ទីបំផុតបន្ទាប់ពីបង្ហាញដំរួយកាលពីកន្លងមកនេះ ជី ដេវីត បានទម្លាក់បទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា «អញហត់ម្ល៉េះ»។ បទនេះកើតចេញពីការរិះគន់កន្លងមកដែលលោកត្រូវគេរិះគន់ស្ទើរតែគ្រប់សកម្មភាពទាំងស្លាកលេខឡាននិងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមបណ្តោយផ្លូវ២០០៤។
រងការរិះគន់ឥតឈប់ឈរពីអ្នកលេងបណ្តាញសង្គមមួយចំនួន តារាចម្រៀង ជី ដេវីត បានទម្លាក់បទថ្មីមានចំណងជើងថា«អញហត់ម្ល៉េះ» កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ហើយបានធ្វើឱ្យមានភាពទាក់ទាញយ៉ាងឆាប់រហ័ស។ បទថ្មីរបស់តារាចម្រៀងរូបនេះគឺបានឆ្លុះបញ្ចាំងពីហេតុការណ៍កន្លងមកជាច្រើនករណីមកបញ្ជូលគ្នាក្លាយទៅបទជាចម្រៀងមួយអមជាមួយនឹងចង្វាក់ញាក់។

អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិថា ភ្លេងនៃបទចម្រៀងនេះគឺពីរោះបុកបាស់បានល្អ ប៉ុន្តែអត្ថន័យគឺឌឺដង។ មានគណនីមួយបានបញ្ចេញមតិថា«ភ្លេងពីរោះបង តែសុំកែអត្ថន័យចម្រៀងទៅជា សាច់រឿងបែបសប្បាយស្នេហាឬអីផ្សេងកាន់តែល្អ ដូចបទរាំញីកែងជើងជាដើម»។
ជី ដេវីត បានលើកយកហេតុការណ៍ស្រ្តីម្នាក់បង្ហោះនៅលើបណ្តាញសង្គមពីការរិះគន់ស្លាកលេខឡានរបស់លោកដែលមានអក្សរឈ្មោះកាត់ខ្លួននិងភរិយា រួមទាំងករណីដែលរូបភាពផ្ទាំងបាណូរបស់លោកនៅផ្លូវ២០០៤ត្រូវគេរិះគន់ថាមិនសមរម្យជិះចូលក្រោមជើងលោកជាដើម។ តារាចម្រៀងរូបនេះក៏លើកពីករណីដែលមានទុក្ខរួមទុក្ខ ប៉ុន្តែនៅពេលបានសុខជេរគ្នាជាដើមដែលចង់បញ្ជាក់ពីហេតុការណ៍អំឡុងពេលក្តៅគគុកក្នុងជម្លោះព្រំដែនកន្លងមកហើយស្ថានភាពល្អប្រសើរជាងមុនបែរជាលោកត្រូវគេរិះគន់និងជេរលោក។ ជី ដេវីត ក៏បានលើកឡើងនៅក្នុងចម្រៀងទៀតថាទោះបីជាលោកត្រូវគេរិះគន់យ៉ាងណាក៏ដោយ ប៉ុន្តែលោកនៅតែឡូយ ហើយថែមទាំងយកការរិះគន់ទាំងនោះឌឺដងទៅវិញតាមរយៈបទនេះជាដើម។
គួរបញ្ជាក់ផងដែរថា ជី ដេវីត និង ទេព បូព្រឹក្ស ដែលជាភរិយា គឺអ្នកសិល្បៈដែលរងការរិះគន់ច្រើនស្ទើរតែគ្រប់ពេលវេលាទោះបីជាខំធ្វើល្អយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ ការរិះគន់ទាំងនោះបានធ្វើឱ្យអ្នកទាំងពីរកាន់តែរឹងមាំហើយថែមទាំងមិនចុះចាញ់សាងភាពល្បីល្បាញទាំងពីរនាក់ប្តីប្រពន្ធ៕










