អ្នកចម្រៀងរ៉េបចំណូលថ្មី Ranngo បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនប្រហែលជាដើរចេញពីវិថីសិល្បៈដោយមានបំណងរស់នៅក្នុងជីវិតសាមញ្ញវិញ។ មូលហេតុនៃការចង់ចាកចេញនេះ Ranngo បង្ហើបថារូបគេហត់នឿយ។
វេលាម៉ោងជិត២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា តារាចម្រៀង Ranngo ជើងខ្លាំងក្នុងកម្មវិធី Rapper Fighter រដូវកាលទី១ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «សូមទោសដែលត្រូវនិយាយពាក្យនេះ… អាជីពអ្នកសិល្បៈរបស់ខ្ញុំប្រហែលជាត្រូវបញ្ចប់ត្រឹមនេះហើយ។ បទដែលចេញមុននេះ គឺជាបទចុងក្រោយដែលបងប្អូនបានឃើញខ្ញុំ។ ខ្ញុំហត់នឿយ ហើយចង់ទៅរស់នៅជីវិតសាមញ្ញវិញ។ អរគុណសម្រាប់ការស្រលាញ់កន្លងមក លាហើយអ្នកទាំងអស់គ្នា… »។

ការប្រកាសរបស់ Ranngo បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ អ្នកនាង កាកា អូស្ត្រាលី បានចូលទៅបញ្ចេញមតិយោបល់លើកទឹកចិត្តតារារ៉េបរូបនេះថា «ជឿបងទៅអាប្អូនជីវិតឯងនៅក្មេងប៉ុណ្ណឹងឯងមិនទាន់បានរស់ទេ ប្អូនត្រូវតែស៊ូហើយចាំមើលបន្តិចទៀតពេលប្អូនយំចេញទឹកភ្នែកខ្លាំងដោយឯងៗ។អាហ្នឹងហើយដែលគេហៅរស់»។ ទោះយ៉ាងណា អ្នកគាំទ្រខ្លះបានបង្ហាញថាសម្តីរបស់ Ranngo អាចគ្រាន់តែការនិយាយលេងសើចប៉ុណ្ណោះពីព្រោះថ្ងៃទី១ មេសា ត្រូវបានមនុស្សមួយចំនួនដឹងថាជាទិវាបុណ្យកុហក(April Fools’ Day)។
គួរឱ្យដឹងថាមុននឹង Ranngo ប្រកាសចង់ចាកចេញពីវិថីសិល្បៈនេះកន្លងមក អូជី ហ្គូលឌិន ដែលជាម្ចាស់ពាននិងជាមិត្តរួមជំនាន់ជាមួយនឹង Ranngo ក៏ប្រកាសនឹងដើរចេញពីវិថីសិល្បៈដូចគ្នាក្រោមហេតុផលថាទទួលបានការរើសអើងនិងការមើលងាយពីអ្នកល្បីឈ្មោះ។ យ៉ាងណាមិញ ប្រកាសដើរចេញមិនទាន់បានប៉ុន្មានផងស្រាប់តែ អូជី ប្រកាសថានឹងបន្តដំណើរលើអាជីពនេះទៀតខណៈអ្នកមួយចំនួនបានបញ្ចេញមតិរិះគន់ដាក់ម្ចាស់ពានរូបនេះ៕










