រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា ថៃបានសុំជួបកម្ពុជានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា នៅប្រទេសហ្វីលីពីន ដែលមានហ្វីលីពីនជាម្ចាស់ផ្ទះចូលរួមផងដែរ ហើយលោកសង្ឃឹមកម្ពុជានឹងទទួលយកការអញ្ជើញរបស់ហ្វីលីពីន ដើម្បីស្តារទំនុកចិត្តមុនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) របស់រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ ។
កាលពីថ្ងៃទី៤ ខែឧសភា នៅទីស្នាក់ការគណបក្សភូមិចៃថៃ លោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយពីថៃស្នើសុំជួបកម្ពុជានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ គឺជាការជួបក្នុងលក្ខណៈត្រីភាគី ហើយហ្វីលីពីនក្នុងឋានៈជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កំពុងតែសម្របសម្រួលឱ្យមានការជជែកត្រីភាគីរវាងកម្ពុជា-ថៃ-ហ្វីលីពីន ហើយលោកសង្ឃឹមថា កម្ពុជានឹងយល់ព្រមតាមការអញ្ជើញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។
ចំណែកភាគីថៃវិញបានត្រៀមខ្លឹមសារ និងព័ត៌មានលម្អិតសម្រាប់ជជែកជាមួយកម្ពុជារួចហើយ ប៉ុន្តែការជជែកលើកនេះ នឹងមិនទាន់លម្អិតពីបញ្ហាស៊ីជម្រៅនៅឡើយទេ ។ គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីស្តារទំនុកចិត្តរវាងភាគីទាំង២ឡើងវិញ មុនឈានដល់ការជជែកពិភាក្សាលម្អិតអំពីបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ GBC ហើយជំនួបនេះដែរ នឹងជជែកផ្តោតលើវិធានការផ្សេងៗដែលនឹងជួយលើកកម្ពស់ និងជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំង២ ជាមុនសិន ហើយកិច្ចប្រជុំ GBC គឺជាជំហ៊ានបន្ទាប់ ។
ស្របពេលថៃស្នើសុំជួបកម្ពុជា ភាគីកម្ពុជាបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ។ ប៉ុន្តែក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាចេញនៅថ្ងៃទី៥ ខែឧសភានេះ មិនបានលើកឡើងពីការសុំជួបត្រីភាគីជាមួយថៃ និងហ្វីលីពីនឡើយ ហើយមិនបញ្ជាក់ថា កម្ពុជានឹងចូលរួមឬអត់ទេ ។
គួរបញ្ជាក់ថា ការសុំជួបត្រីភាគី កើតឡើងស្របពេលគណៈរដ្ឋមន្ត្រីថៃបានអនុម័តលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ជាមួយកម្ពុជា លើការទាមទារដែនសមុទ្រត្រួតស៊ីតគ្នា ដោយថៃអះអាងថា MOU នេះមានអាយុកាល២៥ឆ្នាំហើយ ប៉ុន្តែពុំទទួលបានលទ្ធផលជាក់លាក់ណាមួយឡើយ ហើយថៃចង់ប្តូរមកប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជំនួសវិញ ៕










