រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីរបស់ថៃ លោក Adul Boonthamcharoen កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានផ្តល់សម្ភាសន៍ជាមួយព័ត៌មានដោយប្រាប់ពលរដ្ឋកុំជឿតាមការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមក្នុងបណ្តាញសង្គមថា នឹងមានសង្គ្រា.មជាមួយកម្ពុជាកើតឡើងលើកទី៣ ពីព្រោះអ្នកបង្ហោះព័ត៌មានមានគោលបំណងអ្វីមួយ និងប្រាប់ឱ្យជឿជាក់តែព័ត៌មានផ្លូវការប៉ុណ្ណោះ ដែលមានប្រភពពីអ្នកនាំពាក្យកងទ័ព ចៅហ្វាយស្រុក និងមេភូមិ ។
លោក Adul បានលើកឡើងពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្ន គឺគ្មានសង្គ្រាមលើកទី៣ កើតឡើងឡើយ ប៉ុន្តែកងទ័ពថៃឈរជើងនៅតាមបណ្តោយព្រំដែនបានត្រៀមខ្លួនរួចជាស្រេច ដោយលោកសំណូមពរកុំឱ្យពលរដ្ឋជឿតាមការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមមិនផ្លូវការក្នុងបណ្តាញសង្គម កងទ័ពថៃគ្មានការវាយប្រហារកម្ពុជាទៀតទេ ។
កាលពីថ្ងៃទី៤ ខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Adul បាននិយាយពីការឡើងកាន់តំណែងរបស់ខ្លួនពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃមិនទាន់វិលត្រឡប់ទៅរកភាពប្រក្រតីថា គ្មានការដាក់សម្ពាធ និងមិនបារម្ភ ពីព្រោះមានទំនុកចិត្តលើមេបញ្ជាការ និងកងទ័ពក្នុងការការពារអធិបតេយ្យ ។ ប្រសិនបើកើតសង្គ្រាមលើកទី៣ នឹងមានការផ្តល់សញ្ញាជាក់លាក់ ពីព្រោះកងទ័ពថៃមានប្រព័ន្ធស៊ើបការណ៍ តាមដាន និងត្រួតពិនិត្យ ដូច្នេះ ក៏ជឿព័ត៌មានក្នុងបណ្តាញសង្គម ដោយជឿជាក់លើព័ត៌មានផ្លូវការពីអ្នកនាំពាក្យកងទ័ព ចៅហ្វាយស្រុក និងមេភូមិ ។ យើងមិនដឹងថា អ្នកបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមត្រូវការអ្វីទេ សូមរក្សាភាពស្ងប់ស្ងាត់ កុំបង្កើតការបែកបាក់ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃប្រាប់ពលរដ្ឋមិនបាច់បារម្ភរឿងកើតសង្គ្រាមលើកទី៣ លោកថា ពេលនេះ ប្រទេសថៃកំពុងឈានចូលក្នុងសង្គ្រាមកូនកាត់ (Hybrid Warfare) ដោយសំណូមពរឱ្យអ្នកតាមដានព័ត៌មានក្នុងបណ្តាញសង្គមត្រិះរិះពិចារណាមុននឹងជឿ ។
ការលើកឡើងនេះ បន្ទាប់ពីមានព័ត៌មានញុះញង់មួយចំនួនក្នុងបណ្តាញសង្គមថៃថា អាចនឹងមានសង្គ្រាមជាមួយកម្ពុជា លើកទី៣ ដែលធ្វើឱ្យមនុស្សភាគច្រើនបារម្ភពីផលប៉ះពាល់ជាច្រើនផ្នែក រួមទាំងការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃដោយសារការបិទព្រំដែន ។ អាជីវករថៃលក់ដូរនៅតាមព្រំដែនបាត់បង់ចំណូលទាំងស្រុងពេលព្រំដែនបិទកន្លងមកនេះ បើសង្គ្រាមលើកទី៣ កើតឡើងមែន នឹងធ្វើឱ្យស្ថានការណ៍នេះកាន់តែអាក្រក់ខ្លាំង ។
គួរបញ្ជាក់ថា លោក Adul បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ជំនួសលោក Natthaphon Narkphanit កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដែលលោកជាអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលខុសត្រូវសន្តិសុខនៅព្រំដែនភាគឦសាន ។ កាលពីថ្ងៃទី៣១ ខែមីនា កន្លងមក លោកថា ការឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺដើម្បីគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្គ្រាមនៅមជ្ឈិមបូព៌ា ។
កាលពីខែមករា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ធ្លាប់ច្រានចោលព័ត៌មានថា កងទ័ពថៃនឹងបើកការវាយប្រហារឈ្លានពានកម្ពុជា ជាលើកទី៣ ដោយលោកថា ភាគីថៃគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងមិនចង់បង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីទេ ដូច្នេះ ពលរដ្ឋអាចប្រកបរបរធម្មតា ៕










