ក្នុងពេលដែលជម្លោះនៅមជ្ឈិមបូព៌ា ធ្វើឲ្យការផ្គត់ផ្គង់ថាមពលមានការខ្វះខាត និងតម្លៃមានការកើនឡើង ប្រទេសរុស្ស៊ីបានបង្ហាញពីភាពត្រៀមខ្លួនជាស្រេច ក្នុងការចូលជួយបណ្ដារប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយវិបត្តិនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Manila Post របស់ហ្វីលីពីនកាលពីថ្ងៃពុធ ទី១ មេសា។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំថ្មីៗនេះនៅទីក្រុងមូស្គូ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៉ី បានប្រាប់ទៅកាន់បេសកជនមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រតម្រូវការថាមពលរបស់តំបន់។ ការពិភាក្សានេះ ធ្វើឡើងជាមួយឯកអគ្គរដ្ឋទូតអាស៊ានដឹកនាំដោយឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Igor Bailen ដែលជាប្រធានគណៈកម្មាធិការអាស៊ានមូស្គូ។
.jpg)
តាមរយៈការធានានេះ លោក Lavrov បានសង្កត់ធ្ងន់លើ “ការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការជួយប្រទេសអាស៊ានជាមួយនឹងតម្រូវការថាមពលភ្លាមៗរបស់ពួកគេ រួមទាំងប្រេងផងដែរ” ខណៈដែលក្តីបារម្ភកើនឡើងលើការរំខានដល់ការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។
គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ បានឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ចាប់តាំងពីផ្ទុះសង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ នាំឱ្យច្រកសមុទ្រ Hormuz ស្ទើរតែត្រូវបានបិទខ្ទប់ទាំងស្រុង។ ហ្វីលីពីន ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ ទើបទទួលបានប្រេងឆៅដែលទិញពីរុស្ស៉ីជិត ២.៥លានបារ៉ែល កាលពីថ្ងៃចន្ទ។ វិបត្តិនេះភាគច្រើនត្រូវបានជំរុញដោយអស្ថិរភាពនៅក្នុងផ្លូវប្រេងសំខាន់ៗទូទាំងពិភពលោក ជាពិសេសនៅមជ្ឈិមបូព៌ា ដែលបានប៉ះពាល់ដល់ការដឹកជញ្ជូនទៅកាន់សេដ្ឋកិច្ចដែលពឹងផ្អែកលើថាមពលនៅអាស៊ីអាគ្នេយ៍។.jpg)
ដោយឡែក ទាក់ទងនឹងការផ្តល់ជូនរបស់ទីក្រុងមូស្គូដូចខាងលើនេះ អ្នកវិភាគយល់ថា វាបានឆ្លុះបញ្ចាំងទាំងផលប្រយោជន៍មនុស្សធម៌ និងយុទ្ធសាស្ត្រ ខណៈដែលរុស្ស៊ីស្វែងរកការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ។ តែតោះជាយ៉ាងណាក៏ដោយ ការផ្តល់ជូននេះអាចផ្តល់នូវការការពារបណ្តោះអាសន្នប្រឆាំងនឹងកង្វះខាតការផ្គត់ផ្គង់ និងការប្រែប្រួលតម្លៃសម្រាប់ប្រទេសមួយចំនួន ដែលភាគច្រើនពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈនាំចូល៕










