នៅទីបំផុត! អនុស្សរណៈនៃការយោគយល់គ្នាអាយុកាល ២៥ឆ្នាំ រវាងកម្ពុជា-ថៃ ត្រូវបានថៃរំលាយចោលដោយឯកតោភាគីបានសម្រេចជាផ្លូវការ ដោយលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល បានបញ្ជាក់ថា ការលុបចោលនេះនឹងមិនប៉ះពាល់ដល់ស្ថិរភាពព្រំដែនរវាងប្រទេសទាំងពីរឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Khaosod របស់ថៃនៅរសៀលនេះ។
នៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីថៃបានអនុម័តការលុបចោលអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ ២០០១ ជាមួយកម្ពុជាលើការទាមទារដែនសមុទ្រដែលត្រួតស៊ីគ្នា ដែលពួកគេអះអាងថា យន្តការនេះបានអូសបន្លាយអស់រយៈពេល ២៥ឆ្នាំមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផលជាក់លាក់ណាមួយឡើយ ហើយថៃបានចង់ប្តូរមកប្រើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាមូលដ្ឋានជំនួសវិញ ក្រោយលុបចោលអនុស្សរណៈនេះ។
នាយករដ្ឋមន្ត្រីថៃ អនុទីន បានសាទរចំពោះការលុបចោលបានសម្រេចនេះ ជាមួយនឹងការលើកឡើងថា ៖ ចាប់ពីពេលនេះតទៅ “MOU44 គឺលែងមានទៀតហើយ” សម្រាប់ភាគីថៃ។ ដោយបញ្ជាក់ថា ប្រសិនបើមានការចរចានៅពេលក្រោយ វានឹងត្រូវធ្វើឡើងក្នុង “បរិបទថ្មី” និងក្របខ័ណ្ឌថ្មី (ដូចជា MOU70 ជាដើម)។
ជុំវិញសំណយររបស់អ្នកកាសែតអំពីការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដែលថាការលុបចោល MOU នេះអាចធ្វើឱ្យជម្លោះកាន់តែខ្លាំង លោក អនុទីន បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយគ្រាន់តែប្រាប់ឱ្យអ្នកកាសែតទៅសួរភាគីកម្ពុជាដោយផ្ទាល់វិញចុះ។ សេចក្ដីថ្លែងការណ៍ទាំងនេះបង្ហាញថា ថៃចង់បញ្ចប់យន្តការទ្វេភាគីចាស់ រួចងាកមកប្រើយន្តការថ្មីដែលខ្លួនយល់ថាខ្លួនឯងមានប្រៀបជាង។
ទោះជាយ៉ាងណាគួរជម្រាបថា ការដកខ្លួនជាឯកតោភាគីរបស់ថៃ ពី MoU ឆ្នាំ២០០១ នៅពេលនេះ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់កម្ពុជានោះឡើយ។ បើយោងតាមគោលការណ៍ច្បាប់អន្តរជាតិ និងការបញ្ជាក់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា ការសម្រេចចិត្តរបស់ថៃនៅថ្ងៃនេះ គ្រាន់តែធ្វើឱ្យការចរចាមានភាពស្មុគស្មាញ និងចំណាយពេលយូរជាងមុន ប៉ុន្តែវាមិនបានធ្វើឱ្យកម្ពុជាបាត់បង់ម្ចាស់ការលើការទាមទារដែនសមុទ្រដែលជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួននោះឡើយ។
ដូចគ្នានេះផងដែរ ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំក្រម UNCLOS របស់UN ក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី និង ផ្អែកទៅលើច្បាប់អន្តរជាតិ៕










