆ្នោត ។ មនុស្សភាគច្រើនជឿជាក់ វាជាសំឡេងរបស់លោក Anutin និយាយច្បាស់ៗពីការបើកព្រំដែន ខណៈមតិខ្លះទៀតថា មិនមែនជាសំឡេងរបស់លោកនោះទេ អាចជាសំឡេងបង្កើតឡើងដោយបច្ចេកវិទ្យា AI ។

បើទោះជាពលរដ្ឋបានរិះគន់សារសំឡេងនេះខ្លាំងៗក្តី ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១៣ ខែឧសភា លោក Anutin មិនទាន់ចេញមកស្រាយបំភ្លឺថា តើជាសំឡេងរបស់ខ្លួនពិតប្រាកដ ឬក៏ជាសំឡេងបង្កើតឡើងដោយបច្ចេកវិទ្យា AI ដែលធ្វើឱ្យពលរដ្ឋនៅតែមានចម្ងល់ ។

គួរបញ្ជាក់ថា ថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនផ្លូវគោកទាំងអស់នៅខេត្តទាំង៧ ជាមួយកម្ពុជា ក្រោមហេតុផលការពារសន្តិសុខជាតិ និងចោទប្រកាន់ថា កម្ពុជាជាទីតាំងឆបោក អនឡាញ ។ ពេលនោះ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាឱ្យបិទខ្ទប់ការនាំចេញទំនិញមកកម្ពុជា និងកៀរគរប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន និងអន្តរជាតិ ឱ្យចូលរួមបង្ក្រាបការឆបោកអនឡាញ ដែលលោកស្រីចោទថា មានទីតាំងនៅកម្ពុជា ។

មុនពេលថៃសម្រេចបិទច្រកព្រំដែនផ្លូវគោកទាំងអស់ ថៃបានគំរាមកំហែងកម្ពុជាជាច្រើនលើក ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងសេវាអ៊ីនធើរណេត ជាដើម ។ លើសពីនេះ ក្រសួងការបរទេសថៃបានកោះហៅឯកអគ្គរាជទូតបស់ខ្លួននៅរាជធានីភ្នំពេញ ឱ្យត្រឡប់ទៅប្រទេសថៃជាបន្ទាន់ ក្នុងអំឡុងពេលថៃកំពុងមានភាពតានខ្លាំងជាមួយកម្ពុជាពាក់ព័ន្ធនឹងបញ្ហាព្រំដែនកាលពីឆ្នាំ២០២៥ ។

គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ច្រកព្រំដែនផ្លូវគោកទាំងអស់រវាងកម្ពុជា និងថៃ នៅតែបន្តបិទដដែល បន្ទាប់ពីថៃបិទជាឯកតោភាគី ដោយអាជ្ញាធរថៃបានបញ្ជាក់ជាច្រើនលើកនៅឆ្នាំ២០២៦ ថា មិនទាន់មានគម្រោងបើកច្រកព្រំដែនឡើងវិញភ្លាមៗទេ ដោយសារបញ្ហាសន្តិសុខជាតិ ។ ការបិទច្រកព្រំដែននេះបានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចថៃ បាត់បង់ចំណូល និងប៉ះពាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ៕