Home ព័ត៌មានអន្តរជាតិ ប្រទេសថៃរកឃើញមូលហេតុការបាត់ប្រេងឥន្ធនៈរហូតដល់៥៧លានលីត្រ

ប្រទេសថៃរកឃើញមូលហេតុការបាត់ប្រេងឥន្ធនៈរហូតដល់៥៧លានលីត្រ

118
0

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ TNN នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃទទួលស្គាល់ថា ការបាត់ប្រេងឥន្ធនៈរហូតដល់៥៧លានលីត្រនៅប្រទេសថៃ គឺបណ្តាលមកពីការស្តុកប្រេងទុកក្នុងអំឡុងពេលដឹកជញ្ជូនតាមនាវា និងការមិនចែកចាយប្រេងទៅតាមស្ថានីយ ។ កប៉ាល់ដឹកប្រេងដែលមានគោលដៅទៅកាន់ខេត្តសុរ៉ាជថានី គឺមានប្រេងរហូតដល់២១៧លានលីត្រ ប៉ុន្តែពេលទៅដល់ខេត្តសុរ៉ាជថានី មានប្រេងត្រឹមតែ១៦០លានលីត្រប៉ុណ្ណោះ ។

កាលពីព្រឹកថ្ងៃទី៣ ខែមេសា លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានកោះហៅមន្ត្រីនានាដែលធ្វើការផ្នែកថាមពលមកប្រជុំពិភាក្សានៅវិមានរដ្ឋាភិបាល អំពីការបាត់ប្រេងយ៉ាងច្រើនដោយសារការស្តុកប្រេងជាច្រើនកន្លែង ។

តាមការត្រួតពិនិត្យមូលហេតុបណ្តាលឱ្យប្រទេសថៃបាត់ប្រេងជាច្រើនលីត្រ គឺបាត់ក្នុងអំឡុងពេលដឹកជញ្ជូន និងគ្មានការចែកចាយឱ្យស្ថានីយលក់ប្រេងនៅទូទាំងប្រទេស ។ នាវាដឹកប្រេងបានចាកចេញពីកន្លែងទុកប្រេងដើម្បីធ្វើដំណើរទៅកាន់ខេត្តសុរ៉ាជថានី ដែលការដឹកជញ្ជូនស្មើ៩៦ជើង ខណៈប្រេងលើនាវា ស្មើនឹង២១៧លានលីត្រ ។ ប៉ុន្តែបាត់ប្រេងមួយចំនួនពេលកំពុងដឹកតាមនាវា ហើយប្រេងទៅដល់ខេត្តសុរ៉ាជថានី មានត្រឹមតែ១៦០លានលីត្រប៉ុណ្ណោះ គឺបាត់អស់៥៧លានលីត្រ ។

ទង្វើបំពានច្បាប់ពាក់ព័ន្ធនឹងការស្តុកប្រេងដែលត្រួតពិនិត្យដោយមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី១ ខែមេសា រួមមាន ៖
-ពន្យារពេលការដឹកជញ្ជូនប្រេងតាមផ្លូវទឹក ដោយការចតនាវាដឹកប្រេងដើម្បីរង់ចាំឱ្យតម្លៃកើនឡើង
-កន្លែងទុកប្រេងមិនបញ្ជូនប្រេងទៅតាមស្ថានីយ ឬភ្នាក់ងារទទួលតាមខេត្ត
-លួចដឹកប្រេងទៅកន្លែងផ្សេងៗដើម្បីស្តុកទុក ។

លោកនាយករដ្ឋមន្ត្រី Anutin ថា ទង្វើនេះ គឺជាការស្វែងរកផលចំណេញពីប្រេងក្នុងពេលដែលពិភពលោកកំពុងតែខ្វះខាតប្រេង និងធ្វើឱ្យរដ្ឋាភិបាលថៃត្រូវបញ្ចេញថវិកាដើម្បីរក្សាតម្លៃប្រេងកុំឱ្យកើនឡើងនាំឱ្យប៉ះពាល់ជីវភាពពលរដ្ឋ វាមិនមែនជាការផ្តល់ផលប្រយោជន៍ដល់ក្រុមស្តុកទុកប្រេងទេ ។ ដូច្នេះ រដ្ឋាភិបាលចាំបាច់ត្រូវតែបង្ក្រាបទង្វើខុសច្បាប់ទាំងនេះ ។

ក្រៅពីនេះ រដ្ឋាភិបាលថៃក៏បានប្រគល់តួនាទីឱ្យមន្ត្រីស៊ើបអង្កេត និងមិនព្រងើយកន្តើយចំពោះទុក្ខលំបាករបស់ពលរដ្ឋ ដោយចាត់វិធានការការពារ ប្រុងប្រយ័ត្ន និងដាក់ទោសជនល្មើសតាមច្បាប់ ។ លោក Anutin បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ សហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបង្ក្រាបបទល្មើសឱ្យបាន ព្រមទាំងសុំការសហការពីពលរដ្ឋផងដែរឱ្យផ្តល់ដំណឹងពីសកម្មភាពល្មើសបង្ការការយកប្រៀបក្នុងសង្គម ។

គួរបញ្ជាក់ថា ជុំវិញបញ្ហាការបាត់ប្រេងជាច្រើនលានលីត្រនេះ សង្គមថៃបានដាក់ការចោទប្រកាន់ថា មានការលួចនាំចេញប្រេងទៅប្រទេសកម្ពុជាក្នុងអំឡុងពេលថៃកំពុងតែខ្វះខាតប្រេងយ៉ាងខ្លាំង ទើបនាយករដ្ឋមន្ត្រីថៃកោះហៅមន្ត្រីពាក់ព័ន្ធមកប្រជុំ ៕