Home ព័ត៌មានអន្តរជាតិ អនុទីន រកលេសដោះសារមិនចង់ជួបចរចាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន

អនុទីន រកលេសដោះសារមិនចង់ជួបចរចាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន

75
0

បង្កើតស្ថានការណ៍រួចហើយគេចវេសមិនចង់ប្រឈមមុខ! ក្រោយថៃលុបចោល MOU 2001 បានសម្រេចជាផ្លូវការ នាយករដ្ឋមន្រ្តីថៃ អនុទីន ឆាន់វីរៈគុល ម្ដងជាពីរដងតែងតែបង្ហាញសញ្ញាថាខ្លួនមិនចង់ជួបចរចាជាមួយថ្នាក់ដឹកនាំកម្ពុជានោះទេ ដោយលោកបាននិយាយចំៗយ៉ាងដូច្នេះថា លោកគ្មានអ្វីដែលគួរយកមកពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាឡើយ។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលបានសម្រេចជាផ្លូវការនូវការលុបចោល MOU ២០០១ ជាមួយកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល នៅចំពោះមុខអ្នកសារព័ត៌មានបានប្រកាសពីគោលនយោបាយ «ប្រទេសថៃជាអទិភាព ឬ Thailand First » ដោយបញ្ជាក់ថា លោកគ្មានបញ្ហាអ្វីក្នុងការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជានោះទេ ប្រសិនបើពួកគេបានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន។

នេះមិនមែនជាលើកដំបូងឡើយដែលនាយករដ្ឋមន្រ្តីថៃ អនុទីន លើកឡើងបែបនេះ ខណៈកាលពីម្សិលមិញនៅពេលអ្នកកាសែតចោ.ទសួរអំពីការយល់ឃើញរបស់លោកជុំវិញការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដែលថាការលុបចោល MOU នេះអាចធ្វើឱ្យជម្លោះកាន់តែខ្លាំង លោក អនុទីន បានបដិសេធសុំមិនធ្វើអត្ថាធិប្បាយឡើយ និងថែមទាំងប្រាប់ឱ្យអ្នកកាសែតទៅសួរភាគីកម្ពុជាដោយផ្ទាល់វិញចុះ។ ឥរិយាបថនេះ បង្ហាញពីចេតនាគេចវេសមិនចង់បកស្រាយ ឬប្រឈមមុខជាមួយប្រមុខការទូត ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាតែទ្វេភាគីនៅក្នុងជំនួបផ្លូវការធំៗដែលមានប្រទេសដទៃចូលរួមស្ដាប់ ឬធ្វើសាក្សី។

គួរបញ្ជាក់ថា បន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ អំពីការលុបចោល MOU 2001 (MOU 44) និងការប្រកាន់ជំហរ “ប្រទេសថៃជាធំ” រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញប្រតិកម្មយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់នៅថ្ងៃដដែល ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងនូវ “ការសោកស្ដាយជាពន់ពេក” ចំពោះការសម្រេចចិត្តដកខ្លួនជាឯកតោភាគីរបស់ភាគីថៃ។

កម្ពុជាយល់ឃើញថា ទង្វើនេះគឺជាការដើរចេញពី “ស្មារតីសហប្រតិបត្តិការ និងឆន្ទៈនយោបាយ” ដែលប្រទេសទាំងពីរបានសាងរួមគ្នាអស់រយៈពេល ២៥ ឆ្នាំមកហើយ។ ជាមួយគ្នានេះដែរ ដោយសារតែថៃបានលុបចោលក្របខ័ណ្ឌចរចាទ្វេភាគីតែមួយគត់ដែលមាន (MOU 44) កម្ពុជាបានប្រកាសថាខ្លួន “គ្មានជម្រើសអ្វីផ្សេង” ក្រៅពីការងាកទៅរកយន្តការអន្តរជាតិដែលរួមមាន ការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតគ្នា និងយន្តការ UNCLOS ដែលរំពឹងថានឹងផ្ដល់នូវភាពយុត្តិធម៌ និងតម្លាភាព ដោយផ្អែកលើច្បាប់អន្តរជាតិ ជាជាងការចរចាដែលផ្អែកលើអំណាចនយោបាយ។

សរុបមក ប្រតិកម្មរបស់កម្ពុជាគឺជាការប្ដូរយុទ្ធសាស្ត្រពី “ការចរចាទ្វេភាគី” មកជា “ការតស៊ូមតិលើវេទិកាច្បាប់អន្តរជាតិ” វិញ ដើម្បីការពារផលប្រយោជន៍ជាតិបន្ទាប់ពីភាគីថៃបានផ្លាស់ប្តូរជំហររបស់ខ្លួន៕