គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដាក់លិខិតស្នើទៅកាន់ The Wall Street Journal (WSJ) ដែលជាកាសែតផ្ដោតលើសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ឲ្យលុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួន និងចេញសុំទោសជាផ្លូវចំពោះការប្រើប្រាស់ចំណងជើងបែបប្រមា.ថមើលងាយ ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង និងប៉ះពាល់យ៉ាងខ្លាំងដល់សេចក្ដីថ្លៃថ្នូរបស់ប្រទេស និងប្រជាជនកម្ពុជា។.jpg)
យោងតាមខ្លឹមសារសង្ខេបនៅក្នុងលិខិតដែលជូនទៅសារព័ត៌មាន The Wall Street Journal គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” នៅក្នុងអត្ថបទមួយរបស់ខ្លួន កាលថ្ងៃទី១៩ ខែមេសា កន្លងទៅគឺជាការបង្ហាញពីកង្វះវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេស និងប្រជាជនកម្ពុជា ជិត១៨លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
.jpg)
សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងសង្គម ប៉ុន្តែសេរីភាពទាំងនេះត្រូវតែអនុវត្តដោយការទទួលខុសត្រូវ និងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល ដូចមានចែងក្នុងសេចក្ដីប្រកាជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម។ ចំណងជើងព័ត៌មាន ថ្វីត្បិតតែដើម្បីទាក់ទាញការចាប់អារម្មណ៍ តែមិនគួរក្លាយទៅជាការលាបពណ៌ ការបំផ្លើស ការបំភ្លៃហួសពីការពិតនោះទេ ដែលការណ៍នេះ នឹងធ្វើឱ្យបាត់បង់ជំនឿជាក់និងគុណតម្លៃនៃសេរីភាពសារព័ត៌មានជាមិនខានឡើយ។ សិទ្ធិមនុស្ស ជាពិសេស សិទ្ធិមានកិត្តិយស សេចក្ដីថ្លៃថ្នូរ និងទទួលបាននូវការគោរព គឺជាសេចក្ដីប្រាថ្នារបស់បុគ្គលគ្រប់រូប ហើយមិនគួរទទួលរងនូវការប្រមាថមើលងាយក្នុងរូបភាពណាមួយឡើយ តួយ៉ាងដូចជាការប្រើប្រាស់ពេចន៍ផ្សេងៗនៅក្នុងអត្ថបទសារព័ត៌មាន ឬសេចក្ដីរាយការណ៍ណាមួយ។
ដោយមើលឃើញពីការរំលោភ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រទេសនិងប្រជាជនកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើទៅកាន់ The Wall Street Journal ឲ្យ៖ លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់, ចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព, ជៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយនាពេលអនាគត, ធ្វើការសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើង និងកែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ។
.jpg)
ទាំងនេះគឺជាខ្លឹមសារសង្ខេបដែលមាននៅក្នុងលិខិតដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់លិខិតជូនទៅនិពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយ WSJ ដើម្បីស្នើឱ្យមានការពិនិត្យ និងកែតម្រូវខ្លឹមសារនៃពាក្យ “Scambodia” តំណាងឲ្យឈ្មោះកម្ពុជានេះឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញមានការឆ្លើយតបមកវិញនោះទេ គិតត្រឹមរសៀលថ្ងៃទី២២ ខែមេសានេះ៕










