ឌីជេ ក្តិប និងអ្នកនាង ខាត់ សុឃីម បានបញ្ចេញស្នាដៃជាមួយគ្នាសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងចង្វាក់រាំវង់ដោយមិនមានការបញ្ចូលការរ៉េបឡើយ។ ជាមួយនឹងស្នាដៃនេះ ឌីជេ ក្តិប បានបង្ហាញអារម្មណ៍រំភើបចិត្តពីព្រោះបានចេញស្នាដៃថ្មីទៅតាមសមត្ថភាពទឹកលុយរបស់ខ្លួន។
«រាំវង់ខេមរា» គឺជាបទរបស់ ឌីជេ ក្តិប និងអ្នកនាង ខាត់ សុឃីម ដែលទម្លាក់នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ជាមួយនឹងបទប្រភេទចង្វាក់រាំវង់នេះ ឌីជេ ក្តិប បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា MV របស់លោកគឺធ្វើទៅតាមលទ្ធភាពមានលុយប៉ុណ្ណាលោកធ្វើប៉ុណ្ណឹង។ ជាមួយគ្នានេះ ឌីជេ ក្តិប បានថ្លែងអំណរគុណដល់អ្នកនាង ខាត់ សុឃីម សម្រាប់ការចូលរួមលើកនេះ។
ក្រោយចេញផ្សាយ «រាំវង់ខេមរា» មតិអ្នកលេងបណ្តាញសង្គមបានបង្ហាញការខម្មិនក្នុងន័យវិជ្ជមានសម្រាប់ស្នាដៃថ្មីនេះជាពិសេសបានពោលសរសើរត្រង់ចំណុចមួយថាគឺជាបទដែលរាំវង់ចំមិនលាយឡូកឡំនឹងចង្វាក់ផ្សេងឡើយ។ ក្រៅពីបទនេះ ឌីជេ ក្តិប ក៏មានស្នាដៃមួយទៀតដែលមិនទាន់បញ្ចេញផងដែរ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងហើយសម្រាប់ ឌីជេ ក្តិប ក្នុងការទម្លាក់បទថ្មីបន្ទាប់ពីខកខានចេញបទចម្រៀងយ៉ាងយូរនៅក្នុងអាជីពសិល្បៈរបស់ខ្លួន។ នាពេលកន្លងមកស្នាដៃនិពន្ធរបស់ ឌីជេ ក្តិប សម្រាប់ការផលិតបទចម្រៀងចូលឆ្នាំខ្មែរទទួលបាននូវការគាំទ្រយ៉ាងខ្លាំងជាក់ស្តែងដូចជាបទ «រាំអ៊ីចេះ» ពីតារាចម្រៀង ឱក សុគន្ធកញ្ញា និងឧកញ៉ា ព្រាប សុវត្ថិ ជាដើម។ បន្ទាប់ពីវិលចូលអាជីពសិល្បៈវិញ ឌីជេ ក្តិប បានក្តោបឱកាសធ្វើជា គណៈកម្មការមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប៕










