ពលរដ្ឋថៃបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលអាមេរិកប្រចាំខេត្តឈៀងម៉ៃកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយស្រែកទាមទារឱ្យរដ្ឋាភិបាលអាមេរិកបញ្ចប់សង្គ្រា.មជាមួយអ៊ីរ៉ង់ជាបន្ទាន់ ពីព្រោះបណ្តាលឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ជាពិសេស ថៃ ។ ពេលនេះ ការខ្វះខាតប្រេងឥន្ធនៈ និងឧស្ម័ននៅថៃបានជំរុញឱ្យទំនិញគ្រប់មុខ រួមការធ្វើដំណើរមិនថាផ្លូវគោក ផ្លូវទឹក និងអាកាស ឡើងថ្លៃខ្ពស់ ។

អ្នកចូលរួមតវ៉ាទាមទារឱ្យរដ្ឋាភិបាលអាមេរិកងាកមកចរចាជាមួយអ៊ីរ៉ង់ដោយសន្តិវិធី ដោះស្រាយជម្លោះតាមរយៈការទូត ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសនានាផ្តោតលើការកសាងសន្តិភាព គោរពសិទ្ធិមនុស្ស ។ ពលរដ្ឋថៃចង់បានសន្តិភាពដែរ? ចុះហេតុអ្វីជាមួយប្រទេសជិតខាងវិញ បែរជាជំរុញឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានឱ្យដឹងឈ្នះ-ចាញ់?

សារព័ត៌មានថៃរាយការណ៍ថា នាវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ពលរដ្ឋនៅខេត្តឈៀងម៉ៃ ប្រមាណ១០០នាក់ ព្រមទាំងមានជនជាតិអាមេរិកផងដែរ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទាមទារឱ្យបញ្ចប់សង្គ្រាមនៅខាងមុខស្ថានកុងស៊ុលអាមេរិក ស្ថិតនៅឃុំណងប៉ាក្រាំង ស្រុកមឿងឈៀងម៉ៃ ។ ពួកគេកាន់ស្លាកសញ្ញាសរសេរជាភាសាថៃ និងអង់គ្លេស មិនគាំទ្រសង្គ្រាមនៅមជ្ឈិមបូព៌ាដែលកំពុងកើតឡើងនាពេលនេះ រហូតដល់ប៉ះពាល់សេដ្ឋកិច្ចប្រទេសនានាលើពិភពលោក រួមទាំងថៃ ។
ក្រុមបាតុករស្រែកទាមទារឱ្យអាមេរិកបញ្ឈប់សង្គ្រាមជាបន្ទាន់ និងថា ថៃត្រូវការសន្តិភាព មិនត្រូវការសង្គ្រាម ដោយសារមិនចង់ឃើញការបាត់បង់ និងផលប៉ះពាល់ពេលបញ្ចប់សង្គ្រាម ។ ការធ្វើបាតុកម្ម គឺមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធរៀបចំសណ្តាប់ធ្នាប់កុំឱ្យក្រុមបាតុករប្រើប្រាស់អំពើហិង្សា ហើយសមត្ថកិច្ចមិនអនុញ្ញាតឱ្យក្រុមបាតុករបង្ហាញអាកប្បកិរិយាមិនសមរម្យ រហូតដល់ការធ្វើបាតុកម្មរួចរាល់ ។

តាមការលើកឡើងរបស់ក្រុមបាតុករ គឺក្នុងគោលបំណងឱ្យរដ្ឋាភិបាលអាមេរិកបញ្ចប់សង្គ្រាម ដែលពួកគេចាត់ទុកមិនសមហេតុផល និងឱ្យប្រកាន់គោលការណ៍ប្រជាធិបតេយ្យរបស់អាមេរិកដែលបានអនុវត្តអស់រយៈពេលជាង២៥០ឆ្នាំ ។ សង្គ្រាមធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងអស់លើពិភពលោក រួមទាំងថៃ ប្រសិនបើសង្គ្រាមអូសបន្លាយ ហើយតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់មិនឈប់ឈរ ពិភពលោកនឹងប្រឈមវិបត្តិសេដ្ឋកិច្ចសកល ។ វាបង្កផលវិបាកដល់មនុស្សគ្រប់គ្នាដែលកំពុងមានជីវភាពក្រីក្រ ដូចជា ៖ ពលរដ្ឋថៃកាន់តែលំបាក យើងមិនគាំទ្រសង្គ្រាមទេ ។.jpg)
ពលរដ្ឋថៃអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ឈប់ការវាយប្រហាររបស់ខ្លួនដែលនាំឱ្យបាត់បង់ជីវិតមនុស្ស បញ្ឈប់ការទម្លាក់គ្រាប់បែក បញ្ឈប់អំពើហិង្សា និងល្មើសច្បាប់អន្តរជាតិ ហើយងាកមកចរចាដោយសន្តិវិធី ដោះស្រាយជម្លោះតាមរយៈការទូតវិញ ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសនានាផ្តោតលើការកសាងសន្តិភាព និងគោរពសិទ្ធិមនុស្ស ៕










