Home ព័ត៌មានជាតិ កុំឱ្យបាត់បង់ទើបស្ដាយក្រោយ! ស្វែងយល់ពីកិច្ចលាងជើងកូនកម្លោះ ដែលធ្វើឱ្យមានទំនាស់សមភាពយេនឌ័រ

កុំឱ្យបាត់បង់ទើបស្ដាយក្រោយ! ស្វែងយល់ពីកិច្ចលាងជើងកូនកម្លោះ ដែលធ្វើឱ្យមានទំនាស់សមភាពយេនឌ័រ

85
0

នៅក្នុងរចនាសម្ព័ន្ធនៃពិធីមង្គលការខ្មែរ គ្រប់កិច្ចពិធីទាំងអស់សុទ្ធតែត្រូវបានចាក់ស្រេះយ៉ាងជ្រៅទៅក្នុងរឿងព្រេង និងជំនឿបុរាណ។ ក្នុងចំណោមនោះ «កិច្ចលាងជើងកូនកម្លោះ» គឺជាទិដ្ឋភាពដ៏រស់រវើកមួយដែលត្រូវបានគេជួបប្រទះញឹកញាប់បំផុតនៅពេលហែជំនូនចូលដល់មាត់ទ្វារផ្ទះខាងស្រី។ ទោះជាយ៉ាងណា ពិធីនេះស្ទើរតែប្រទះគ្មានតែម្ដងនៅក្នុងពិធីមង្គលការទូទៅ នៅក្នុងយុគសម័យនៃការយល់ដឹងពីសមភាពយែនឌ័រ និងសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រីនេះ។ សំណួរជាច្រើនត្រូវបានចោទសួរឡើងថា តើកិច្ចពិធីនេះជាការរក្សាវប្បធម៌ដ៏ល្អផូរផង់ ឬជាការឆ្លុះបញ្ចាំងពីគំនិតបុរាណដែលលម្អៀងទៅរកបុរស?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMIz7XJhCTp-EwdacOuGNOJkFWlDfhk4O2gF9rpZc9aZcFPbVMorc1LfZNXLdbI00zqTIdWBvw8SiwCzPHqExJJ7zcQQ4RSBsNJ0PC8Np-QHtsZqee5D8CegQQ7xjHfhDC0SpjIWGb8JpRLJxS5wfSi3f4WM1C_DRIJtibBjqPdLQHUkGQyuqyf4lC_Zs/s686/photo_2026-05-09_14-49-18.jpg

