ទោះថ្ងៃសមឆាកតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវរងនូវការរិះគន់ពីសំណាកអ្នកលេងបណ្តាញសង្គមមួយចំនួនប៉ុន្តែនៅពេលសម្តែងពិតប្រាកដតារាចម្រៀងទាំងពីររូបបានធ្វើឱ្យអ្នកគាំទ្រមានភាពស្ងប់ស្ញែងនិងទទួលបានការលើកទឹកចិត្តពីមហាជននិងអ្នកនៅក្នុងចង្កោមសិល្បៈជាច្រើន។ អ្វីដែលកាន់តែពិសេស អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក៏បានពោលពាក្យសរសើរប្តីប្រពន្ធមួយគូនេះដូចគ្នា។

នៅលើបណ្តាញសង្គមអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បានចែករំលែកកម្មវិធី ROUND Festival ដោយភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា «ខ្ញុំពិតជារំភើប និងមានមោទកភាពណាស់ ចំពោះការសម្ដែងដ៏អស្ចារ្យរបស់បងទាំងពីរ G-Devith Tep Boprek ពិតជាសិល្បករ សិល្បការិនីកំពូលនៃកម្ពុជា ដែលបាននាំយកព្រលឹងវប្បធម៌ខ្មែរ ទៅរះយ៉ាងចិញ្ចាំងចិញ្ចាចលើឆាកអន្ដរជាតិ ASEAN-Korea Music Festival 2026 ROUNDក្នុងប្រទេសហ្វីលីពីន»។ .png)
អ្នកអង្គម្ចាស់ក្សត្រិយ៍ បានលើកឡើងទៀតថា ជី ដេវីត និង ទេព បូព្រឹក្ស មិនថានៅក្នុងស្រុក ឬនៅក្រៅប្រទេសតែងតែរំលេច និងលើកបង្ហាញពីសិល្បៈខ្មែរជានិច្ចលើការសម្ដែង ជាពិសេសនៅលើម៉ូតសម្លៀកបំពាក់នីមួយៗ។ ក្រៅពីមានមោទនភាពចំពោះប្តីប្រពន្ធមួយគូនេះ អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក៏សង្ឃឹមដែរថា ជី ដេវីត និង ទេព បូព្រឹក្ស នឹងមានឱកាសកាន់តែច្រើនបន្តទៀតក្នុងការផ្សព្វផ្សាយពីវប្បធម៌ជាតិទៅកាន់បរទេស។

ក្រៅពីការាសម្តែងនៅក្នុងប្រទេសហ្វីលីពីន ទេព បូព្រឹក្ស ក៏បានបង្ហើបដំរួយអាចនឹងមានការសម្តែងនៅលើឆាកអន្តរជាតិបន្តទៀត។ នៅក្នុងកម្មវិធី ASEAN-Korea Music Festival 2026 តារាចម្រៀងទាំងពីររូបបាននាំយកសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញ ដោយលើកយកបទចម្រៀងល្បីៗនិងមានអត្ថន័យជាច្រើនរួមទាំងបទមួយដែលទះកំផ្លៀងថៃផងដែរ។ ការសសម្តែងបែបសហសម័យនេះ ជី ដេវីត និងទេព បូព្រឹក្ស បានចំណាយលុយផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារ។
គួរបញ្ជាក់ផងដែរថា កន្លងមក ទេព បូព្រឹក្ស ធ្លាប់បានតំណាងកម្ពុជាចូលរួមសម្តែងកម្មវិធីខាងលើនេះក្នុងអំឡុងពេលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី។ រាល់ពេលដែលមានឱកាសសម្តែងនៅលើឆាកអន្តរជាតិតារាចម្រៀងរូបនេះតែងតែបង្ហាញអ្វីដែលជាខ្មែរនិងមិនឱ្យអ្នកគាំទ្រខកចិត្តឡើយ៕










