មកសម្តែងនៅប្រទេសកម្ពុជាបានម្តង TREASURE កាន់តែជាប់ចិត្តនឹងអ្នកគាំទ្រកម្ពុជាជាពិសេសថ្មីៗនេះសមាជិកពីររូបបានបង្ហាញការចូលចិត្តបទ «Pop Out» របស់ N.John សូម្បីតែញុំាបាយក៏ចាក់បទនេះកំដរដែរ។

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបទ «Pop Out» របស់ N.John ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងដោយមានតារា Kpop ល្បីៗជាច្រើនរូបបានរាំ Challenge នៃបទចម្រៀងនេះ។ ជាក់ស្តែងកាលពីកន្លងមកថ្មីៗនេះ Niki នៃសមាជិក Enhypen ក៏ទប់ខ្លួនមិនជាប់បានចេញមករាំបទនេះយ៉ាងភ្ញាក់ផ្អើល។
អ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍បន្ថែមទៀតនៅក្នុង Live នៅលើវេទិកា Weverse របស់ Junghwan សមាជិក TREASURE បានតបនឹងការសំណូមពររបស់អ្នកគាំទ្របានចាក់បទនេះនៅក្នុង Live អំឡុងពេលលោកកំពុងតែញុំាអាហារ។ លើសពីនេះទៀត Junghwan បានរាំតាមចង្វាក់ភ្លេងនិងច្រៀងតិចៗតាមបទនេះមុននឹងរូបគេញុំាបាយទៀតផង។ សកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រក្រុម TREASURE មានការពេញចិត្តយ៉ាងខ្លាំងពីព្រោះកន្លងមកថ្មីៗនេះសមាជិក Haruto ក៏បានចាក់បទ «Pop Out» របស់ N.John ស្តាប់ដូចគ្នា។
ជាមួយនឹងសមាជិកពីររូបរបស់ TREASURE ពេញចិត្តនឹងបទ N.John អ្នកគាំទ្រក៏បានសំណូមពរឱ្យពួកគេទាំងពីរនាក់ទម្លាក់ Challenge បទនេះខណៈពួកគេរំពឹងថាគ្រួសារ YG មានភាពជិតស្និទ្ធនឹងកម្ពុជាច្រើនដូច្នេះការរាំបទនេះមិនជាបញ្ហាចោទឡើយ។ លើសពីនេះទៅទៀត TREASURE ក៏ធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាកាលពីចុងខែកុម្ភៈ ស្របពេលឆ្នាំ២០២២ TREASURE ក៏ធ្លាប់រាំលេងបទខ្មែរផងដែរ។

គួរបញ្ជាក់ផងដែរថាបទ «Pop Out» របស់ N.John គឺជាសមិទ្ធផលដ៏ធំរបស់តារាចម្រៀងរូបនេះបន្ទាប់ពីចាប់អាជីពសិល្បៈនៅសហរដ្ឋអាម៉េរិកដោយមានតារា Kpop ជាច្រើនដួងបានរាំកម្សាន្តបទរបស់លោក។ ក្រៅពីបទនេះ «Sweet Love» ក៏ជាបទជោគជ័យរបស់ N.John ដូចគ្នា៕