តាមពិតទៅដើមកំណើតនៃកិច្ចលាងជើងនេះ មានទំនាក់ទំនងយ៉ាងស្អិតរមួតទៅនឹង «រឿងចៅចាក់ស្មុគ» ដែលជារឿងព្រេងតំណាងឱ្យការផ្តល់សិទ្ធិអំណាច និងភារកិច្ចការពារគ្រួសារទៅឱ្យកូនកម្លោះ។ តាមទំនៀមចាស់បុរាណ គេមិនឱ្យកូនក្រមុំទៅលាងជើងកូនកំលោះដោយផ្ទាល់ឡើយ គឺគេយកក្មេងប្រុស ឬក្មេងស្រីដែលជាញាតិខាងប្រុសឬខាងស្រី អាយុ១០ ឆ្នាំចុះ ត្រូវយកទឹកលាងជើងឱ្យកូនកំលោះ។ ក្នុងន័យដើម ការលាងជើងគឺជាការជម្រះនូវឧបទ្រពចង្រៃ ឬរឿងអពមង្គលទាំងឡាយដែលកូនប្រុសបានធ្វើទាំងប៉ុន្មានមុនពេលរៀបអាពាហ៍ពិពាហ៍ ព្រមទាំងភាពហត់នឿយពីការធ្វើដំណើរផ្លូវឆ្ងាយរបស់កូនកម្លោះ មុននឹងឈានជើងចូលសាងជីវិតថ្មីផងដែរ។ វាក៏ជានិមិត្តរូបនៃការបន្ទាបខ្លួនរបស់កូនកម្លោះ និងការបង្ហាញចិត្តរាក់ទាក់ ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គ្រួសារខាងស្រីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZxyckX0OqNrFKnbWpXfz15FgIVw5EjDyHt92LRn11_-erG7-RGHwJgTFrwrgdpVpfpClGzA3tcncvmCjfm7w769LI8HI5v_KT8TxptO42OeHbafXiq4MzRJg2u0u3V1npI3krKSDO2qhZHSsf1oe6wLS4_2nC2BcJW0m9Xz97Ex99UzIRHuRGOq2u8fE/s1200/565695900_3173154139514687_5970875218599649021_n.jpg
យ៉ាងណាមិញដោយសារមានការធ្វើខុសពីទំនៀមបុរាណ នៅក្នុងកិច្ចពិធីខ្លះគេឃើញមានកូនក្រមុំជាអ្នកលាងជើងឲ្យកូនកំលោះទៅវិញ ដែលនេះ បានបង្កើតឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីសមភាពយែនឌ័រកាលពីកន្លងទៅ។ អ្នកគាំទ្រទស្សនៈសមភាពយែនឌ័រយល់ថា ការឱ្យសមាជិកគ្រួសារខាងស្រី (ទោះជាក្មេងប្រុសក៏ដោយ) មកលុតជង្គង់លាងជើងឱ្យកូនកម្លោះ ហាក់បីដូចជាការបង្កើតឋានានុក្រមមួយដែលលើកតម្កើងបុរសជាធំ តាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍។ ពួកគេយល់ថា អាពាហ៍ពិពាហ៍គឺជាការរួមរស់ដោយស្មើភាព គ្មានអ្នកណាក្រោមបង្គាប់អ្នកណាឡើយ ដូច្នេះការលាងជើងឱ្យគ្នាទៅវិញទៅមក ឬការលុបបំបាត់កិច្ចនេះចោល អាចជារូបភាពសមស្របជាងសម្រាប់សង្គមសម័យថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9wWfxI3Ol6lu5E5LRPqaCpwkEyEwWZIMccxTQ6PxAtFNyTqQfacoFUt2JKr6MjYgCIv-R-0bSaNBwzKpsm2WNi9tiJbkSgtDPRaQEnQrR34SlfaWM9fDqD0Bj0Fc5H2hkbRomQDmt-0eeCrl7vpnTeQ6c3HSduNLHDYkSZJ_W3Z2JC-2dUPoRndnS-WY/s1280/photo_2026-05-09_14-49-18%20(4).jpg

ផ្ទុយទៅវិញ បើក្រឡេកមើលការអនុវត្តជាក់ស្តែងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន កិច្ចពិធីនេះមិនត្រូវបានលុបចោលទាំងស្រុងនោះទេ ប៉ុន្តែវាត្រូវបានធ្វើទំនើបកម្ម ដើម្បីសម្របសម្រួលទៅនឹងការយល់ឃើញរបស់មនុស្សជំនាន់ក្រោយ។ ពិធីការសម័យថ្មីបានបំប្លែងការលាងជើងនេះទៅជាសកម្មភាពជានិមិត្តរូបប៉ុណ្ណោះ។ ដោយញាតិខាងស្រីគ្រាន់តែយកផ្កាម្លិះប្រោះទឹកលើខ្នងជើងកូនកម្លោះថ្នមៗ រួចជូតនឹងកន្សែងស្អាត ដោយគ្មានការលាងសម្អាតដីកម្ទេចកំទីដូចសម័យមុនឡើយ។ លើសពីនេះ កូនកម្លោះក៏ត្រូវផ្តល់ត្រឡប់ទៅវិញនូវចំណងដៃលាងជើង ជាថវិកា ដែលជានិមិត្តរូបនៃការចែករំលែក លាភជ័យ និងការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកទៅតាមទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl37M80GCv2_vn8mzAH9-s6bQfAnoETiFXZKfMyROt-Bm7b2Edxon-Xq_CMtVS8bj5m0rWsJ7OrGRgFUY5lPQitPujxB34PWBmBRn4KUgB4wwnMsR70lxF4nwQb-9_UK9FHlPk1X8zAvu0VFeEwLH1PIdmtSzj4U1XNZBpVWb6L7kOsD3hLYHi18GyPfQ/s1280/photo_2026-05-09_14-49-18%20(2).jpg

