ហេតុអ្វីសត្វពស់ចេះតែវារចូលក្នុងផ្ទះ ឬមកបរិវេណជុំវិញផ្ទះរបស់យើង? វាចូលចិត្តមក ដោយសារក្នុងផ្ទះសម្បូរសត្វកណ្តុរ សត្វល្អិត កង្កែប, មានស្មៅដុះក្រាស់នៅបរិវេណជុំវិញ, មានប្រភពទឹក និងបណ្តាលមកពីមូលហេតុជាច្រើនទៀត ដែលយើងត្រូវចាត់ការជាបន្ទាន់ ប្រសិនបើចង់ឱ្យផ្ទះមានសុវត្ថិភាព ។
សត្វពស់ មិនមែនចេះតែវារចូលក្នុងផ្ទះ ឬមកបរិវេណជុំវិញផ្ទះនោះទេ គឺទាល់តែមានអ្វីទាក់ទាញ ប្រសិនបើផ្ទះលោកអ្នកសម្បូរសត្វកណ្តុរ សត្វល្អិត ឬមិនកាប់ឆ្ការព្រៃនៅជុំវិញផ្ទះឱ្យស្អាតទេ គឺជាមូលហេតុសំខាន់ដែលទាក់ទាញសត្វប្រភេទនេះ ។ ដូច្នេះ សូមចាត់ការជាបន្ទាន់ដើម្បីសុវត្ថិភាពសមាជិកក្រុមគ្រួសារ និងរស់នៅដោយគ្មានការភ័យខ្លាច ។
.jpg)
សត្វពស់ចូលចិត្តវារចូលផ្ទះ បណ្តាលមកពី ៖
១-សម្បូរកណ្តុរ សត្វស្អិត និងកង្កែបជុំវិញផ្ទះ ៖ សត្វទាំងនេះជាចំណីដែលទាក់ទាញពស់ ប្រសិនបើមានសត្វទាំងនេះជុំវិញផ្ទះ មានន័យថា គឺជាប្រភពអាហារពិសេស ។ ក្រៅពីនេះ សំរាម កាកសំណល់អាហារ ឬចំណីសត្វ (ចំណីឆ្កែ) គឺទាក់ទាញកណ្តុរ ហើយពេលមានកណ្តុរ នឹងមានពស់តាមក្រោយ ។
២-សួនច្បារមានស្មៅខ្ពស់ ៖ ពស់ចូលចិត្តកន្លែងងងឹត ត្រជាក់ និងគ្មានការរំខាន កន្លែងណាដែលមានស្មៅខ្ពស់ៗ, គំនរស្លឹកឈើស្ងួត និងគំនរឈើ វានឹងចូលចិត្តលាក់ខ្លួននៅទីនេះ ។ ការបណ្តេញពស់ លុះត្រាតែសម្អាតសួនច្បារ ឬកាប់ឆ្ការស្មៅខ្ពស់ជុំវិញផ្ទះជាប្រចាំ ដើម្បីកុំឱ្យវាបង្កើតកូនចៅកាន់តែច្រើនពិបាកកម្ចាត់ ។ បន្ទប់ក្រោមដី និងបន្ទប់ដាក់អីវ៉ាន់ ក៏ជាកន្លែងវាលាក់ខ្លួនដែរ ជាពិសេស នៅរដូវស្លឹកឈើជ្រុះ និងរដូវរងា ពស់តែងតែរកជម្រកកក់ក្តៅដើម្បីបង្កាត់ពូជ ។.jpg)
៣-ប្រភពទឹកជុំវិញផ្ទះ ៖ ពស់ត្រូវការទឹកដើម្បីអាចរស់នៅបាន ហើយប្រភពទឹកតូចៗនៅជុំវិញផ្ទះដែលមានសត្វល្អិត ឬកង្កែប នឹងទាក់ទាញបំផុត ដោយសារវាចូលចិត្តស៊ីសត្វទាំងនេះ ។
.jpg)
៤-រន្ធដី ឬប្រហោងក្នុងផ្ទះ ៖ រន្ធដីនៅជុំវិញផ្ទះ ឬប្រហោងក្នុងផ្ទះ ក៏ទាក់ទាញពស់ដែរ សូមចាត់ការជាបន្ទាន់ ។
សាស្ត្រាចារ្យសាកលវិទ្យាល័យ Georgia សហរដ្ឋអាមេរិក បានណែនាំពីវិធីការពារកុំឱ្យពស់ចូលផ្ទះ គឺត្រូវថែទាំសួនច្បារ ឬបរិវេណជុំវិញផ្ទះឱ្យស្អាត ដោយកាប់ឆ្ការព្រៃ ឬស្មៅខ្ពស់ជាប្រចាំ, កម្ចាត់សំរាម ស្លឹកឈើស្ងួត កណ្តុរ សត្វល្អិត និងកុំឱ្យមានប្រភពទឹក ។ បរិវេណជុំវិញផ្ទះស្អាត ទូលាយ ស្ងួត គឺអាចការពារកុំឱ្យសត្វនេះចូលមកជិត ៕










