មហាជនអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានដឹងថាគូស្នេហ៍ឆ្លងប្រទេសដ៏ល្បីល្បាញដែលមានកូនកំលោះគឺជាជនជាតិខ្មែរនិងកូនក្រមុំជាជនជាតិវៀតណាមបានសម្រេចចិត្តចែកផ្លូវគ្នាបន្ទាប់ពីរៀបការបាន៣ខែ។ ង្វៀន ធីយៀន បានបញ្ជាក់ថាការបែកគ្នារបស់ពួកគេគឺបញ្ចប់ដោយសន្តិវិធីក្រោមហេតុផលទស្សនៈ វប្បធម៌ និងការរស់នៅខុសគ្នា។

ប្រិយមិត្តប្រាកដជាមិនទាន់ភ្លេចទេកាលពីខែមករា កន្លងមកនេះពិធីមង្គលការដែលមានកំលោះ អាន ឡុងហួរ និងកូនក្រមុំជាជនជាតិវៀតណាមមានឈ្មោះថា ង្វៀន ធីយៀន បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងផ្អើលទាំងស្រុកខ្មែរនិងវៀតណាម រួមទាំងប្រទេសដទៃទៀត។ នៅក្នុងពិធីមង្គលការអ្នកទាំងពីរបានប្រព្រឹត្តទៅយ៉ាងអធិកអធមមិនថាតែនៅក្នុងប្រទេសវៀតណាម ឬប្រទេសកម្ពុជានោះទេ ជាពិសេសគឺថ្លៃបណ្ណាការរបស់ពួកគេតែម្តង។ 
ទោះបីជាយ៉ាងណា បន្ទាប់ពីរៀបការយ៉ាងធំធុំអស់រយៈពេល៣ខែមានការទទួលស្គាល់ពីចាស់ទុំទាំងសងខាង រួមទាំងមានការគាំទ្រពីអ្នកគាំទ្រជាច្រើន ស្នេហាមួយគូនេះពុំអាចរស់នៅជាមួយគ្នាបានយូរនោះទេ។ នៅយប់ថ្ងៃទី២៧ ខែមេសា ង្វៀន ធីយៀន បាន Live នៅលើបណ្តាញសង្គមរបស់ខ្លួនអ្នកមានទស្សនាជាង២០ម៉ឺននាក់ដោយបញ្ជាក់ថានាងនិងស្វាមីកម្ពុជាបានបែកបាក់គ្នាហើយ។

ធីយៀន បាននិយាយថាពួកគេមិនអាចផ្សះផ្សាគ្នាបានទេ ដោយសារតែភាពខុសគ្នានៃទស្សនៈ ភាសា និងវប្បធម៌ ដូច្នេះពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា។ នាងបានបញ្ជាក់ទៀតថាចំពោះថ្លៃបណ្ណាការដែលទទួលបានពីក្រុមគ្រួសារខាងកូនកំលោះនៅថ្ងៃរៀបការនាងបានប្រគល់ជូនទៅកាន់ ឡុង ហួរ វិញទាំងអស់ហើយ។ ធីយៀន បាននិយាយទៀតថាបច្ចុប្បន្ននេះ ឡុង ហួរ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញហើយ ខណៈនាងនៅក្នុងប្រទេសវៀតណាមដដែលទោះបីជាមានការជំរុញពីអតីតឪពុកក្មេកឱ្យនៅរកស៊ីក្នុងប្រទេសកម្ពុជាក៏ដោយ។.png)
តាមផ្លូវច្បាប់ដោយសារតែ ឡុង ហួរ មិនទាន់គ្រប់អាយុ(កើតឆ្នាំ២០០៧) អ្នកទាំងពីរពុំទាន់ចុះសំបុត្រអាពាហ៍ពិពាហ៍នៅឡើយទេ។ ទោះបីជាពេលនេះពួកគេលែងជាប្តីប្រពន្ធក៏ដោយ ធីយៀន បានបញ្ជាក់ថានាងនិងឡុងហួរ នៅតែជាមិត្តល្អប៉ុន្តែពុំអាចវិលត្រឡប់មករស់នៅជាមួយគ្នាវិញទោះទេ។
ជាមួយគ្នានេះ ង្វៀន ធីយៀន បានស្នើឱ្យអ្នកលេងបណ្តាញសង្គមវាយប្រហារឬបញ្ចេញមតិដែលមិនមែនជាការពិតទាក់ទងនឹងទំនាក់ទំនងរបស់នាងពីមុន និងការបែកគ្នាជាមួយនឹង ឡុងហួរ ផងដែរ៕