សរុបសេចក្តីមក «កិច្ចលាងជើងកូនកម្លោះ» នៅក្នុងពិធីមង្គលការខ្មែរ បាននិងកំពុងធ្វើដំណើរនៅលើបន្ទាត់ស្របគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ។ ការរក្សាកិច្ចពិធីនេះទុក មិនមែនជាការជាន់ឈ្លីសមភាពយែនឌ័រនោះទេ ដរាបណាអត្ថន័យពិតប្រាកដរបស់វាត្រូវបានពន្យល់ក្នុងន័យ «ការស្វាគមន៍ និងការផ្តល់កិត្តិយស» ច្រើនជាងការបម្រើ។ ការបត់បែន និងការសម្របសម្រួលសកម្មភាពឱ្យមានភាពទន់ភ្លន់ សមរម្យ គឺជាស្ពានចម្លងដ៏ល្អបំផុតក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ ឱ្យដើរទន្ទឹមគ្នាយ៉ាងចុះសម្រុងជាមួយតម្លៃនៃសង្គមសម័យថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrAFzjsDa0Z1q0qu9WKS1yW-BUPK6u3mgle2CmWf3BozmLoqYhcbXuVhraXNhqwqookK1YYCcvfd7ca2tneKq4eM2tmP-Zfv-Yif3S3qpX30UE_TpqdH9JRI0DenKtnV7vN6QOM__5Hx-EoFgUih4HwE7px-K-KXGhhwhFH-0b8Pa_1Ox0ITUZTY3Z9y8/s640/photo_2026-05-09_14-49-18%20(3).jpg

ទោះជាយ៉ាងណា កាលពីខែមេសា កន្លងទៅមានការផ្ទុះមតិប្រតិកម្មយ៉ាងខ្លាំងខ្លា ទៅលើពិធីរៀបការរបស់តារាជួរមុខអ្នកជិតខាងខ្មែរ ដោយហេតុថាពួកគេបានលួចចម្លងពិធិការខ្មែរ ដូចជាពិធីសំពះផ្ទឹមចងដៃ និងលាងជើងកូនកំលោះនេះជាដើម។ ក្នុងនោះដែរ ពិធីឡានណា ដែលដូចទៅនិងពិធីលាងជើងកូនកំលោះរបស់ខ្មែរ ដែលថៃអះអាងថាជាប្រពៃណីតាមតំបន់របស់គេ មានការលើកមកនិយាយច្រើនជាងគេ។ ដោយពលរដ្ឋខ្មែរខ្លះស្នើរសុំឲ្យម្ចាស់ដើមការព្យាយាមថែរក្សា ផ្សព្វផ្សាយ និងលើកយកពិធីនេះមកធ្វើឲ្យទូលំទូលាយឡើងវិញ ចៀសវាងយើងភ្លេចខ្លួនគេលួចយកទៅធ្វើជារបស់គេបាត់។ ចុះបងប្អូនយល់យ៉ាងណាដែរ តើគិតថាការលាងជើងកូនកំលោះដើម្បីជាសិរិសួរស្ដីក្នុងពិធីមង្គល ធ្វើឲ្យបាត់បង់សមភាពយេនឌ័រ? ហើយបែរជាព្យាយាមកប់លុបពីធីដែលដូនតាទុកឲ្យតាំងពីបុរាណមក ត្រូវបានគេយកទៅផ្សព្វផ្សាយធ្វើជាម្ចាស់ដើមទៅវិញ?