កាលពីឆ្នាំមុនបទ «ចាក់ក្រឡេកទយ» ពីតារាចម្រៀង សុគន្ធ និសា និង រ៉ូលីន ផ្ទុះល្បីយ៉ាងខ្លាំងក្នុងចំណោមបទចម្រៀងសម្រាប់រាំកម្សាន្តអបអរចូលឆ្នាំខ្មែរ។ ក្នុងឆ្នាំនេះតារាចម្រៀងទាំងពីររូបបានចាប់ដៃគូជាមួយគ្នាម្តងទៀតត្រៀមចេញបទថ្មី «កាឌិនហយ»។
នៅរសៀលថ្ងៃទី២៦ ខែមករា តារាចម្រៀងឯករាជ្យ សុគន្ធ និសា បានទម្លាក់វីដេអូខ្លីនៃបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា «កាឌិនហយ»។ ចំណងជើងដ៏ប្លែកនិងការសម្តែងរបស់ តារាចម្រៀង សុគន្ធ និសា និង រ៉ូលីន សាជាថ្មីនេះបាននឹងកំពុងទាក់ទាញអារម្មណ៍ទស្សនិកជនភ្លាមៗតែម្តង។ 
អ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ដោយចង់ឱ្យអ្នកនាង សុគន្ធ និសា ទម្លាក់បទនេះឆាប់ៗ អ្នកមួយចំនួនក៏លើកឡើងពីភាពកំប្លែងនៅក្នុងបទនេះ ចំណែកអ្នកមួយចំនួនទៀតក៏ត្រៀមជើងរាំសម្រាប់បទ«កាឌិនហយ» និងមួយផ្នែកទៀតបានលើកឡើងថាបទនេះដឹងតែផ្ទុះទៀតហើយ។ លើសពីនេះទៅទៀត ទស្សនិកជននៅតែសរសើរពីការសហការដ៏ល្អរវាងតារាចម្រៀង សុគន្ធ និសា និង រ៉ូលីន ដែលតែងតែរិះរកអ្វីដែលថ្មីៗសប្បាយៗសម្រាប់មហាជន។
គួរបញ្ជាក់ផងដែរថា កាលពីខែមីនា ឆ្នាំ២០២៥ តារាចម្រៀង សុគន្ធ និសា និង រ៉ូលីន បានចេញផ្សាយបទចម្រៀង «ចាក់ក្រឡេកទយ» និងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារ។ មកទល់នឹងពេលនេះបទនេះមានការស្តាប់ជិត១០លានដងនៅលើឆាណែលយូធូបរបស់តារាចម្រៀង សុគន្ធ និសា ផ្ទាល់។ មុននឹងត្រៀមចេញបទ «កាឌិនហយ» តារាចម្រៀង សុគន្ធ និសា បានចេញផ្សាយបទ «ឍាមរាអើយ» ដែលជាប្រភេទចង្វាក់សម័យ ចាប់គូ៕










