ជុំវិញកូនបំណុលមានលុយសម្រាប់មេធាវីចេញលិខិតជូនដំណឹងទៅកាន់ម្ចាស់បំណុលរឿងជំពាក់ប្រាក់៦០០០ដុល្លារបានបណ្តាលឱ្យមានការពិភាក្សាយ៉ាងច្រើននៅលើបណ្តាញសង្គមនិងបង្កឱ្យមានមតិរិះគន់ផងដែរ។ ជាមួយគ្នានេះតារាសម្តែងនិងពិធីការិនី ញឹម ច័ន្ទថន បានចេញមុខបកស្រាយទាក់ទិននឹងបញ្ហានេះប៉ុន្តែការរិះគន់នៅតែមានដដែលចំពោះរូបនាង។

កាលពីថ្ងៃទី១៨ ខែមេសា កញ្ញា ញឹម ច័ន្ទថន បានចេញលិខិតជូនដំណឹងពីមេធាវីរបស់ខ្លួនទុកពេលឱ្យ២៤ម៉ោងទៅកាន់គណនីហ្វេកប៊ុក Neang SK ដែលជាម្ចាស់បំណុលបន្ទាប់ពីគណនីនេះបានបង្ហោះរូបភាពរបស់ខ្លួនក្នុងចេតនា បរិហាកេរ្តិ៍ ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង។ ក្នុងលិខិតមេធាវីបានបញ្ជាក់ថាតារាសម្តែង ញឹម ច័ន្ទថត បានខ្ចីប្រាក់ចំនួន៦០០០ដុល្លារក្នុងអំឡុងឆ្នាំ២០២៤ ជាមួយនឹងការប្រាក់៥%ក្នុងមួយខែ ដែលជាអត្រាការប្រាក់លើសច្បាប់កំណត់ ខណៈក្នុងរយៈពេល២៤ខែមកនេះកូនក្តី ញឹម ច័ន្ទថនក៏បានធ្វើការទូទាត់ជូនជាបន្តបន្ទាប់ដែរ។
.png)
ក្រុមមេធាវី ហនុមាន បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ គណនីហ្វេកប៊ុក Neang SK បានផ្ញើសារមកកូនក្ដីរបស់ខ្លួនដើម្បីទារប្រាក់ជំពាក់ដោយធ្វើការគំរាមគំហែងក្នុងខ្លឹមសារថា បើមិនសង លុយទេ ខ្លួននឹងធ្វើការបង្ហោះរូប ដោយភ្ជាប់នឹងសំណេរ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។ បន្ទាប់ពីបង្ហោះលិខិតមេធាវីនេះរួចតារាសម្តែង ញឹម ច័ន្ទថន បានបង្កឱ្យមានការជជែកវែកយ៉ាងច្រើនពីអ្នកបណ្តាញសង្គម។

ក្រោយពីមហាជនរិះគន់ថាគ្មានលុយសងគេតែមានលុយជួលមេធាវីចេញលិខិតជូនដំណឹងកញ្ញា ញឹម ច័ន្ទថន បានចេញវីដេអូបកស្រាយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ជំពាក់លុយសងលុយគឺចប់ តែចប់តែរឿងជំពាក់លុយ ចុះរឿងគំរាម និងបង្ហោះរូបខ្ញុំ កិត្តិយសខ្ញុំនរណាជាអ្នកទទួលខុសត្រូវ?»។ ក្នុងរយៈពេលជិត៩នាទីនៃវីដេអូដែលបានបង្ហោះតារាសម្តែងនិងជាពិធីការិនីរូបនេះបានពន្យល់ថា ការចេញលិខិតនោះគ្រាន់តែការជូនដំណឹងទៅកាន់ម្ចាស់បំណុលមិនមែនជាការប្តឹងនោះទេ ខណៈសារឆ្លើយឆ្លងរូបនាងពុំបានគេចវេសពីបំណុលឡើយដោយរង់ចាំកូនបំណុលរបស់ខ្លួនសងលុយទើបយកទៅសងបន្ត។

តារាសម្តែងរូបនេះបន្តទៀតថាបើសិនជានាងជំពាក់លុយគឺត្រូវសងលុយបើសិនជាមានការគេចវេសគឺអាចដាក់ពាក្យបណ្តឹងទៅកាន់តុលាការបានមិនមែនបង្ហោះរូបនាងនោះទេព្រោះវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ហើយការដែលយកកូនបំណុលទៅបង្ហោះគឺជាច្បាប់ព្រហ្មទណ្ឌ។ ទោះជាយ៉ាងណា ការបកស្រាយរបស់តារាសម្តែង ញឹម ច័ន្ទថន ជុំវិញបញ្ហាខាងលើនេះបានបង្កឱ្យសាធារណជនវែកញែកដដែល៕









