តារាចម្រៀង នាង ដាវីន បានប្រកាសជាសាធារណៈតែម្តងថាកម្មវីធីណាដែលមិនបានផ្តល់ថវិកាគឺលោកមិនបានចូលរួមនោះទេដោយតារាចម្រៀងរូបនេះថាលោកមិនត្រូវការបទពិសោធន៍ទៀតឡើយ។ តារាចម្រៀងរូបនេះថាការធ្វើចម្រៀងគឺត្រូវការចំណាយលុយហើយលោកក៏ត្រូវចិញ្ចឹមគ្រួសារដូចគ្នា។
នៅថ្ងៃទី២៩ ខែមីនា តារាចម្រៀង នាង ដាវីន ម្ចាស់បទ «គេជាអ្នកណា» បានបង្ហោះសំណេរនៅលើហ្វេកប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំអត់ត្រូវការបទពិសោធន៍ទៀតទេ ខ្ញុំត្រូវការលុយ ដើម្បីចិញ្ចឹមគ្រួសារវិស័យនេះបទពិសោធន៍គ្រប់គ្រាន់ហើយ។ ធ្វើចម្រៀងចំណាយលុយទៅធ្វើ ថតMVក៏ចំណាយលុយទៅធ្វើ ទម្រាំចេញចម្រៀងមួយបទប្រើពេលគិតរាប់ខែទម្រាំបានចេញ ចឹងអធ្យាស្រ័យផងបាទ អត់មាន…អត់ទៅទេ»។

តារាចម្រៀងរូបនេះបានបន្ថែមក្នុងខម្មិនទៀតថា ចម្រៀង១បទចំណាយអត់ក្រោម ២០០០ដុល្លារទេដូច្នេះមិនអាចទៅច្រៀង Free ឡើយ។ នាង ដាវីន ក៏សង្កត់ធ្ងន់ទៀតថា ល្មមៗគួរតែបញ្ឈប់ទៅស្ទាយបោកកម្លាំងពលកម្មគេក្នុងវិស័យដ៏សែនកម្សត់នេះ។ សំណេររបស់លោកបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកសិល្បៈមួយចំនួនក្នុងនោះតារាចម្រៀង វណ្ណថាន ក៏បានចែករំលែកបន្តនូវសំណេរខាងលើរបស់ នាង ដាវីន ផងដែរ។
.png)
គួរឱ្យដឹងថា ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់កន្លែងនានបានរៀបចំនិងកំពុងរៀបចំកម្មវិធីសង្ក្រាន្តអមជាមួយនឹងការប្រគំតន្រ្តីឬលេងល្បែងប្រជាប្រិយខ្មែរជាដើម។ ប៉ុន្តែយ៉ាងណា គេមិនដឹងច្បាស់ថាខាងកម្មវិធីមួយណាដែលហៅ នាង ដាវីន ទៅចូលរួមដោយមិនមានកញ្ចប់ថវិកានោះទេ៕










